តោះមកស្គាល់! ក្រុមហ៊ុនកំពូលសេដ្ឋីស្រុកខ្មែរទាំង៣ កំពុងក្តោបក្តាប់ជំនួញមហាសាល

ក្រោយសង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្សសេដ្ឋកិច្ចចាប់ផ្ដើមងើបឡើងវិញពីកម្រិតក្រោមសូន្យ ហើយមកដល់បច្ចុប្បន្នយើងសង្កេតឃើញថាសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ មានក្រុមហ៊ុនជាច្រើនបានត្រូវបង្កើតឡើងជាបន្តបន្ទាប់ ទាំងក្រុមហ៊ុនក្នុងស្រុកនិងក្រៅស្រុក។ ត្បិតតែឱកាសចាប់ផ្ដើមក្រុមហ៊ុនមានដូចគ្នា ប៉ុន្ដែក្រុមហ៊ុនទាំងនោះមានការរីកចម្រើនលូតលាស់ និងសក្ដានុពលមិនស្មើរគ្នានោះទេ។ ទន្ទឹមនឹងនោះដែរ បើយើងក្រឡែកទៅមើលក្រុមហ៊ុនក្នុងស្រុកវិញ គឺមានក្រុមហ៊ុនចំនួន ៣ ដែលកំពុងមានសក្ដានុពលខ្លាំងក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យមានការរីកចម្រើន។ ក្រុមហ៊ុនទាំងនោះមានដូចជា៖

១.ក្រុមហ៊ុន រ៉ូយ៉ាល គ្រុប

គ្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គឺជាក្រុមហ៊ុនយក្សមួយនៅកម្ពុជា បើនិយាយរឿងការវិនិយោគទុនជាមួយបរទេសវិញ ក្រុមហ៊ុននេះអាចនិយាយបានថាជាក្រុមហ៊ុនម្ចាស់អាណាចក្រលើវិស័យជំនួញនៅកម្ពុជា ព្រោះក្រុមហ៊ុន រ៉ូយ៉ាលគ្រុបគឺជាបណ្ដុំនៃការវិនិយោគធំៗរវាងដៃគូរដែលជាវិនិយោគិនបរទេស។ មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុននេះមានវិសាលភាពគ្របដណ្ដប់លើវិស័យសំខាន់ៗជាច្រើនក្នុងសេដ្ឋកិច្ចកម្ពុជា នឹងត្រូវបានគេកត់សម្គាល់ថាជាក្រុមហ៊ុនដែលទទួលបានការវិនិយោគច្រើនជាងគេនៅកម្ពុជា។ តួយ៉ាងក្រុមហ៊ុននេះបានវិនិយោគទៅលើគមនាគមន៍ ការដឹកជញ្ជូនថាមពល ប្រព័ន្ធផ្សព្វផ្សាយ ហិរញ្ញវត្ថុធនាគារ ក្រុមហ៊ុនធនារ៉ាប់រង  រមណីយដ្ឋាន ការអប់រំ ការអភិវឌ្ឍអចលនាទ្រព្យ ការជួញដូរនិងកសិកម្មជាដើម។ គួរជម្រាបថាក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបត្រូវបានដឹងនាំដោយមហាសេដ្ឋី ក៏ដូចជាអ្នកជំនួញជួរមុខគឺអ្នក ឧកញ៉ា គិត ម៉េង ដែលជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបផង និងជាប្រធានសភាពាណិជ្ជកម្មកម្ពុជាផង។

២.ធនាគារកាណាឌីយ៉ា និងក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា OCIC

ធនាគារ កាណាឌីយ៉ា និងក្រុមហ៊ុន OCIC គឺជាក្រុមហ៊ុនសម្ព័ន្ធដែលមានទំនាក់ទំនងគ្នាយ៉ាងសកម្មលើគម្រោងជាច្រើន ដែលមានអ្នកឧញ៉ា ពុងឃាវ សែ ជាប្រធានក្រុមប្រឹក្សាភិបាលនិងជាអគ្គនាយកគ្រប់គ្រងធនាគារ កាណាឌីយ៉ា។ OCIC អាចនិយាយបានថាជាក្រុមហ៊ុនដ៏ធំមួយ ដែលបាននិងកំពុងអភិវឌ្ឍលើគម្រោងអចលនទ្រព្យធំជាច្រើននៅកម្ពុជា។ ក្រោមការដឹកនាំរបស់ អ្នកឧញ៉ា ក្រុមហ៊ុននេះបានវិនិយោគលើការសាងសង់ទីក្រុងរណបធំៗពីរ គឺទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបជ្រោយចង្វា។

ក្រៅពីទីក្រុងរណបក្រុមហ៊ុននេះក៏បានវិនិយោគលើគម្រោងលំនៅឋាន និងអគារពាណិជ្ជកម្មជាដើម។ ងាយមកជំនួញខាងធនាគារ និងហិរញ្ញវត្ថុវិញ លោកអ្នកប្រហែលជាស្គាល់ហើយអំពីកេរ្ដី៍ឈ្មោះដ៏ល្បីល្បាញរបស់ធនាគារ កាណាឌីយ៉ា ដែលមានសាខារាប់សិបកន្លែងនៅទូទាំងប្រទេស និងមានមួយសាខានៅប្រទេសឡាវ។ លើសពីនេះក្រោមការសហការវិនិយោគពីដៃគូរបរទេស ធនាគារកាណាឌីយ៉ា ក៏បានបង្កើតក្រុមហ៊ុនធនារ៉ាប់រងអាយុជីវិត សុវណ្ណភូមិ និងក្រុមហ៊ុនធនារ៉ាប់រងកម្ពុជាវៀតណាមផងដែរ។

៣.ក្រុមហ៊ុន ជីបម៉ុង គ្រុប

ក្រុមហ៊ុន ជីប ម៉ុង បានកំពុងនិងពង្រីកវិសាលភាពរបស់ខ្លួនកាន់តែធំឡើងៗ ខណៈថ្មីនេះក្រុមហ៊ុនក្នុងស្រុកមួយនេះ បានពង្រីកការវិនិយោគលើការសាងសង់លំនៅដ្ឋានលំដាប់ខ្ពង់ជាច្រើនកន្លែង។ ថ្មីៗក្រុមហ៊ុន ជីបម៉ុង បានបង្កើតរោងចក្រធំចំនួនពីរ គឺរោងចក្រផលិតចំណីសត្វ និងរោងចក្រផលិតស៊ីម៉ង់។ ក្រៅពីការវិនិយោគលើជំនួញថ្មី ជីប ម៉ុង ក៏នៅមានមុខជំនួញជាច្រើនទៀតដូចជា រោងចក្រផលិតស្រាបៀកម្ពុជា និងភេសជ្ជៈជាច្រើនមុខ និងនាំចូលផលិតផលផលិតស៊ីម៉ងនិងគ្រឿងតុបតែងគេហដ្ឋាន និងនាំចូលផលិតផលចំណីអាហារផ្សេងទៀតផងដែរ។

ក្រុមហ៊ុនក្នុងស្រុកដែលកំពុងមានឈ្មោះបោះសំឡេងក្នុងវិស័យជំនួញនេះ ត្រូវបានគេដឹងថាមានការគ្រប់ផ្ទាល់ពីសំណាក់ លោកជំទាវ ឧកញ៉ា ភាព ហៀប ជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ជីបម៉ុង គ្រុប និងដោយមានជំនួយការងារពីកូនប្រុសដ៏ល្បីពីររូបគឺ លោក ឧកញ៉ា លាង ម៉េង និង លោក ឧកញ៉ា លាង ឈុន៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES