៥ជំហាន រៀបចំផែនការទីផ្សារឲ្យចំគោលដៅ ចំណាយពេលខ្លី

អាជីវកម្មខ្នាតតូចភាគច្រើនមិនបានផ្តោត និងយកចិត្តទុកដាក់លើការធ្វើទីផ្សារប៉ុន្មាននោះទេ ព្រោះតែម្ចាស់អាជីវកម្មភាគច្រើនមិនដឹងពីសក្តានុពល និងរបៀបក្នុងការធ្វើទីផ្សារឲ្យមានប្រសិទ្ធិភាព និងចំគោលដៅ។​

ថ្ងៃនេះ Business Cambodia សូមធ្វើការចែករំលែកគន្លឹះសំខាន់៥ចំណុច ដែលអាចឲ្យលោកអ្នកទាំងអ្នកបានចាប់ផ្តើមអាជីវកម្មហើយ និងអ្នកដែលត្រៀមចាប់ផ្តើមដំណើរការអាជីវកម្មយកទៅសិក្សា និងត្រៀមលក្ខណៈ ក៏ដូចអនុវត្តន៍ឲ្យបានជោគជ័យ។

ជំហានទី១៖ ស្ថានភាពអាជីវកម្ម

ដើម្បីអាចឲ្យអ្នកគូសវាសពីផែនការទីផ្សារបាន ទាមទារឲ្យអ្នកបានស្វែងយល់ស៊ីជម្រៅទាក់ទងស្ថានភាពជាក់ស្តែងនៃអាជីវកម្មរបស់អ្នក តើអ្នកនៅត្រង់ចំណុចណា? ខ្លាំងត្រង់ណា ពិសេសត្រង់ណា លើសគេត្រង់ណា? តើផលិតផល ឫសេវាកម្មគោលសំខាន់របស់អ្នកជាអ្វី? ហើយអ្នកគួរតែផ្សព្វផ្សាយអ្វី ចាប់ផ្តើមពីត្រង់ណា ឫផលិតផលសេវាកម្មណាមួយទៅមុន។ កត្តាទាំងនេះ សុទ្ធតែជាកត្តាសំខាន់ដែលអ្នកត្រូវតែលម្អិត និងច្បាស់លាស់។

ជំហានទី២៖ អតិថិជនគោលដៅ

បន្ទាប់ពីអ្នកដឹងពីស្ថានភាពអាជីវកម្ម និងផលិតផលសេវាកម្មរបស់ខ្លួនច្បាស់លាស់ហើយ អ្នកត្រូវចាប់ផ្តើមចំណាយពេលសិក្សាមើលលើអតិថិជនគោលដៅ តើពួកគេជានរណា? នៅឯណា? វ័យណា? កម្រិតយល់ដឹងបែបណា? ហើយតើគួរចាប់ផ្តើមធ្វើអ្វីដើម្បីអាចឲ្យពួកគេស្គាល់យីហោរបស់អ្នក និងព្រមប្រើផលិតផលសេវាកម្មរបស់អ្នក។

ជំហានទី៣៖ កំណត់ការធ្វើទីផ្សារ

នៅត្រង់ចំណុចនេះ លោកអ្នកអាចរៀបជាបញ្ជីពីអតិថិជនគោលដៅ វ័យ និងទីតាំង ​ឫប្រព័ន្ធផ្សព្វផ្សាយសង្គមណាដែលទាក់ទងនឹងអតិថិជនគោលដៅ ពិសេសទាក់ទងនឹងផលិតផលសេវាកម្មរបស់អ្នក។ កាកំណត់បែបនេះ នឹងបង្កភាពងាយស្រួលក្នុងការរៀបចំខ្ចង់ចំណាយ និងចំគោលដៅ។​

ជំហានទី៤៖ យុទ្ធសាស្ត្រគោល

បន្តចំណាយពេលសិក្សាលើយុទ្ធសាស្ត្រគោលណាដែលអ្នកបានធ្វើហើយ វាមានឥទ្ធិពលពិតប្រាកដពិតមែន ដើម្បីប្រើយុទ្ធសាស្ត្រនោះជាអតិថិភាពក្នុងការចំណាយ។ យុទ្ធសាស្ត្រ និងផែនការទីផ្សារអាចមានច្រើនជម្រើស ប៉ុន្តែលោកអ្នកមិនរើសយកមកធ្វើម្តងទាំងអស់បានទេ ដោយហេតុផលិតផលសេវាកម្មមានកម្រិត ឫថវិការចាយវាយលើការធ្វើទីផ្សារមិនគ្រប់គ្រាន់ ហេតុនេះផ្តោតលើយុទ្ធសាស្ត្រគោលម្តងមួយៗជាការល្អបំផុត។​

ជំហានទី៥៖ លទ្ធភាពចំណាយ

ផែនការទីផ្សារអាចនឹងត្រូវបរាជ័យទាំងស្រុងនៅពេលណាដែលលោកអ្នកមិនមានលទ្ធភាពក្នុងការចំណាយ ពិសេសការធ្វើទីផ្សារសម្រាប់អាជីវកម្មថ្មីថ្មោង ទាមទារការចំណាយខ្ពស់ ខណៈដែលលោកអ្នកមិនទាន់ទាំងបានបង្កប្រភពចំណូលបានច្បាស់លាស់នៅឡើយផងនោះ។

ជាបទពិសោធន៍របស់ខ្ញុំ ខ្ញុំលើកទឹកចិត្តឲ្យលោកអ្នកចំណាយពេលឲ្យបានច្រើនលើការងារទីផ្សារនេះ ហើយត្រៀមកញ្ចប់លុយឲ្យបានមុននឹងសម្រេចចិត្តបើកដំណើរការអាជីវកម្ម ចៀសវាងទីផ្សារមិនដំណើរការ ចំណូលតិចជាងចំណាយ បង្កហានិភ័យបិទអាជីវកម្មយ៉ាងឆាប់រហ័ស៕

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

0 មតិ

បញ្ចេញមតិ

RELATED ARTICLES