ចោលការងារប្រាក់ខែពាន់ដុល្លារមកចាប់មុខរបរដែលចំណេញតិចតួច ព្រោះចង់ឲ្យខ្មែរមានរបស់ប្រើក្នុងស្រុក

លោក មាស​ ស៊ីណាល ដែលជាស្ថាបនិកផ្លេតហ្វមកក់សណ្ឋាគាររបស់ខ្មែរឈ្មោះថា Bayonia លើកឡើងថា លោកបានបោះបង់ការងារផ្នែក IT ដែលបានប្រាក់ខែមួយពាន់ដុល្លារជាង មកចាប់ផ្តើមអាជីវកម្មថ្មីថ្មោងមួយនេះព្រោះលោកចង់ឲ្យខ្មែរមានផ្លេតហ្វមក្នុងស្រុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ។

លោក​ ស៊ីណាល់ ប្រាប់​ Business Cambodia ថា ក្រោយពីឆ្លងកាត់បទពិសោធន៍ជាអ្នក IT ច្រើនឆ្នាំគួរសមដែរ លោកបានសម្រេចចិត្តបោះចោលប្រាក់ខែពាន់ដុល្លារ មកចាប់ផ្តើមគម្រោងផ្លេតហ្វម Bayonia នេះនៅពាក់កណ្តាលឆ្នាំ ២០១៦ ហើយគិតមកដល់ពេលនេះអាជីវកម្មនេះមិនទាន់អាចទាញផលចំណេញច្រើននៅឡើយទេ ពោលគឺរកចំណូលតក់ៗប៉ុណ្ណោះ ប៉ុន្តែស្ថាបនិក Boyonia ថា ទោះបីជាយ៉ាងណាក៏លោកមិនបោះបង់មុខរបរនេះដែរ ។

Bayonia ត្រូវបានបង្កើតឡើងដោយសារស្ថាបនិកចង់ជួយសម្រួលប្រជាជនខ្មែរដែលតែងតែពិបាករកកន្លែងស្នាក់នៅ នារដូវបុណ្យទានផ្សេងៗ ជាពិសេសចង់សម្រួលរឿងតម្លៃផងដែរ ។ លោក ស៊ីណាល់ ឲ្យដឹងថា មុនពេលបង្កើត Bayonia មិត្តភក្តិ បងប្អូនសាច់ញាតិដែលមកលេងសៀមរាបតែងតែពឹងឲ្យជួយរកសណ្ឋាគារ ដោយសារនៅសៀមរាបពិបាករកកន្លែងសម្រាក ដូចច្នោះហើយលោកសម្រេចចិត្តថាបង្កើតផ្លេតហ្វមនេះតែម្តង ។

ចាប់ផ្តើមដំបូងមានតែគ្នា ២-៣ នាក់ប៉ុណ្ណោះ ជាមួយនឹងដើមទុនតិចតួច ក្រៅពីនេះ ការងារគ្រប់យ៉ាងត្រូវធ្វើដោយដៃខ្លួនឯងទាំងអស់ ជាពិសេសផ្លេតហ្វមនេះក្រុមហ៊ុនការងារ Bayonia បានអភិវឌ្ឍន៍ដោយសខ្លួនឯងទាំងស្រុង ។

ស្ថាបនិក Bayonia ថា អាជីវកម្មមួយនេះនៅពិបាករកទីផ្សារនៅឡើយ ជារឿងថ្មីសម្រាប់អ្នកប្រើប្រាស់ អ្នកខ្លះមិនទាន់ចេះកក់សណ្ឋាគារអនឡាញនៅឡើយ ចំណែកខាងដៃគូសណ្ឋាគារក៏ជារឿងថ្មី ព្រោះគេមិនទាន់ទុកចិត្តផ្លេតហ្វមមួយនេះ ។

លោក ស៊ីណាល់ ថា បើយើងមើលប្រទេសផ្សេងៗដូចជាថៃ ម៉ាឡេស៊ី គេសុទ្ធតែមានផ្លេតហ្វមក្នុងស្រុកសម្រាប់ប្រើប្រាស់ បើទោះបីជាមានផ្លេតហ្វមលំដាប់អន្តរជាតិកំពុងក្តោបក្តាប់ទីផ្សារក៏ដោយ ។ លោកក៏ចង់ឲ្យស្រុកខ្មែរមានផ្លេតហ្វមជាភាសាខ្មែរ សម្រាប់ប្រជាជនខ្មែរដែរ ជាពិសេសផ្លេតហ្វមនេះនឹងជួយលើកកម្ពស់វិស័យទេសចរណ៍ក្នុងស្រុកផងដែរ ។

គួរបញ្ជាក់ថា Bayonia ជាអាជីវកម្មផ្តល់សេវាកម្មកក់សណ្ឋាគារទូទាំងប្រទេសកម្ពុជា ផ្តោតសំខាន់លើការស្វែងរកកន្លែងស្នាក់នៅជាលក្ខណៈគ្រួសារ​ បើគិតមកដល់សព្វថ្ងៃនេះ Bayonia អាចរកប្រាក់ចំណូលបានតិចតួចពីកម្រៃជើងសារពេលគេកក់សណ្ឋាគារអនឡាញ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES