៣ ជំនាញដែលមានសក្តានុពលបំផុត សូម្បីក្រសួងប្រៃសណីយ៍និងមហាសេដ្ឋី Bill Gates ក៏លើកឡើងដូចគ្នា

សព្វថ្ងៃនេះឧស្សាហកម្ម ៤.០ កំពុងក្លាយជាប្រធានបទដែលរដ្ឋាភិបាលប្រទេសផ្សេងៗរួមទាំងកម្ពុជាកំពុងយកចិត្តទុកដាក់ ជាពិសេសជំនាញសំខាន់ចំនួន ៣ ត្រូវបានគេមើលឃើញថាមានសក្តានុពលបំផុត ខណៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក៏ដូចជាមហាសេដ្ឋីបច្ចេកវិទ្យាលោក Bill Gates សុទ្ធតែលើកឡើងស្រដៀងគ្នា ។

មហាសេដ្ឋី Bill Gates ថា បើផ្អែកតាមទិន្នន័យដែលលោកប្រមូលបានពីបទពិសោធន៍ ការអានសៀវភៅ និងព័ត៌មាន លោកអាចសរុបបានថា មនុស្សដែលមានជំនាញ ៣ នេះនឹងមានឱកាសហក់ចូលទីផ្សារការងារនាសម័យបច្ចេកវិទ្យាខ្ពស់បំផុត ក្នុងនោះរួមមាន វិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច ។

លោកបានបញ្ជាក់ទៀតថា ជំនាញទាំងនេះមិនសម្តៅដល់តែអ្នកជំនាញទេ ប៉ុន្តែមនុស្សដែលមានជំនាញមូលដ្ឋានទាក់ទងនឹង វិទ្យាសាស្ត្រ វិស្វកម្ម និងសេដ្ឋកិច្ច នឹងមានតម្រូវការទីផ្សារខ្ពស់ ។

ចំពោះជំនាញវិស្វកម្មដែលមហាសេដ្ឋី Bill Gates បានលើកឡើងនេះ អាចសម្តៅដល់វិស្វកម្មអេឡិចត្រូនិកច្រើនជាង ស្រដៀងគ្នាទៅនឹងអ្វីដែលក្រសួងប្រៃសណីនិងទូរគមនាគមន៍កម្ពុជាបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ កន្លង និស្សិតដែលបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សាជំនាញ ICT មានប្រមាណ ៩% នៃចំនួននិស្សិតសរុប ដែលចំនួនប៉ុននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារកម្ពុជាបាននៅឡើយទេ ។ ចំនួននេះមិនអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងកំឡុងពេលដែលបច្ចេកវិទ្យាកំពុងវិវត្តយ៉ាងឆាប់រហ័ស ហើយធុរកិច្ចជាច្រើនគ្រប់វិស័យមានទាំងវិស័យធនាគារហិរញ្ញវត្ថុ ឧស្សាហកម្ម ពាណិជ្ជកម្ម ការផ្តល់សេវាកម្មនានាកំពុងងាកផ្លាស់ប្តូរទៅបែបឌីជីថល។

ស្រដៀងគ្នានេះ បើតាមវេបសាយ STEM Careers ដែលរៀបចំឡើងដោយស្ថានទូតអង់គ្លេសបញ្ជាក់ថា មុខវិជ្ជា STEM នាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងប្រឈម មុខនឹងកង្វះខាតខ្លាំងនូវអ្នកដែលមានវិជ្ជាជីវៈការងារ STEM នេះ។ សិស្សជាច្រើនសម្រេចមិនជ្រើសរើសយកអាជីព STEM ពីព្រោះពួកគេគិតថា មុខវិជ្ជាទាំងនេះមានការលំបាកខ្លាំង មិនសូវទទួលបានការគោរព ឬពួកគេជឿថា ពួកគេមិនអាចទទួលប្រាក់ខែខ្ពស់។ ប៉ុន្តែប្រទេសកម្ពុជាពិតជាត្រូវការវិស្វករ វេជ្ជបណ្ឌិត អ្នកបង្កើតបណ្តាញនិងអ្នករៀបចំស្ថិតិច្រើននាក់ទៀត ដើម្បីធ្វើការអភិវឌ្ឍន៏ប្រទេស។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES