ឧកញ៉ា ២ រូបប្រាប់ពីគន្លឹះរកដើមទុន សម្រាប់អ្នកចង់រកស៊ី តែគ្មានដើមទុន

ប្រទេសកម្ពុជា ជាប្រទេសដែលកំពុងតែរីកចម្រើន ដូច្នេះសម្បូរទៅដោយអ្នកដែលមានគំនិតច្នៃប្រឌិតនិងចង់ចេញរកស៊ីខ្លួនឯង។ ទន្ទឹមនឹងនោះមានមនុស្សមិនតិចនោះទេ តែងតែគិតថាការចេញរកស៊ីដំបូងគឺទាល់តែមានលុយច្រើនទើបអាចធ្ចើបាន។ មានអ្នកខ្លះមានគំនិតអាជីវកម្មល្អបែរ ជាមិនហ៊ានធ្វើ ហើយបោះបង់ក្ដីស្រមៃចង់ចេញរកស៊ីរបស់ខ្លួនចោល ព្រោះដោសារមានផ្នត់គំនិតគ្មានលុយ គ្មានដើមទុននេះឯង។ ការចាប់ផ្ដើមអាជីវកម្មមួយពិតណាស់ថាត្រូវាការដើមទុន ដើម្បីដំណើរការវាបាន ប៉ុន្ដែវាមិនមែនមានន័យថាទាល់តែអ្នកមានលុយខ្លួនឯងទាំងអស់នោះទេ ពោលគឺមានប្រភពច្រើនណាស់ចាំជួយអ្នក កត្ដាសំខាន់គឺអាស្រ័យលើខ្លួនអ្នកផ្ទាល់។

ថ្ងៃនេះ Business Cambodia នឹងនាំលោកអ្នកឲ្យស្គាល់ពីក្បួនប្រមូលដើមទុនដើម្បីចេញរកស៊ីរបស់បុគ្គលល្បី៣រូបនៅកម្ពុជា ដែលជាពត៌មានល្អសម្រាប់អ្នកចង់ចេញរកស៊ីប៉ុន្ដែមិនមានដើមទុន ហើយក៏មិនដឹងថាត្រូវទៅផ្លូវណា។

លោក ឧញ៉ា គួច ម៉េងលឺ បានមានប្រសាសន៍ថាដើមដំបូងបំផុតមាន ៥ គឺមានដូចជា ទុនធម្មជាតិ ទុនធនធនមនុស្ស ទុនសង្គម ទុនទ្រព្យសម្បត្ដិ ហើយទុនចុងក្រោយបង្អស់គឺបានពីទុនទាំង ៤ ខាងលើបូកបញ្ចូលគ្នាហើយវាក៏ជាទុនដែលធំបំផុតដែរ។

លោក ឧកញ៉ា បានលើកឡើងថា ប្រសិនបើអ្នកចង់ចេញរកស៊ី សូមអនុវត្ដនូវជំហានទាំងនេះ នោះលោកអ្នកនឹងជោគជ័យ។ ប៉ុន្ដែបើលោកអ្នកដើរផ្លូវកាត់គឺមានឱកាសបរាជ័យច្រើនណាស់។ លោក ឧកញ៉ា ចិត្ដធម៌រូបនេះបន្ដទៀតថា លោកមិននិយាយពីភាពជោគជ័យរបស់ពួកមហាសេដ្ឋីពិភពដូចជា​ លោក Bill Gates ឬ​ស្ថាបនិក Facebook នោះទេ ព្រោះ មានភាគរយតិចតួចណាស់ដែលអាចធ្វើវាបាន តែលោកនិយាយពីភាពជោគជ័យដែលកើតចេញចំណេះដឹង គំនិតឆ្នៃប្រឌិត និងការព្យាយាមជាដើម។

នៅស្រុកខ្មែរមិនទាន់មានទុនណាជាក់លាក់នៅឡើយទេក្នុងចំណោមទុនទាំង ៥ ខាងលើ។ លោកបានកើនរំលឹកថា ប្រសិនបើអ្នកមិនមានដើមទុនទេនោះ អ្នកត្រូវសួរខ្លួនឯងថា “តើត្រូវធ្វើដូចម្ដេចទើបអាចរកទុនបាន ហើយធ្វើដូចម្ដេចទើបអាចរកស៊ីបាន?”​ ។

លោក ឧកញ៉ា បានបញ្ជាក់ថា ប្រសិនបើអ្នកចេញរកស៊ីដោយគ្មានទុនទាំងនោះនៅទេ លោកអ្នករកស៊ីធ្លាក់ទឹកជាមិនខាន់។

លោក ឧកញ៉ាបានបន្ដថា លោក អាណិតយុវជនដែលជាកូនខ្មែរណាស់ ព្រោះពួកគាត់បានខំទាំងគ្មានគោលដៅ ខំទាំងគ្មានអ្នកបង្ហាញផ្លូវ ខំដោយគ្មានទស្សនៈវិស័យ ខំដោយគ្មានដើមទុន ខំដោយគ្មានអ្នកគាំទ្រ កត្ដាទាំងនេះដែលអាចនាំកូនខ្មែរដើរៗទៅអាចបុកជញ្ជាំង។ លោក ឧកញ៉ា​លើកឡើងបែបនេះចង់មានន័យថា កូនខ្មែរដែលមានគំនិតចង់ចេញរកស៊ី សូមកុំព្យាយាមធ្វើតាមគេ កុំដើរផ្លូវកាត់ត្រូវ ដើរតាមដំណាក់កាលៗ ត្រូវរៀនឲ្យចេះ ធ្វើការយកបទពិសោធន៍ឲ្យច្បាស់សិនចាំចេញរកស៊ី មិនមែនឃើញគេចេញរកស៊ីទាំងក្មេងហើយចង់ចេញរកស៊ីដូចគេនោះទេ។

ស្រដៀងគ្នាផងដែរ លោក  ឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ បានមានប្រសាសន៍ថាដើមទុនដំបូងសម្រាប់អ្នកដែលចង់ចេញរកស៊ីគឺ គំនិត ចំណេះដឹង កម្លាំងកាយ​ កម្លាំងចិត្ដ ដើមទុននិងធនធានមនុស្ស។ ប៉ុន្ដែដើម្បីបានដើមទុនទាំង ៥​ នេះគឺលោកអ្នកត្រូវវិនិយោគលើខ្លួនឯងជាមុនសិន។ លោក ឧកញ៉ា បានបន្ដទៀតថា មូលហេតុដែលអ្នកត្រូវវិនិយោគលោកខ្លួនឯងមុនគេ គឺដើម្បីដឹងថាខ្លួនខ្លាំងទៅលើអ្វី។ ប្រសិនបើយើងមិនដឹងថាខ្លួនឯងខ្លាំងទៅលើអ្វីផង តើយើងអាចនឹងធ្វើអ្វីបាន? លោក ឧកញ៉ា​ បានលើកឡើងថា ភាពជោគជ័យគឺផ្ដើមចេញពីខ្លួនអ្នកជាអ្នកកំណត់។

លោក ឧកញ៉ា វ័យក្មេងរូបនេះបានមានប្រសាសន៍ទៀតថា លោក បានចេញរកស៊ីតាំងពីអាយុ ១៦ ឆ្នាំ ហើយដើមទុនរកស៊ីដ៏ធំរបស់លោកគឺគំនិតមិនមែនលុយនោះទេ។ លោក បានបញ្ជាក់ថា ទោះមានលុយ ១០០ លានដុល្លារដ៏ដោយក៏មិនប្រាកដថារកស៊ីជោគជ័យនោះទេ ហើយមិនមែនទាល់តែមានលុយ ១០០លានដុល្លារទើបអាចចេញរកស៊ីបាននោះដែរ។ លោក ឧកញ៉ា បានបន្ថែមថាប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយអ្នកមានចំណេះដឹងកាន់តែច្រើន បើយើងចង់ចេញរកស៊ីតែចាំទាល់តែមានលុយគ្រប់ គឺច្បាស់ណាស់រកស៊ីមិនទាន់គេទេ។ ប៉ុន្ដែមិនមានន័យថាអោយអ្នករកស៊ីលោតហក់នោះទេ គឺអ្នកត្រូវសិក្សាឲ្យបានច្បាស់លាស់ បើអ្នកមិនបានសិក្សាឲ្យល្អិតល្អន់នោះទេ អាជីវកម្មរបស់អ្នកនឹងអាចជួបនឹងហានិភ័យ ក្ស័យធន ឬជួបវិបត្ដិសេដ្ឋកិច្ចជាដើម៕

អត្ថបទដោយ៖ ធូរ៉ា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES