ស្ថានទូតអ៊ីស្រាអែលបង្ហាងបច្ចេកវិទ្យា ៧ ធ្វើឲ្យទឹកដីស្ងួតហែងក្លាយជាប្រទេសកសិកម្មលេខមួយ

អ៊ីស្រាអែលជាប្រទេសដែលស្ងួតហែង មិនសូវមានទឹកប្រើប៉ុន្មានទេ ប៉ុន្តែប្រទេសនេះត្រូវបានទទួលស្គាល់ថាជាប្រទេសពូកែធ្វើកសិកម្ម មិនត្រឹមតែពូកែក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែអ៊ីស្រាអែលបានចែករំលែកបច្ចេកទេសរបស់ខ្លួនទៅកាន់ពិភពលោកទៀតផង នោះក៏ដោយសារប្រទេសនេះសម្បូរអាជីវកម្មបែបច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីសម្រួលការធ្វើកសិកម្មកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ស្ថានទូតអ៊ីស្រាអែលប្រចាំប្រទេសកម្ពុជាឲ្យដឹងថា ការធ្វើកសិកម្មនៅអ៊ីស្រាអែលមិនមែនជាកិច្ចការងាយស្រួលនោះទេ តែនេះជាបច្ចេកវិទ្យាទាំង៧ ដែលធ្វើឱ្យវិស័យកសិកម្មមានការរីកចំម្រើនលើសពីការរំពឹងទុក។

១-ប្រព័ន្ធសន្សំទឹក

បច្ចេកវិទ្យាមួយនេះត្រូវបានគេស្គាល់ថាជា Drip irrigation System ដោយប្រើប្រាស់ទុយោទឹកដែលបញ្ចេញទឹកតិចៗដោតចូលទៅតំបន់ឬសដំណាំតែម្តងដើម្បីសន្សំទឹកនិងបង្កើនទិន្នផល ។ គំនិតប្រើបច្ចេកវិទ្យាមួយនេះ អ៊ីស្រាអែលបានប្រើជាង ៥០ ឆ្នាំមកហើយ និងត្រូវបានដាក់ឲ្យកសិករនៅប្រទេសផ្សេងៗប្រើប្រាស់ផងដែរ ។

ក្រុមហ៊ុនផ្នែកបច្ចេកវិទ្យាកសិកម្មលើពិភពលោកដូចជា CropX សព្វថ្ងៃនេះអាចធ្វើឲ្យប្រព័ន្ធ Drip irrigation នេះ បង្ហូរទឹកដោយស្វ័យប្រវត្តិទៀតផងតាមរយៈការប្រើសេនស័រវិភាគតម្រូវការទឹករបស់រុក្ខជាតិ ។

២-ច្នៃទឹកឡើងវិញ

ទឹកកខ្វក់នៅអ៊ីស្រាអែល ៨៦% ត្រូវបានច្នៃយកមកប្រើប្រាស់ឡើងវិញ ដែលចំនួនច្រើនជាងគេបំផុតលើពិភពលោក ។ ដោយសារខ្វះខាតទឹក អ៊ីស្រាអែលបានបង្កើតរោងចក្រច្នៃទឹកធំតាមរយៈការចម្រោះទឹកយកមេរោគចេញ រហូតដល់កា្លយជាទឹកអាចផឹកបាន ។

៣-បង្ហោះដ្រូនមើលស្ថានភាពដំណាំ

Taranis ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្មដែលបានប្រើដ្រូនបំពាក់ឧបករណ៍ឆ្លាតវៃថតយកស្ថានភាពដំណាំ ដែលកំពុងប្រើប្រាស់នៅអ៊ីស្រាអែល ។ ដ្រូនមួយនេះអាចថតយករូបភាពក្នុងកម្រិតភាពច្បាស់ខ្លាំង រហូតដល់ ០.៥ មីលីម៉ែត្រក្នុងមួយភិចស៊ែល មានន័យថា សូម្បីតែសត្វល្អិតតូចៗក៏វាអាចថតជាប់ច្បាស់និងប្រមូលយកទិន្នន័យ មកវិភាគនៅក្នុងកុំព្យូទ័រ ដូចនេះគេអាចបាញថ្នាំសម្លាប់សត្វល្អិតតែកន្លែងណាដែលដ្រូនចាប់បានប៉ុណ្ណោះ មិនចាំបាច់បាញ់ថ្នាំពេញចម្ការទាំងមូល ។

៤-ប្រើឃ្មុំសម្លាប់សត្វល្អិត

បច្ចេកទេសមួយនេះត្រូវបានគេហៅថា Biopesticides និយាយឲ្យស្រួលស្តាប់ វាជាការទាញប្រយោជន៍ធម្មជាតិមកប្រើ ដូចជាប្រើសត្វ ដំណាំ និងបាក់តេរី មកលាយជាមួយវត្ថុធាតុដើមផ្សេងទៀតដើម្បីសម្លាប់សត្វល្អិត ។

នៅអ៊ីស្រាអែលគេបានប្រើឃ្មុំដើម្បីសម្លាប់សត្វល្អិតជំនួសការប្រើថ្នាំគីមី ជាលទ្ធផលគេអាចកាត់បន្ថយការប្រើថ្នាំបាញ់សត្វល្អិតដល់ទៅ ៧០% ។

៥-ប្រើជីកែច្នៃ

ជំនួសឲ្យការប្រើជីគីមី អ៊ីស្រាអែលបានប្តូរមកប្រើជីកែច្នៃពីពពួកមីក្រុបតូចៗវិញ ដែលពាក្យបច្ចេកទេសគេហៅថា Biofertilizers ។

Biofertilizers ជួយបង្កើនសារធាតុចិញ្ចឹមទៅក្នុងឬសរុក្ខជាតិដោយផ្ទាល់ ក្នុងនោះមាន Biofertilizers ៣ ប្រភេទ ប៉ុន្តែអ៊ីស្រាអែលកំពុងប្រើប្រភេទ Fungi ។ បច្ចេកទេសមួយនេះជាការប្រើប្រាស់ផ្សិតឲ្យស្រូបយកស្ពាន់ធ័រពីដី និងផ្គត់ផ្អង់ទៅកាន់ឬសដំណាំ ។

៦-រ៉ូបូត

រ៉បូតដែលគេប្រើសព្វថ្ងៃនេះត្រូវបានគេហៅថា FFRobotics ដែលមានសមត្ថភាពអាចបះផ្លែឈើស្វ័យប្រវត្តិ និងរៀបចំវាឲ្យមានសណ្តាប់ធ្នាប់ស្រាប់តែម្តង ។

៧-សេនស័រ

សេរស័រត្រូវបានប្រើយ៉ាងពេញនិយម មានច្រើនប្រភេទដូចជាសេនស័រដាក់ក្នុងដីដើម្បីវាស់កម្រិតទឹក សេនស័រដោតជាប់ដើមឈើជាដើម ។ គេប្រើប្រាស់សេនស័រ និងទិន្នន័យ Big Data ដើម្បីវិភាគពីកម្រិតសារធាតុចិញ្ចឹមដែលរុក្ខជាតិត្រូវការពិតប្រាកដ និងផ្តល់បរិមាណទឹកដែលសមស្រប ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES