មេ Facebook ស្ដាយក្រោយព្រោះមិនបានទទួលយកគំនិតមួយនេះ ពីអ្នកកាសែតមួយរូប

កាលពីថ្ងៃ​សុក្រសប្ដាហ៍មុន លោក Mark Zuckerberg ដែលគ្រប់គ្នាស្គាល់ថាជាស្ថាបនិករបស់បណ្ដាញសង្គម Facebook នោះបានធ្វើការ​សរសេរឆ្លើយតប​នឹង​អ្នកកាសែត​ល្បីឈ្មោះមួយរូបឈ្មោះថា Jessica E. Lessin ថាខ្លួនស្ដាយក្រោយដែលមិនបានស្ដាប់ពីគំនិត​របស់លោកស្រី Jessica និង មិនអើពើចំពោះ WeChat កាលពីមុន។

កាលពី៤ឆ្នាំមុន លោកស្រី Jessica បានសរសេរអត្ថបទ​មួយ​ក្រោមចំណង​ជើងធំៗថា Facebook គួរតែ​រៀន​ពី WeChat ប៉ុន្តែ​ Mark Zuckerberg ពុំបានអើពើនឹង​ WeChat អ្វីបន្តិច​ឡើយ​ ទាល់តែមានលេចឮរឿង​អាស្រូវ​រហូត​ត្រូវ​កោះហៅនៅសភាសហរដ្ឋអាមេរិក។ នៅក្នុងអត្ថបទកាលពីប៤ឆ្នាមុនោះ លោកស្រីបានធ្វើការសរសេរសាទរថាការឈានជើង​របស់ Facebook បង្កើត Messenger ប៉ុន្តែ​វានឹង​កាន់តែ​ប្រសើរ​បើ​ក្រុមហ៊ុន Facebook ចូលទៅកាន់ការការចែករម្លែកទិន្នន័យ និង ការទូរទាត់​ប្រាក់ស្រដៀងនឹង WeChat ដែរនោះ។

ថ្មីៗនេះ Facebook ទើបតែប្រកាស​ធ្វើកំណែរទម្រង់ថ្មីមួយ ដោយគ្រោ​ង​ផ្លាស់ប្ដូរផ្លេតហ្វមរបស់ខ្លួន ឱ្យផ្ដោត​លើភាពឯកជនអ្នកប្រើប្រាស់​ខ្លាំង​ជាងមុន ក្រោយមានផ្ទុះរឿង​អាស្រូវ​ច្រើនលើកមក។ Facebook នឹង​ធ្វើការអភិវឌ្ឍថ្មីផ្ដោត​ទៅលើប្រព័ន្ធ​ផ្ញើរសារឯកជនទៅវិញទៅមកដែលមានសុវត្ថិភាពជាងមុន ជាមួយគ្នានេះដែរក៏នឹង​សម្រួល​វិធីទំនាក់ទំនង​ច្រើនបែប​ឱ្យកាន់តែប្រសើរ គោរព​ភាពឯកជនរបស់អ្នកប្រើប្រាស់។

បើតាម​ អត្ថបទ​ប្រមាណជា​៣០០០ពាក្យរបស់ Mark បានបង្ហោះកាលពីសប្ដាហ៍មុននោះ ស្ដាប់ទៅផ្លេត​ហ្វមថ្មីនោះហាក់មិនខុស​អ្វីពី WeChat របស់ក្រុមហ៊ុនបច្ចេកវិទ្យា​យក្សចិន Tencent នោះទេ ដោយសព្វថ្ងៃនេះ WeChat មានអ្នកប្រើប្រាស់​មិនក្រោម​១ពាន់លាននាក់រួចទៅហើយ។ WeChat ធ្វើការ​ប្រមូលផ្ដុំនូវសេវាកម្មគ្រប់ប្រភេទក្រៅតែពីការផ្ញើរ​សារទៅវិញទៅមកនោះ។

នៅលើ WeChat អ្នកប្រើប្រាស់​អាច​ធ្វើសព្វបែបយ៉ាង​តាំងពីការ​ទូរទាត់​សាច់ប្រាក់តាមស្មាតហ្វូន ហៅតាក់ស៊ី ហៅម្ហូបញាំ​ បង់វិក្ក័យបត្រ​ភ្លើង​ រហូត​ដល់ ប្រូក្រាមក៏ដូចជាហ្គេមតូច​ៗ​មាននៅលើនោះ ដែលបានទាក់ចិត្ត​ប្រជាជនចិន​ស្ទើរតែគ្រប់គ្នា​ឱ្យប្រើប្រាស់​សេវាកម្មរបស់ខ្លួន ហើយអាជីវកម្មបង្កើត​ថ្មី​ផ្សេងទៀត​នៅចិនក៏រស់​បាននិងរីកចម្រើនបានមួយភាគធំ​ក៏ដោយសារ​ WeChat ដែរដូចជា វេបសាយទិញទំនិញ JD.com សេវាកម្មដឹកជញ្ចូនម្ហូបអាហារ​តម្លៃ​ខ្ទង់​៥៥ពាន់លានដុល្លារ​ Meitun Dianping។

ជាមួយគ្នានេះផងដែរ ក៏មានលេចឮដំណឹង​ផងដែរទាក់ទង​នឹង​ការបង្កើត​លុយឌីជីថលរបស់ Facebook ខណៈពេលដែលខ្លួនហាមមិនឱ្យលុយឌីជីថលផ្សេងដំណើរ​ការលើផ្លេត​ហ្វមរបស់ខ្លួន ហើយគម្រោង​លុយឌីជីថលនេះ គេយល់ថា Facebook មិនយូរទេនឹង​ប្រកាស​ពីសេវាកម្ម​ទូរទាត់សាច់ប្រាក់​មិនខានទេ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES