រៀនចប់ផ្នែកពេទ្យ មកលក់បុកល្ហុង សហគ្រិនវ័យក្មេងរូបនេះ អាចរកចំណូលខ្ទង់ម៉ឺន$ ក្នុង១ខែ

ខុសប្លែកពីមនុស្សដទៃ ដែលបានបញ្ចប់ការសិក្សាផ្នែកពេទ្យ អ្នកនាង គង់ លក្ខិណា បានសម្រេចចិត្តមិនធ្វើការ និងរកស៊ីជាគ្រូពេទ្យមើលថែអ្នកជំងឺឡើយ ហើយងាកមកបើកហាងលក់បុកល្ហុងបែបថៃផ្ទាល់ខ្លួន ក្បែរសាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី និងអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែៗ។

សហគ្រិនមានដើមកំណើតមកពីខេត្តសៀមរាបរូបនេះ បានថ្លែងប្រាប់ Business Cambodia ថា មូលហេតុដែលធ្វើឱ្យគាត់ជ្រើសរើសមុខរបរជាអ្នកលក់បុកល្ហុងនេះ ក៏ព្រោះតែខ្លួនមានមីងជាអ្នកលក់បុកល្ហុងបែបថៃស្រាប់ នៅក្នុងខេត្តសៀមរាប ដែលបាននឹងកំពុងដំណើរការយ៉ាងរលូន និងបានពង្រីកសាខាមួយកន្លែងមកភ្នំពេញ ផងដែរ។

ដោយសារហេតុនេះហើយ ទើបធ្វើឱ្យសហគ្រិនរូបស្រស់វ័យ២៣ឆ្នាំម្នាក់នេះ ចំណាយពេលមួយរយៈខ្លី ដើម្បីរៀនសូត្រពីរបៀបបុកល្ហុងពីមីងរបស់ខ្លួន មុននឹងឈានដល់ការបើកហាងដោយខ្លួនឯង នៅក្នុងឆ្នាំ២០១៨ ដែលចំណាយដើមទុនប្រមាណជិត ១ម៉ឺនដុល្លារអាមេរិក ក្រោមជំនួញពីគ្រួសារមួយផ្នែកធំ។

តែទោះបីជាអាជីវកម្មលក់បុកល្ហុងបែបថៃមួយនេះ ត្រូវបានអ្នកមីងបើកដំណើរការរលូនច្រើនឆ្នាំក៏ដោយ អ្នកនាង គង់ លក្ខិណា បានប្រាប់ថា ខ្លួននៅតែជួបផលវិបាកជាច្រើនដូចជា ការគ្រប់គ្រងហាង និងជាពិសេសការទាក់ទាញភ្ញៀវឱ្យមកចូលញ៉ាំ ខណៈពេលបើកដំបូងៗ មានអ្នកចូលញ៉ាំតែបួនប្រាំនាក់ប៉ុណ្ណោះ។

ម្ចាស់ហាងបុកល្ហុងរូបនេះ បានបង្ហើបផងដែរថា កត្តាដែលធ្វើឱ្យអាជីវកម្មរបស់គាត់អាចដំណើរការបានមកទល់ពេលនេះ និងមានភ្ញៀវចេះតែកើនឡើងៗ គឺដោយសារតែស្នាដៃបុកល្ហុងបែបថៃរបស់គាត់ត្រូវចិត្តអតិថិជន ដែលជាហេតុធ្វើឱ្យអតិថិជនរបស់គាត់ចេះតែប្រាប់តគ្នាៗទៅកាន់មិត្តភក្តិ ក៏ដូចជាបងប្អូនឱ្យមកញ៉ាំនៅហាងរបស់គាត់។ មួយវិញទៀត គាត់បានយកគណនី ហ្វេសប៊ុក របស់គាត់ ធ្វើការបង្ហោះរូបភាពអំពីមុខម្ហូបផ្សេងៗ ដើម្បីឱ្យគេចាប់អារម្មណ៍មកញ៉ាំ ផងដែរ។

សូមបញ្ជាក់ថា ហាងបុកល្ហុងបែបថៃរបស់ អ្នកនាង គង់ លក្ខិណា ស្ថិតនៅតាមបណ្តោយផ្លូវ 146 ផ្ទះលេខ 208 ក្បែរសកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុបថ្មី។ ហាងរបស់គាត់មានលក់ បុកក្តាមស្រែ បុកពោត បុកកំពឹសឆាវ និងផ្សេងៗជាច្រើនទៀត ៕

អត្ថបទដោយ៖ ម៉េង សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES