ដឹងអត់ បើអ្នកមាន រូបិយប័ណ្ណបរទេស អាចប្ដូរយកប្រាក់រៀលខ្មែរ នៅធនាគារជាតិបានឬទេ?

ធនាគារជាតិនៃកម្ពុជាគឺជាអាជ្ញាធររូបិយវត្ថុ និងត្រួតពិនិត្យប្រព័ន្ធធនាគារនៅកម្ពុជា ។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ធនាគារជាតិនៃកម្ពុជាមានសិទ្ធិផ្តាច់មុខក្នុងការបោះផ្សាយប្រាក់រៀលដែលជារូបិយវត្ថុជាតិ ។ ​លោកអ្នកដឹងទេ បើអ្នកមាន រូបិយប័ណ្ណបរទេស អាចប្ដូរយកប្រាក់រៀលខ្មែរ នៅធនាគារជាតិបានឬទេ?

តាមពិតទៅ អ្នកអាចប្តូរប្រាក់រៀល ឬកាសនៅធនាគារជាតិនៃកម្ពុជាបាន ។ ធនាគារជាតិនៃកម្ពុជា នឹងធ្វើការផ្លាស់ ប្តូរជូនអ្នកដោយមិនគិតកម្រៃសេវា នូវក្រដាសប្រាក់រៀលដែលចាស់ឬរហែក ឬអ្នកអាចប្តូរពីក្រដាស ប្រាក់ ដែលមានចំនួនទឹកប្រាក់ធំទៅជាក្រដាសប្រាក់ដែលមានចំនួនទឹកប្រាក់តូចជាងមុន ឬពីតូចទៅធំ ទៅតាមតម្រូវការរបស់អ្នក ។

ធនាគារជាតិនៃកម្ពុជាអាចធ្វើការបដិសេធ មិនប្តូរជូនអ្នកចំពោះក្រដាស ប្រាក់ណាដែលក្លែងក្លាយ ខូចរូបរាង ធ្លុះធ្លាយ ឬបាត់បង់ផ្ទៃក្រដាសច្រើនជាង ៣០% ។ ក្រដាសប្រាក់បែបនេះ នឹងត្រូវធ្វើការដកហូត និងបំផ្លាញចោលដោយគ្មានសំណងឱ្យទៅម្ចាស់ក្រដាសប្រាក់វិញឡើយ លើកលែងតែក្នុងករណីពិសេសមួយចំនួន ដែលធនាគារជាតិនៃកម្ពុជាអាចនឹងផ្តល់សំណងទាំងអស់ ឬ ខ្លះៗដល់ម្ចាស់ដើមវិញ ។ យ៉ាងណាម៉ិញ អ្នកមិនអាចសុំប្តូរពីរូបិយប័ណ្ណបរទេសមកជារូបិយវត្ថុជាតិ ឬ សុំប្តូរបញ្រ្ចាសមកវិញ នៅធនាគារជាតិនៃកម្ពុជាបានទេ

គួរបញ្ជាក់ផងដែរថា ធនាគារជាតិនៃកម្ពុជាមិនមែនជាអ្នកផ្តល់ប្រាក់កម្ចីសម្រាប់សាធារណជនទេ ប៉ុន្តែជាអ្នកត្រួតពិនិត្យលើប្រព័ន្ធធនាគារ ដែលមានដូចជា ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អាជីវករប្តូរបា្រក់ ជាដើម ។ ដូច្នេះ ធនាគារជាតិនៃកម្ពុជាមិនផ្តល់ប្រាក់កម្ចីដល់ សាធារណជនទេ ពោលគឺគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាអ្នកដើរតួនាទីក្នុងការផ្តល់ប្រាក់កម្ចីដល់សាធារណជន៕

អត្ថបទដោយ៖ ហុង

ប្រភព៖ ធនាគារជាតិនៃ​កម្ពុជា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES