ច្រកចេញបីផ្លូវ ដែលអាចផ្តាច់ច្រវ៉ាក់ប្រាក់ខែចោល ក្លាយជាថៅកែគេបាន

មានមនុស្សជាច្រើនកំពុងជាប់ខ្លួនជាមួយនឹងច្រវ៉ាក់នៃប្រាក់ខែ ហើយមានក្តីស្រមៃចង់ក្លាយខ្លួនជាសហគ្រិនដ៏ជោគជ័យម្នាក់ នាពេលអនាគត។ តែទោះបីជាយ៉ាងណា ក្តីស្រមៃនៅតែជាក្តីស្រមៃ ព្រោះគ្មានហេតុផលសាកសមណាមួយ ដែលអាចឱ្យពួកគាត់ផ្តាច់ខ្លួនចេញពីច្រវ៉ាក់ប្រាក់ខែបានឡើយ ពោលគឺខ្លាចវេទនានៅពេលដែលគ្មានប្រាក់ខែចាយ។

ពាក់ព័ន្ធនឹងរឿងដ៏ឈឺក្បាលនេះ លោក សោម សម្បត្តិ ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុនថ្នាំពណ៍ជាតិ Cam-Paint បានបង្ហើបនូវច្រកចេញបីផ្លូវល្អបំផុត ដែលគាត់បានអនុវត្តន៍ទទួលជោគជ័យ នៅពេលដែលគាត់កំពុងធ្វើការឱ្យគេ។ ច្រកចេញដែលអាចផ្តាច់ច្រវ៉ាក់ប្រាក់ខែបាននោះ រួមមាន៖

១. ធ្វើការជាមួយគោលដៅ

សហគ្រិននិងជាវាគ្មិនរូបនេះ បានមានប្រសាសន៍ថា ប្រសិនជាអ្នកចង់ក្លាយខ្លួនជាថៅកែដូចនរណាម្នាក់ អ្នកគួរតែចូលបម្រើការងារនៅក្នុងក្រុមហ៊ុននោះ ព្រោះថាមានតែថៅកែដែលអ្នកចង់ក្លាយខ្លួនដូចជាគាត់ទេ ដែលអាចឱ្យអ្នករៀនសូត្រពីគាត់បានច្រើនបំផុត។ ការធ្វើការត្រូវមានគោលដៅ ហើយកំណត់រយៈពេលធ្វើឱ្យបានច្បាស់ និងមិនត្រូវធ្វើការគិតតែពីប្រាក់ខែទេ ត្រូវធ្វើការគិតអំពីការអភិវឌ្ឍសមត្ថភាពខ្លួនឯង ទើបរីកចម្រើន។

២. ធ្វើការឱ្យដូចជាថៅកែ

ក្នុងន័យនេះ លោក សោម សម្បត្តិ បានលើកឧទាហរណ៍ថា ប្រសិនជាថៅកែធ្វើការអ្វីមួយ រូបលោកក៏ចង់ធ្វើការឱ្យដូចថៅកែដែរ ហើយនៅពេលដែលមើលទៅថៅកែដូចជាហត់ក្នុងការជួបចរចាជាមួយភ្ញៀវ គាត់នឹងសុំថៅកែទៅជួបជំនួស។ ការធ្វើបែបនេះ មិនត្រឹមតែឱ្យគាត់មានឱកាសប្រាស័យទាក់ទងជាមួយអ្នកដទៃនោះទេ ថែមទាំងឱ្យគាត់មានឱកាសរៀនធ្វើជាថៅកែដោយមិនអស់លុយថែមទៀតផង ព្រោះមុននឹងទៅជួបភ្ញៀវ ថៅកែបានប្រាប់គាត់ជាច្រើនអំពីរបៀបចរចា និងបញ្ជុះបញ្ជូលភ្ញៀវ ហើយគាត់ក៏មានឱកាសអនុវត្តន៍ជាក់ស្តែងថែមទៀតផង។

លោក សោម សម្បត្តិ បានពន្យល់ទៀតថា បុគ្គលិកធ្វើការឱ្យគេភាគច្រើនគឺខ្លាចមិនហ៊ានធ្វើការជំនួសមេទេ ហើយមួយវិញទៀតតែងតែមានអារម្មណ៍ខ្ជិល ព្រោះយល់ឃើញថា មេឱ្យប្រាក់ប៉ិននេះ គាត់ធ្វើការឱ្យស្មើតែនឹងប្រាក់ខែទៅបានហើយ។ ដូច្នេះ ចង់ឬមិនចង់ពួកគាត់ នៅតែជាកូនចៅគេរហូត។

៣. ចាប់ឱកាសផ្តាច់ខ្លួន

ត្រង់ចំណុចនេះ លោក សម្បត្តិ បានសង្កត់ធ្ងន់ថា នៅពេលដែលយើងធ្វើការឱ្យដូចជាថៅកែ ហើយយើងបានជួបចរចា និងប្រាស័យទាក់ទងជាមួយមនុស្សដែលមានគំនិត និងមានលុយ យើងនឹងមានឱកាសច្រើនបំផុតដើម្បីផ្តាត់ខ្លួនចេញពីច្រវ៉ាក់នៃប្រាក់ខែជាមិនខាន។ ពីព្រោះថា មនុស្សដែលមានមហិឆ្ឆតា និងមានបុគ្គលិកលក្ខណៈល្អ នរណាក៏គេចង់រកស៊ីជាមួយយើងដែរ ៕

អត្ថបទដោយ៖ សុងលី

0 មតិ

បញ្ចេញមតិ

RELATED ARTICLES