ក្រៅអំពីចិន វៀតណាម កំពុងចាប់យកអាមេរិក ជាទីផ្សារធំមួយទៀត សម្រាប់នាំចេញបន្លែផ្លែឈើ

ក្រោយពីការនាំចេញបន្លែនិងផ្លែឈើ នៅក្នុងខែកុម្ភៈមានការធ្លាក់ចុះ ៩,៩ភាគរយ វៀតណាមបានសម្លឹងឃើញទីផ្សារធំថ្មីមួយទៀតរបស់ខ្លួនគឺអាមេរិក សម្រាប់នាំចេញបន្លែផ្លែឈើ បន្ទាប់ពីទីផ្សារធំៗដូចជាចិន  កូរ៉េខាងត្បូង ជាដើម។ នេះបើយោងតាមរបាយការណ៍របស់នាយកដ្ឋានកែច្នៃកសិផល ​និងការអភិវឌ្ឍទីផ្សារ វៀតណាម។

ជាក់ស្តែង ក្នុងខែកុម្ភៈឆ្នាំ 2019 សហរដ្ឋអាមេរិក បានអនុញ្ញាតឱ្យវៀតណាមធ្វើការនាំចូលផ្លែស្វាយស្រស់ទៅកាន់ប្រទេសរបស់ខ្លួន ក្រោយពីការចរចាគ្នាអស់រយៈពេលជាច្រើនឆ្នាំរួចមក។ ហើយការនាំចេញផ្លែស្វាយនេះ គឺជាផ្លែឈើទី៦របស់វៀតណាម ដែលបានអនុញ្ញាតឱ្យនាំចូលទីផ្សារអាមេរិក បន្ទាប់ពីផ្លែស្រកានាគ ទំពាំងបាយជូរ សាវម៉ាវ សាឡាត់តី និងផ្លែប៉ោម ជាដើម។

គួររំលឹកថា កាលពីឆ្នាំមុន សហរដ្ឋអាមេរិកគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានការចាប់អារម្មណ៍បំផុតរបស់វៀតណាម បើប្រៀបធៀបទៅនឹងឆ្នាំ 2017 ។ គេរំពឹងថា ការនាំចេញផ្លែឈើរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក នឹងបន្តកើនឡើងយ៉ាងខ្ពស់ដោយសារការនាំចេញផ្លែស្វាយ។ ខណៈដែលប្រទេសវៀតណាម អាចធ្វើការនាំចេញផ្លែស្វាយស្រស់ដល់ទៅ ៣.000 តោន ទៅសហរដ្ឋអាមេរិក ដែលស្មើនឹងជិត ១ ភាគរយនៃការនាំចូលស្វាយសរុបរបស់អាមេរិក។

គួរជម្រាបដែរថា ក្នុងឆ្នាំ 2018 ប្រទេសវៀតណាម បាននាំចេញផ្លែឈើនិងបន្លែ គិតជាទឹកប្រមាណ 3,8 ពាន់លានដុល្លារអាមេរិក ដែលជាកំណើនប្រចាំឆ្នាំ 8,9 ភាគរយ​។ ដោយឡែក ក្នុងឆ្នាំ២០១៩នេះ វៀតណាមបានដាក់គោលដៅនាំចេញបន្លែផ្លែឈើរបស់ខ្លួន ឱ្យបានកើនដល់ប្រមាណ ៤,២ពាន់លានដុល្លារអាមេរិក ។

ក្នុងនោះ ទីផ្សារធំៗរបស់ប្រទេសវៀតណ បច្ចុប្បន្ន ប្រទេសចិនបានឈរនៅលេខរៀងទី១ ប្រទេសកូរ៉េខាងត្បូងនៅលេខរៀងទី២ ហូឡង់នៅលេខរៀងទី៣ អូស្តា្រលីនៅលេខរៀងទី៤ និង អេមីរ៉ាតអារ៉ាប់រូម នៅលេខរៀងទី៥ ៕

អត្ថបទដោយ៖ សុងលី 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES