អ្វីទៅជាម៉ូដែលអាជីវកម្ម សម្រាប់ហ្រ្វេនឆាយ?

ម៉ូដែលអាជីវកម្ម  គឺជាប្រព័ន្ធប្រតិបត្តិការណ៍ នៃការផ្តល់ជូនសេវាកម្ម ឬផ្តល់ជូនផលិតផល ឧបមារថា របៀបផ្តល់សេវាកម្មរបស់យក្សា បោកអ៊ុត របៀបលក់របស់កាហ្វេស្តាបាកជាដើម ដែលទោះបីជាមិនអាចនិយាយថា អាជីវកម្មដូចគ្នាចម្លងពីយីហោចាស់វស្សាទាំងនេះក៏ដោយ ក៏មើលតាមជាក់ស្តែងទៅពិតណាស់របៀបផ្តល់សេវាកម្មនៃយីហោអាជីវកម្មភាគច្រើនគឺមានទំនោរទៅតាម យីហោទាំងនេះ ឬក៏យីហោខ្លះនៅប្រើក្បួនចាស់ៗនៅឡើយ ដែលរឹតតែមិនអាចប្រកួតប្រជែងទៅនឹងរបៀបថ្មីនៃការលក់របស់យីហោល្បីៗទាំងនេះទៅទៀត។

តើអ្វីទៅជាម៉ូដែលអាជីវកម្មរបស់យក្សាបោកអ៊ុត? យក្សាបោកអ៊ុតមានរបៀបផ្តល់សេវាកម្មមុនគេក្នុងវិស័យបោកអ៊ុត មិនមែនបើកបោកអ៊ុតមុនគេនៅស្រុកខ្មែរទេ ព្រោះយីហោនេះកើតឡើងនៅឆ្នាំ២០០៦ប៉ុណ្ណោះ ហើយយក្សាក៏ទើបនឹងបំបែកចេញមកនៅឆ្នាំ២០១៥នេះដែរ គ្រាន់តែថាកំណើតម៉ូដែលបោកអ៊ុតបើតាមលោកហេម៉ា ស្ថាបនិកបោកអ៊ុតទំនើប និងយក្សាបោកអ៊ុតបានប្រាប់ខ្ញុំ គាត់បានចងក្រងវាឡើងនៅឆ្នាំ២០០៩ ក្រោយពេលគាត់បិទរបររកស៊ីចោលអស់ ដោយនៅជាមួយបោកអ៊ុតតែមួយមុខគត់។

គាត់បន្តថា នៅពេលនោះ គាត់បានបង្កើតគំនិតច្នៃប្រឌិតជាច្រើនទៅលើយីហោបោកអ៊ុតទំនើប ដោយមានរូបសូម៉ូជប៉ុនជារូបតំណាង។ និយាយពីក្នុងហាងវិញ ស្ថាបនិករូបនេះបន្តប្រាប់ខ្ញុំថា ដំបូងគាត់ទិញម៉ាស៊ីបោកគក់មកតម្រៀបឲ្យមើលឃើញច្រើនសិន ទោះបីជាពេលនោះនៅមានមនុស្សតិចណាស់ចេះប្រើម៉ាស៊ីនបោកគក់ ហើយគាត់ក៏បោកគក់ដោយដៃដូចគេឯងដែរ ប៉ុន្តែក្រៅពីមានម៉ាស៊ីនហើយ គាត់បានច្នៃប្រឌិតលើវិធីសាស្រ្តចំណាំខោអាវ ធ្វើយ៉ាងម៉េចកុំឲ្យច្រលំគ្នា ដោយមិនបាច់ឲ្យខ្ញុំបកស្រាយទេថា ធ្វើយ៉ាងម៉េចទើបអ្នកបោកគក់គាត់អាចចំណាំបានងាយ និងមិនធ្វើឲ្យច្រលំខោអាវរបស់អតិថិជន។

នៅក្នុងចំណុចនេះដដែល ពេលជិះកាត់ម្តងៗលោកអ្នកប្រាកដជាឃើញហើយស្លាកធំៗរបស់បោកអ៊ុតទំនើប និងយក្សា ពីការកំណត់តម្លៃ ពេលវេលា និងប្រភេទនៃការបោកគក់ ស្តង់ដារតម្លៃ និងវិធីសាស្រ្តសម្រាប់សម្អាតនេះហើយជាចំណុចពិសេសមួយទៀត ដែលគ្មាននរណាធ្វើបានមុនគាត់នោះទេ។ ពីមុនមកខ្មែរយើងគ្មានទម្លាប់លក់ដោយបិទតម្លៃទេ អ្នករកស៊ីខ្លះសូម្បីផលិតផលក៏មិនតាំងឲ្យគេឃើញផង ឬនិយាយមួយបែបទៀត ទុកកាត់ថ្លៃចំណេញពីលើតម្លៃធម្មតានោះឯង ដែលចំណុចអវិជ្ជមានមួយនេះជាកត្តាមួយជម្រុញឲ្យបោកអ៊ុតទំនើបល្បី និងមានអ្នកគាំទ្រច្រើនព្រោះកក់ក្តៅចិត្ត ជាមួយស្លាកតម្លៃធំៗនោះឯង។

រឿងមួយទៀត បោកអ៊ុតទំនើបជាយីហោមុនគេដែលមានបុគ្គលិក ដែលពីមុននឹងមានយីហោនេះ ស្ទើរតែគ្មានអ្នកគិតបន្តិចសោះឡើយថា របររកស៊ីលក្ខណៈគ្រួសារនេះអាចមានលទ្ធភាពទៅជួលបុគ្គលិកបានច្រើននាក់ទៅរួច និងអាចពង្រីកសាខាច្រើនដោយមានម្ចាស់តែមួយទៀតផង។ ថាទៅមើល តើ១០ឆ្នាំមុនមាននរណាខ្លះដែលស្រមៃធ្វើរឿងអស់ទាំងនេះដែរ ឬទេ ពិតណាស់ទំនងជាមានតិចតួចបំផុតដែលមានអ្នកបានគិតដល់ចំណុចទាំងនេះ។

[……..]

នេះជាការដកស្រង់ពីចំណុចមួយចំនួននៅក្នុងសៀវភៅ “ហ្រ្វេនឆាយ” ដែលមានចំណុចបន្តជាច្រើនទៀត សម្រាប់លើកជាឧទាហរណ៍ សម្រាប់ការបង្កើតម៉ូដែលអាជីវកម្មដោយខ្លួនឯង។

 

អត្ថបទដោយ៖ Noun Vannak

អ្នកនិពន្ធសៀវភៅ ហ្វ្រេនឆាយ ចេញលក់ឆាប់ៗ……

RELATED ARTICLES