សហគ្រាសធនតូច និងមធ្យម បើចង់មានដង្ហើបដកបន្ត ត្រូវតែវិវត្តន៍ខ្លួនទៅរក Digital

សហគ្រាសធនតូច និងមធម្យម (SME) ដល់ពេលដែលត្រូវវិវត្តន៍ខ្លួនទៅរក Digital ហើយ បើមិនដូច្នោះទេ មិនអាចដើរទាន់សម័យកាលបានឡើយ ព្រោះពិភពលោកគេបានកាត់ចោលអស់ហើយនៅឈ្មួញកណ្តាល ពោលគឺអ្នកផលិតជាមួយនឹងអ្នកទិញ អាចធ្វើការទំនាក់ទំនងជាមួយគ្នាដោយផ្ទាល់បា​នតែម្តង។ នេះបើតាមការបញ្ជាក់របស់លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម នៅក្នុងកម្មវិធី Digital Cambodia 2019។

លោក ចម ប្រសិទ្ធ បានបញ្ជាក់បន្ថែមទៀតថា កន្លងមក យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា រាល់ក្រុមហ៊ុនផលិតឡាន មិនដែលខ្វាយខ្វល់អំពីមតិរបស់អតិថិជនទេ ពោលគឺផលិតឱ្យតែចេញជារូបរាងមក គឺដាក់លក់តែម្តង ក៏ប៉ុន្តែសម័យកាល Digital ឥឡូវនេះ រវាងអ្នកផលិតនិងអ្នកទិញត្រូវតែមានមតិយល់ស្របគ្នា ទើបគេឈានទៅដល់ការផលិតរថយន្តបាន ហើយបើមិនធ្វើបែបនេះទេ​ គឺគ្មានអ្នកទិញឡើយ។

មួយវិញទៀត ហាងលក់ទំនិញធំៗជាច្រើននៅជុំវិញពិភពលោក ដែលធ្លាប់តែជាអ្នកលក់ដាច់ច្រើនជាងគេ ក្នុងនាមជាឈ្មួញកណ្តាល ត្រូវបង្ខំចិត្តបិទហាងរបស់ខ្លួនស្ទើរតែអស់ទៅហើយ ព្រោះតែមិនបានខ្វាយខ្វល់អំពី Digital ពោលគឺគិតតែពីលក់តាមបែបចាស់បុរាណ។

មកដល់បច្ចុប្បន្ននេះ Digital បានផ្តល់ភាពងាយស្រួលដល់អ្នកទិញជាមួយអ្នកផលិតផ្ទាល់ខ្លាំងមែន ពោលគឺអ្នកទិញមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់កន្លែងឈ្មួញកណ្តាលទៀតទេ ពួកគេអាចទិញតែនៅលើអនឡាញ ហើយគេមិនចាំបាច់ហត់តថ្លៃ និងថែមទាំងមានអ្នកដឹកមកឱ្យដល់មុខផ្ទះ ថែមទៀតផង។

ជាសរុបមកវិញ ប្រសិនជាសហគ្រាសធនតូច និងមធ្យម ចង់មានជីវិតរស់នៅបន្ត ដាច់ខាតត្រូវតែងាកទៅរក Digital ព្រោះបើមិនទៅទេ​ អ្នកដែលគេវិវត្តន៍ខ្លួនទៅបានមុន គេនឹងដណ្តើមទីផ្សារអស់ជាក់ជាមិនខាន។ ហើយបើមិនយល់ច្បាស់រឿងនេះ ម្ចាស់អាជីវកម្មទាំងអស់គ្នា គួរតែទៅចូលរួមវគ្គសិក្ខាបន្ថែមរបស់ក្រសួង ៕

0 មតិ

បញ្ចេញមតិ

RELATED ARTICLES