Facebook គាំងមិនទាន់បានប៉ុន្មានម៉ោងផង Telegram កើនអ្នកប្រើប្រាស់មិនក្រោម៣លាននាក់ទេ

មួយថ្ងៃ​ហើយ ដែលបណ្ដាញសង្គមយក្ស​មានអ្នកប្រើប្រាស់​មិនតិចជាង២ពាន់លាននាក់ Facebook មានបញ្ហារគាំងបើកមិនចេញ និងបញ្ហារមួយចំនួនទៀតពីអ្នកប្រើប្រាស់ពាសពេញពិភពលោក ធ្វើឱ្យអ្នកប្រើប្រាស់ខ្លះរត់រកបណ្ដាញសង្គមផ្សេងទៀត​ដើម្បីទំនាក់ទំនង។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ Telegram បានកើនអ្នកប្រើប្រាស់មិនក្រោម ៣លាននាក់នោះទេក្នុង​រយៈពេលប្រមាណមិនដល់២៤ម៉ោង​ផង នេះបើតាមស្ថាបនិករបស់ Telegram លោក Pavel Durov ដោយចំនួននេះជាកំណើនដ៏ច្រើនសន្ធឹកសន្ធាប់​មិនមែនចេះតែកើននោះទេ។

សម្រាប់ម្ដងនេះបើ Facebook គាំងតែឯងមិនអីនោះទេ តែ​បណ្ដារ Ecosystem របស់ Facebook ក៏មានបញ្ហាគាំង​បើកមិនចេញ ផុស​មិនកើតដូចជា Instagram Whatsapp ជាដើមធ្វើឱ្យអ្នកប្រើប្រាស់បង្ខំចិត្ត​រត់​រកសេវាកម្មផ្ញើរ​សាររហ័សផ្សេងទៀត។

សម្រាប់ស្ថាបនិក Telegram ក៏បានលើកឡើងផងដែរទាក់ទងនឹងការ​កើនចំនួនអ្នកប្រើប្រាស់​នេះ ដោយលោកបានធ្វើការ​បង្ហាញថា ដោយសារតែ App មួយនេះមានលក្ខណៈពិសេស​គោរពភាពឯកជនអ្នកប្រើប្រាស់ជាពិសេស និង អាចផ្ទុកឯកសារមិនមានកំណត់ដោយឥតគិតថ្លៃ។

ទាក់ទងនឹង​រឿង​ភាពឯកជនរបស់អ្នកប្រើប្រាស់នេះផងដែរ លោក Mark Zuckerberg ទើបតែនឹង​ប្រកាសកាលពីពេលថ្មីៗនេះ ថា​ Facebook នឹងបង្វែរចំណាប់អារម្មណ៍របស់ខ្លួនទៅលើ ភាពឯកជនអ្នកប្រើប្រាស់ និង​សុវត្ថិភាពរបស់ពួកគេ ហើយនឹង​បញ្ចូលនូវមុខងារផ្សេងៗមួយចំនួន ដែលមើលទៅទំនងជាដូច WeChat របស់​ចិនដែរ។

មកទល់នឹង​ពេលនេះ មិនទាន់មានការប្រកាសជាផ្លូវការ​យ៉ាងណាពីក្រុមហ៊ុន Facebook ទាក់ទងនឹង​ការ​គាំងពិបាកប្រើប្រាស់នេះដែរ ដោយបើទោះជាឥឡូវនេះក៏ដោយ អ្នកខ្លះអាច​ប្រើបាន ឯអ្នកខ្លះទៀតពុំទាន់អាចប្រើប្រាស់បាន​ដោយស្រួលនោះទេ ឯសារចុងក្រោយដែល Facebook ប្រាប់នោះដឹង​ត្រឹមតែថា គេកំពុង​ខំធ្វើការ​តាមដែលអាចធ្វើទៅបាន។

គូសបញ្ជាក់ផងដែរថា Telegram ជាកម្មវិធីប្រើសម្រាប់ផ្ញើរសារ​រហ័ស មានលក្ខណៈសាមញ្ញងាយស្រួលប្រើប្រាស់ ជាពិសេស​មិនមានផ្ទាំងពាណិជ្ជកម្មរញ៉េរញ៉ៃឡើយ ហើយដោយសារតែ​សុវត្ថិភាពខ្ពស់ មិនអាច​ចូលមើលទិន្នន័យនិងសារអ្នកប្រើប្រាស់បាន ប្រទេស​មួយចំនួនដូចជារុស្ស៊ី និងចិនបានធ្វើការហាមប្រាម​បិទមិនអោយមាន លុះត្រាតែក្រុមហ៊ុនអនុញ្ញាតឱ្យរដ្ឋាភិបាលគេអាចទាញយកទិន្នន័យបាន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES