យុវជនខ្មែរម្នាក់ចេញរកស៊ីពីទុន១០០$កាលរៀនទី១០ ឥលូវអាចរកចំណូលខ្ទង់ម៉ឺនដុល្លារ

ជាអតីតសិស្សរៀនទី១០នៃសាលាវិទ្យាល័យស៊ីសុវត្តិ យុវជន ហៅ សុវណ្ណច័ន្ទរតនា បានឆ្លៀតប្រើទុន១០០ដុល្លារមកចាប់ផ្តើមលក់អនឡាញ ដែលជាអាជីវកម្មមួយអាចធ្វើបានបន្ទាប់ពីម៉ោងសិក្សានៅរាជធានីភ្នំពេញ។ ស្ថាបនិក CamToy Group រូបនេះ បានយកផលិតផលពីក្រៅស្រុកមកលក់រហូតដល់ពេលនេះ អាចផលិតដោយខ្លួនឯងក្នុងស្រុកបានខ្លះ និងនាំចូលខ្លះនូវផលិតផលដែលមិនទាន់មានលទ្ធភាពផលិតបាន ជាមួយនឹងគម្រោងផលិតនៅក្នុងស្រុកទាំងស្រុងឆាប់ៗនេះដែរ។

សហគ្រិនវ័យក្មេងរូបនេះបានបន្តថា គាត់ចាប់ផ្តើមធ្វើអាជីវកម្មដំបូងគឺការលក់តាមអនឡាញប៉ុណ្ណេះ ដែលសន្សំលុយបានបន្តិចបន្តួចក៏ទិញអីវ៉ាន់តុក្កតាតិចតួចមកលក់ ហើយរហូតមកដល់បានបើកជាអាជីវកម្មហាងផ្ទាល់ខ្លូនក្រោយពេលជាប់បាក់ឌុបនៅអាយុ១៩ឆ្នាំ ខណៈបច្ចុប្បន្នក្រុមហ៊ុនដែលមានហាងផ្ទាល់ខ្លួន និងបានធ្វើគ្រឿង ប្រដាប់ប្រដាក្មេងលេងមួយនេះអាចរកចំណូលបានជាងមួយម៉ឺនដុល្លារក្នុងមួយខែ។

រតនា បានប្រាប់ Business Cambodia ដោយផ្ទាល់ថា ក្រុមហ៊ុនរបស់គាត់បានផ្គត់ផ្គង់ក្រុមហ៊ុនក្នុងស្រុកធំៗជាច្រើន ដោយសារតែគាត់ផ្តោតទៅលើគុណភាព និងមិនបានចាប់អារម្មណ៍ប្រជែងរឿងតម្លៃនោះឡើយ ខណៈតម្រូវការគ្រឿង និងប្រដាប់ប្រដាទាំងនេះមានចំនួនច្រើន ពិសេសក្រុមហ៊ុនភីហ្សាល្បីៗ និងគម្រោងរបស់ក្រុមហ៊ុនយក្សChip Mong ជាដើម។

គួរជម្រាបផងដែរថា អាជីវកម្មរបស់លោក រតនា​ មានលក់តុក្កតា និងគ្រឿងកូនក្មេងលេង ក៏បាននំាចេញផលិតផលទៅប្រទេស វៀតណាមទៀតផង។ ជាមួយគ្នានេះ២ឆ្នាំទៀត ម្ចាស់ក្រុមហ៊ុនដែលមានបុគ្គលិកប្រមាណ១០នាក់នេះ នឹងផលិតទាំងស្រុងនូវផលិតផលដែលខ្លួនកំពុងលក់នៅក្នុងស្រុកតែម្តង ស្របពេលដែលតម្រូវការចេះតែកើន ហើយជំនាញផលិត និងគំនិតច្នៃប្រឌិតក៏មានរួចជាស្រេចទៅហើយ រង់ចាំតែមធ្យោបាយប៉ុណ្ណោះ៕

លោកអ្នកអាចទាក់ទងក្រុមហ៊ុន CamToy Group របស់លោក រតនាបានតាមលេខទូរស័ព្ទ 067 511 612 / 085 555 641 ឬតាមFacebook: CamToy Group

 

អត្ថបទដោយ ៖NOUN VANNAK, FRANCHISE EDITOR

Facebook: NOUN VANNAK

0 មតិ

បញ្ចេញមតិ

RELATED ARTICLES