៥ ទៅ ១០ ឆ្នាំខាងមុខ ប្រជាជនកម្ពុជាប្រហែលលែងពិបាករត់ឯកសារទៀតហើយ កាន់តែស្មាតហ្វូនមួយមានមួយចប់

ឆ្នាំ ២០១៩ នេះរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធកំពុងដុតដៃដុតជើងរៀបចំផ្លូវទៅកាន់សេដ្ឋកិច្ចឌីជីថល ធ្វើយ៉ាងឲ្យកម្ពុជាក្លាយជាប្រទេសដែលមានសន្ទុះសេដ្ឋកិច្ចដឹកមុខដោយបច្ចេកវិទ្យា ជាពិសេសការគ្រប់គ្រងរដ្ឋកម្ពុជានឹងត្រូវធ្វើឡើងតាមបែបឌីជីថល មានន័យថាប្រជាជនកម្ពុជាអាចប្រើស្មាតហ្វូន និងអ៊ីនធឺណេតដើម្បីសម្រួលជីវភាពរស់នៅប្រចាំថ្ងៃ ។

កម្ពុជាអាចនឹងចំណាយពេល ៥ ឆ្នាំដើម្បីរៀបចំមូលដ្ឋានសេដ្ឋកិច្ចឌីជីថលគ្រប់ជ្រុងជ្រោយ ឬដើម្បីត្រៀមខ្លួនរួចរាល់ក្នុងផ្នែកឌីជីថល ក្នុងនោះកម្ពុជាត្រូវកាលពេល ១០ ឆ្នាំឬច្រើនជាងនេះដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលពេញលេញមួយ និងប្រែក្លាយជាសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជាសេដ្ឋកិច្ចដែលមានកំណើនដឹកមុខដោយវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យា នេះបើតាមសន្ទរកថារបស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “គោលនយោបាយនិងទិសដៅសេដ្ឋកិច្ចឌីជីថលកម្ពុជា” កាលពីថ្ងៃ ១២ ខែមិនា ឆ្នាំ ២០១៩ នេះ ។

ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា មុនឈានចូលដល់សេដ្ឋកិច្ចឌីជីថល កម្ពុជាត្រូវតែមានរដ្ឋាភិបាលឌីជីថល ឬ e-Government ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានប្រើបច្ចេកវិទ្យាដើម្បីគ្របគ្រងហិរញ្ញវត្ថុសារធាណៈក្នុងផ្នែកពន្ធដារ ដោយក្រសួងបានប្តូរទៅគ្រប់គ្រងនិងផ្តល់សេវាអ្នកជាប់ពន្ធតាមបែបឌីជីថល ។

ជាឧទាហរណ៍ផ្សេងទៀត ក្រសួងសាធារណៈនិងដឹកជញ្ជូនការជាផ្នែកមួយដែលកំពុងអនុវត្តន៍រដ្ឋាភិបាលឌីជីថលផងដែរ ។ អ្នកអាចថតផ្លូវដែលខូចផ្ញើឲ្យអ្នកជំនាញក្រសួងចុះមកជួសជុលទាន់ពេលវេលាតាមរយៈ App អ្នកអាចប្រឡងទ្រឹស្តីបើកបរតាមអនឡាញ ចុះបញ្ជីយានយន្តអនឡាញ និងកុម្ម៉ងធ្វើផ្លាកលេខយានយន្តតាមអនឡាញក៏បាន ។

តាមអះអាងក្នុងសន្ទរកថាដដែលនេះ បញ្ជាក់ថា ក្របខ័ណ្ឌច្បាប់ និងបទបញ្ញត្តិនានាចាំបាច់ត្រូវរៀបចំតាមបែបឌីជីថល ជាពិសេសធ្វើបច្ចុប្បន្នភាពលើគោលនយាបាយពន្ធ គោលនយោបាយការងារ បទបញ្ញតិស្តីពីការទទួលស្គាល់ហត្ថលេខា អត្តសញ្ញាណកម្ម កិច្ចសន្យា និងប្រតិបត្តិការនានាតាមបែបឌីជីថល ។

បើតាមគម្រោងខាងលើនេះ យើងអាចនិយាយបានថា ការងារមួយផ្នែកធំនិងត្រូវធ្វើលើអនឡាញ មិនបាច់ឲ្យអ្នករត់ឯកសារចុះឡើងនាំតែខាតពេលនិងស្មុគស្មាញដូចសព្វថ្ងៃនេះទេ ហើយពេលនោះព័ត៌មានគ្រប់យ៉ាងនឹងហោះលើអ៊ីនធឺណេត ។

ទាក់ទងនឹងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ក្រសួងបញ្ជាក់ថា កម្ពុជានឹងកសាងមូលដ្ឋានគ្រឹះពីរចាំបាច់ដើម្បីសេដ្ឋកិច្ចឌីជីថលដំណើរការល្អ គឺប្រព័ន្ធដឹកជញ្ជូន (Logistics) បញ្ញើររហ័ស និងការទូទាត់លុយអនឡាញ ។ បើនិយាយឲ្យស្រួលស្តាប់មានន័យថា ប្រព័ន្ធពីរនេះនឹងចូលរួមជួយឲ្យអ្នកអាចទិញទំនិញអនឡាញដូចវេបសាយ Alibaba ឬ Amazon ហើយចាំឲ្យគេដឹកមកដល់ផ្ទះ ដោយមិនបាច់ពិបាកទាក់ទងកុម្ម៉ងអ្នកលក់ដូចគេលក់លើ Facebook សព្វថ្ងៃនេះទេ ។

មានគម្រូសេដ្ឋកិច្ចនិងរដ្ឋាភិបាលឌីជីថលស្រាប់ពីប្រទេសឌីជីថលលេខមួយលើពិភពលោកដែលអ្នកអាចរៀនសូត្របាន គឺអ៊ីស្តូនៀដែលគ្រប់បែបយ៉ាងនៃប្រទេសនេះសុទ្ធតែភ្ជាប់ជាមួយឌីជីថល រួមមានសេវាកម្មបោះឆ្នោតអនឡាញ (i-Voting), សេវាពន្ធអនឡាញ (e-Tax Board), អាជីវកម្មឌីជីថល (e-Business),ធនាគារអេឡិចត្រូនិក (e-Banking), សំបុត្រអនឡាញ (e-Ticket), សាលារៀនអនឡាញ (e-School), ថ្នាក់សកលវិទ្យាល័យតាមអ៊ីនធឺណេត (University via internet)និង សេវារដ្ឋាភិបាលអេឡិចត្រូនិក (e-Governance) ។

គួរបញ្ជាក់ថា គ្រប់វិស័យនៅប្រទេសកម្ពុជានឹងវិវត្តន៍ទៅជាបែបឌីជីថលទាំងអស់ រាប់ទាំងវិស័យអប់រំ សុខាភិបាល កសិកម្ម ធារាសាស្ត្រ អន្តោប្រវេសន្ត៍ និងទេសចរណ៍ ។ ល។ ដែលកំពុងស្ថិតក្នុងដំណាក់កាលអនុវត្តន៍ឬកំពុងរៀបចំ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES