វេបសាយល្អៗទាំង ៦ សម្រាប់អ្នកដែលចង់រៀនសរសេរកូដដោយមិនបាច់អស់លុយសូម្បីមួយរៀល

ការសរសេរ​កូដ​បាន​ក្លាយ​ទៅជា​ជំនាញមួយ​ដែលមាន​ប្រយោជន៍ខ្លាំង​នៅក្នុង​រយៈ​កាល​ចុង​ក្រោយនេះ ដោយហេតុ​តែ​បច្ចេក​វិទ្យា​ចេះតែ​អភិវឌ្ឍ​ន៍ទៅមុខ ការងារ​មួយចំនួន​ត្រូវ​បាន​ជំនួស​ដោយ​កម្មវិធីកុំព្យូទ័រ ឬមនុស្ស​យន្ត​ដែលកើត​ចេញពីការ​សរសេរ​កូដនេះ សូម្បីតែ​មហាសេដ្ឋី Bill Gate ឬ Mark Zuckerberg ជាដើម​សុទ្ធ​តែ​ជម្រុញ​ឱ្យ​មនុស្ស​ទូទៅចាប់​ផ្ដើម​រៀន​សរសេរ​កូដ​ដែរ។

ហេតុ​នេះ Business Cambodia សូម​ណែរ​នាំអ្នក​ឱ្យ​ស្គាល់​ពី វេបសាយ​ល្អៗចំនួន​៥ ដែល​អ្នក​អាច​រៀន​សរសេរ​កូដបាន​ដោយងាយស្រួល ដោយគ្រាន់​តែ​មាន​អ៊ីនធឺណេត​និង​កុំព្យូទ័រ​តែប៉ុណ្ណោះ។

១.Khode.academy

Khode Academy ជា​គេហទំព័ររៀន​កូដសម្រាប់​ធ្វើ​វេបសាយ​​របស់​កូនខ្មែរ​យើង ដែល​មានរចនាបទប្រើប្រាស់​ស្អាត​ ស្រួលប្រើ មានមេរៀន​ជាវីឌីអូងាយ​យល់ច្បាស់លាស់ ខ្លីតែ​ខ្លឹមព្រម​ទាំង​មាន​កន្លែង​សម្រាប់​ឱ្យ​យើង​សរសេរ​កូដ​អនុវត្ត​ផ្ទាល់​ៗផងដែរ ។ សព្វ​ថ្ងៃ​នេះ ភាសាកូដ​ដែល​យើង​អាច​រៀន​បាន​នៅលើនោះ មាន​បួនគឺ HTML, CSS, JavaScript, និង ​PHP ហើយការ​សិក្សារ​នៅលើគេហទំព័រ​នោះមិនមាន​អស់​ថ្លៃ​ មិន​ត្រូវ​ការ​បង្កើត​គណនីអ្វីឡើយ ហើយវាពិសេសសម្រាប់អ្នកចង់រៀនជំនាញ Web Design & Development ។

២.Khmer Academy

នេះក៏ជា​គេហទំព័រ​របស់​ខ្មែរ​យើង​ដែរ​ដោយ​នៅទីនោះមាន​វីឌីអូពន្យល់​ជាភាសា​ខ្មែរ​ ស្រួល​យល់ ហើយមានចាប់តាំង​ពី មេរៀន​បង្កើត​គេហទំព័រ​ បង្កើត​កម្មវិធីទូរស័ព្ទ​ រហូត​ដល់​មេរៀន​ស៊ីជម្រៅទាក់​ទង​នឹង​កូដ​កុំព្យូទ័រ។ អ្នក​អាច​ធ្វើ​ការ​បង្កើត​គណនីឥត​គិត​ថ្លៃយ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​តែភ្ជាប់​ជាមួយ​នឹង ហ្វេសប៊ុក ឬក៏ អ៊ីម៉ែល​តែប៉ុណ្ណោះ។

៣.Khan Academy

នៅលើ Khan Academy ជា​គេហទំព័រ​ដែល​អ្នក​អាច​រៀន​បាន​មេរៀន​ច្រើន​មុខ​ មិនត្រឹម​តែ​សរសេរ​កូដ​ប៉ុណ្ណោះទេ។ នៅទីនោះមានទាំងមេរៀនជា​ការសំណេរ​សម្រាប់​​អាន និង​ មេរៀន​ជាវីឌីអូព្រម​ទាំង​ភ្ជាប់​ជាមួយ​លំហាត់​ដែលអ្នក​អាច​អនុវត្ត​ផ្ទាល់​ក្រោយចប់​មេរៀន និង​មាន​ជាមេដាយ​លើក​ទឹក​ចិត្ត​ផង​ដែរ។

៤.Free Code Camp

នេះជា​គេហទំព័រ​បើក​ទូលាយ​មួយ​ ដោយអ្នក​នឹង​អាច​ទទួល​បានការងារ​សរសេរ​កូដ​ផ្ទាល់ៗ​ ​សម្រាប់​អង្គការ​ ស្ថាប័នមិនរកប្រាក់ចំណូល​ផ្សេងៗ។ ការ​រៀន​នៅលើ​គេហទំព័រនេះ មាន​លំហាត់ ផ្ទាំង​ប្រើប្រាស់​ស្រួល​ប្រើ ហើយអ្នក​អាច​សួរ​អ្នក​ដ៏ទៃ​ទៀត​ និង​មើល​ការពិភាក្សារបស់​ពួក​គេ​ទៅលើ​បញ្ហា​អ្វីមួយ ជាពិសេស​អ្នក​នឹង​ទទួល​បាន​វិញ្ញាបនប័ត្រ​ក្រោយ​បញ្ចប់​វគ្គសិក្សា។

៥.edX

edX ជា​ស្ថាប័ន​មិន​រក​ប្រាក់​ចំណូល​ ដែល​កើត​ចេញឡើង​ពីការ​សហការ​គ្នារវាង​សកល​វិទ្យាល័យ​ល្បីលំដាប់​ថ្នាក់​ពិភពលោកពីរ​គឺ MIT និង Havard សព្វថ្ងៃមាន​សាកលវិទ្យាល័យ​ច្រើនជាង ៧០បាន​ដាក់​មេរៀន​ប្រមាណជាជាង ១២០០០មេរៀន​នៅទីនោះ ដោយ​អ្នក​អាច​រៀន​សរសេរកូដ​បាន​តាម​រយៈ​ការ​ចូល​ទៅកាន់​ផ្នែក វិទ្យាសាស្ត្រ​កុំព្យូទ័រ (Computer Science)។

៦.Code.org

Code.org ក៏ជា​ស្ថាប័នមិនរក​ប្រាក់​ចំណូលដែរ ដោយ​នៅមេរៀន​នៅលើ​គេហទំព័រ​នេះភាគច្រើន​ផ្តោតទៅលើ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ​គ្រប់​គ្នា​អាច​រៀនមេរៀនមាន​តាមវ័យ​ចាប់​តាំង​ពី​ក្មេង​អាយុ៤ឆ្នាំឡើង​ទៅ ពិសេស​ជាង​នេះទៅទៀត​នៅក្នុង​កម្មវិធី Hour of Code មាន​ការ​បង្រៀន​ផ្ទាល់​ពី​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​បច្ចេក​វិទ្យាដូចជា Mark Zuckerberg ជាដើម។

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES