តើការខ្ចីប្រាក់ពីធនាគារមួយទៅដោះបំណុលធនាគារមួយទៀតជារឿងត្រឹមត្រូវឬយ៉ាងណា?

វិស័យធនាគារនៅកម្ពុជាបច្ចុប្បន្នកំពុងមានការរីកចម្រើនយ៉ាងខ្លាំង។ ក្នុងនោះមានទាំងធនាគារក្នុងនិងក្រៅស្រុកបានប្រកួតប្រជែងគ្នាលើទីផ្សារធនាគារនៅកម្ពុជា។ទន្ទឹមនឹងមានការរីកចម្រើន ហើយចំនួនធនាគារមានការកើនឡើងពាសពេញផ្ទៃប្រទេសនោះ បានធ្វើអោយប្រជាជនកម្ពុជាមានភាពងាយស្រួលក្នុងការផ្ញើរប្រាក់ និងខ្ចីប្រាក់យកមកដោះស្រាយបញ្ហាទីទាល់ក្របានមួយគ្រាៗ។

ជាការពិតវិស័យធនាគាពិតជាការចូលរួមចំណែកក្នុងដោះស្រាយបញ្ហាខ្វះដើមទុនរកស៊ី ពង្រីកអាជីវកម្ម កម្ចីការសិក្សា និងស្រាយបញ្ហាជាច្រើនទៀត។ ប៉ុន្ដែស្របពេលនឹងមានការផ្ដល់ប្រយោជន៍ជាច្រើន វាក៏បានផ្ដល់នូវវិបត្ដិមួយចំនួនផងដែរ។

ដោយសារតែការខ្វះខាតនូវចំណេះដឹងហិរញ្ញវត្ថុ មិនដឹងថាតើអ្វីដែលគេហៅថាកម្ចីល្អ ហើយអ្វីដែលហៅថាកម្ចីអាក្រក់នោះទេ ពួកគាត់អាងតែខ្ចីបានគឺចេះតែខ្ចីហើយ។ មានបងប្អូនមួយចំនួនប្រើប្រាក់កម្ចីនោះមិនយកទៅរកស៊ីតែបែបជាយកទៅដើរចាយហ៊ឺហា ទិញរបស់ ទំនើបៗដូចជាម៉ូតូ ឡាន និងរបស់ប្រេនជាដើម។ ពេលនោះហើយដែលធ្វើអោយពួកគាត់ត្រូវខ្ចីលុយធនាគារ​មួយហើយថែមមួយទៀត ព្រោះត្រូវយកលុយពីធនគាថ្មីទៅសងធនគារចាស់ ហើយមានពេលខ្លះទៅខ្ចីធនាគាគេមិនអោយខ្ចី ជម្រើសចុងក្រោយគឺយកលុយចង់ការឬលុយរាប់ដែលមានការប្រាក់ខ្ពស់ៗ​យកមកដោះបំណុលមួយគ្រាៗ។ ទង្វើរទាំងនេះហើយដែលធ្វើឲ្យប្រជាជនខ្មែរមិនតិចទេដែលបានរត់បោលស្រុកដើម្បីគេចពីបំណុល។

មានសំនួរមួយដែលតែងតែចោទសួរថាតើការខ្ចីប្រាក់ពីធនាគារមួយទៅបង់សងធនាគារមួយទៀតជាជម្រើសល្អឬយ៉ាងណា?

ចម្លើយនៃសំនួរខាងលើ វាពិតជាល្អប្រសិនបើលោកអ្នកខ្ចីប្រាក់ពីធនាគារថ្មីដែលមានអត្រាការប្រាក់ទាបជាងធនាគាចាស់។ ប៉ុន្ដែប្រជាជនខ្មែរភាគច្រើនដែលជាប់បំណុលវ័ណ្ឌករគឺពួកគេមិនបានគិតដល់វិធីនេះទេ គឺពួកគាត់ប្រញ៉ាប់ប្រញាល់ទៅខ្ចីលុយពីធនាគារថ្ចីដែលមានអត្រាការប្រាក់ខ្ពស់យកមកដោះសងធនាគារចាស់។ បន្ទាប់ពីធ្វើបែបនេះហើយទោះជាបំណុលនៅធនាគាចាស់ត្រូវបានដោះសងស្រេចបាច់ហើយក៏ពិតមែន ប៉ុន្ដែសូមកុំភ្លេចថាបំណុលនៅធនាគាថ្មីនឹងចាប់ផ្ដើមកើនឡើងច្រើនជាងមុនព្រោះដោយសារអត្រាការប្រាក់ខ្ពស់ជាងមុន។

លើសពីនេះទៅទៀតនៅពេលបំណុលចេះតែកើនឡើងៗ ពួកគេមិនដឹងជាទៅរកឯណាទៀតទេព្រោះថាខាងធនាគារ ប្រសិនបើលោកអ្នកមានប្រវត្ដិមិនសូវល្អក្នុងការកម្ចី ឬមានបំណុលច្រើន គឺគេមិនផ្ដល់កម្ចីឲ្យលោកអ្នកទៀតទេ។ ដូច្នេះចង់មិនចង់គឺមានតែទៅរកប្រាក់ចង់ការ ឬប្រាក់រាប់ដែលមានអត្រាការប្រាក់ខ្ពស់កប់ពពក យកមកដោះសងបំណុល ទាំងនេះហើយដែលគេហៅថាបំណុលវ័ណ្ឌករ គឺវាតកន្ទុយជាគ្នារហូត វាអាចធ្វើអោយលោកអ្នកក្រងើបមិនរួច។

ដូច្នេះការខ្ចីលុយពីធនាគារមួយទៅដោះសងធនាគារមួយទៀតគឺមានទាំងគុណសម្បត្ដិ និងគុណវិបត្ដិ។ គុណសម្បត្ដិកើតឡើងនៅពេលអ្នកទៅខ្ចីប្រាក់ពីធនាគារថ្មីដែលមានអត្រាការប្រាក់ទាបយកទៅសងធនាគារចាស់។ ហើយគុណវិបត្ដិគឺការទៅខ្ចីធនាគារមានអត្រាការប្រាក់ខ្ពស់យកមកបង់សង់ធនាគារចាស់ដែលមានអត្រាការប្រាក់ទាប៕

អត្ថបទដោយៈ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES