តែបៃតងថេនសៃប្រើយុទ្ធសាស្រ្ត ២ ក្បាច់ ចំណាយលុយតិចបំផុត ក្នុងការដណ្តើមទីផ្សារនៅស្រុកខ្មែរ

បើនិយាយពីទីផ្សារតែបៃតងនៅកម្ពុជា ភាគច្រើនផលិតចេញមកពីប្រទេសថៃ ដែលមានយីហោល្បីៗ ជាច្រើនកំពូងតែវាយលុកទីផ្សារកម្ពុជា ក្នុងនោះក៏មានយីហោល្បីឈ្មោះមួយផងដែរគឺតែបៃតងថេនសៃ ដែលជាយីហោជួរមុខមួយរបស់ថៃ ទើបតែចូលមកកម្ពូជាក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ។

លោក ទួន ប៉ូលី អគ្គនាយកក្រុមហ៊ុនថេនសៃយូឆិ ខេមបូឌា បានលើកឡើងថា ថ្វីត្បិតតែចូលមកកម្ពុជាក្រោយគេបន្តិច តែយីហោតែបៃតងមួយនេះមានយុទ្ធសាស្រ្តធ្វើទីផ្សារល្អមួយ ដែលវាយលុកទីផ្សារកម្ពុជាទទួលបានផ្លែផ្កាច្រើន ពោលគឺការលក់កើនឡើងជារឿងរាល់ខែ ហើយមិនយូរទេតែបៃតងយើងនឹងវាយលុកទីផ្សារកម្ពុជាបានកាន់តែច្រើន។

អគ្គនាយកថេនសៃបានលើកឡើងថា យើងមានយុទ្ធសាស្រ្ត ២ ដែលចំណាយតិចបំផុតនៅក្នុងទីផ្សារកម្ពុជា ហើយមានប្រសិទ្ធភាពបំផុត ដែលធ្វើអោយប្រជាជនខ្មែរក្មេងចាស់ប្រុសស្រីអាចស្គាល់ពីយីហោរបស់យើងកាន់តែច្បាស់៖

១.យុទ្ធសាស្រ្តគុណភាព

លោក ទួន ប៉ូលី បានលើកឡើងថាមុននឹងខ្ញុំយកផលិតផលមួយមកលក់នៅទីផ្សារ ខ្ញុំត្រូវស្គាល់ច្បាស់ពីទីផ្សារ តួរយ៉ាងដូចជាតែបៃតងថេនសៃជាដើម មុននឹងខ្ញុំយកវាមកលក់នៅកម្ពុជាខ្ញុំដឹងហើយថា ទីផ្សារកម្ពុជាមានតែបៃតងច្រើនយីហោកំពុងតែប្រកួតប្រជែងគ្នា ដូចនេះបើខ្ញុំចង់មានទីផ្សារធំ ខ្ញុំត្រូវតែយកផលិតផលណាដែលមានគុណភាពនាំមុខគេទើបអាចដណ្តើមទីផ្សារបាន។

លោកបន្តថា ខ្ញុំមើលឃើញថាតែបៃតងថេនសៃមានចំណុចពិសេសមួយគឺ ផលិតផលតែដែលផលិតមិនសម្រាប់ការនាំចេញ ពោលគឺផលិតសម្រាប់តែលក់នៅក្នុងប្រទេសថៃប៉ុណ្ណោះ ខុសប្លែកពីតែបៃតងដទៃដែលលក់នៅកម្ពុជាគឺគេផលិតមានកម្រិតស្តង់ដារមួយសម្រាប់ការនាំចេញ។ ដូចនេះខ្ញុំអាចអះអាងបានថា តែបៃតងថេនសៃជាតែបៃតងគុណភាពថៃសុទ្ធ ដែលអាចប្រកួតប្រជែងឈ្នះគេបាន។

២.យុទ្ធសាស្រ្តជើងក្រោម

លោក ទួន ប៉ូលី បង្ហើបថា ការធ្វើទីផ្សារត្រូវចាំណាយលុយ តែបើចំណាយកាន់តែតិចហើយមានប្រសិទ្ធភាពគឺកាន់តែប្រសើរ ។ នៅពេលដែល ថេន សៃ ចូលមកកម្ពុជាដំបូងដើងមានដើមទុនតិចណាស់នៅក្នុងកាប្រកួតប្រជែង​ ហើយក្នុងនោះក៏មានតែបៃតងភាគច្រើនគេសម្រុកទៅតាមទូរទស្សន៍ ទៅតាមការប្រគំតន្រ្តី តែចំពោះថេនសៃគឺមិនអាចឡើយព្រោះយើងមានដើមទុនតិច។

ពេលនោះក្រុមហ៊ុនលោកក៏សម្រេចចិត្តប្រើយុទ្ធសាស្រ្តជើងក្រោម គឺថ្ពក់យកមនុស្សមានសក្តានុពលក្នុងតំបន់ ដើម្បីធ្វើជាទីផ្សារចែកចាយផលិតផលរបស់ក្រុមហ៊ុនថេនសៃ។ លោកបន្ថែមថា យុទ្ធសាស្រ្តជើងក្រោមគឺ ជាយុទ្ធសាស្រ្តមួយស្ងៀមស្ងាត់ និងមានប្រសិទ្ធភាព ព្រោះយើងមានចុះទៅផ្ទាល់ជាមួយអ្នកប្រើប្រាស់ ចុះទៅផ្ទាល់ជាមួយអ្នកចែកចាយមានសក្តានុពល។ ការធ្វើបែបនេះវាចំណាយពេលយូរ តែអតិថិជនរបស់យើងគឺស្គាល់ពីគុណតម្លៃផលិតផល គុណតម្លៃនៃសុខភាព ខ្លាំងជាងគុណតម្លៃនៃរង្វាន់ដែលមាននៅក្នុងផលិតផល៕

អត្ថបទដោយ៖ នេន សុធី ( Sale Editor of Business Cambodia)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES