នាយករដ្ឋមន្ត្រីព័រទុយហ្គាល់ ដាស់តឿនប្រទេសសមាជិកអឺរ៉ុបទាំងអស់ឲ្យប្រយ័ត្នការវិនិយោគរបស់ចិន

ការវិនិយោគរបស់ចិនបានក្លាយជារឿងដ៏គួរឲ្យព្រួយបារម្ភនៅតាមបណ្តាប្រទេសទាំងនៅអាស៊ី និងនៅអឺរ៉ុប ព្រោះតែឥទ្ធិពលរបស់ចិន អាចបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច និងសុខសុវត្ថិភាពនៃបណ្តាប្រទេសទាំងនោះ។​

កាលពីពេលថ្មីៗនេះ លោក António Costa នាយករដ្ឋមន្ត្រីនៃប្រទេសព័រទុយហ្គាល់ក៏បានធ្វើការដាស់តឿនក្រើនរំលឹកដល់ប្រទេសដែលជាសមាជិកសហគមន៍អឺរ៉ុបទាំងអស់ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះការបើកទ្វាទទួលវិនិយោគិនពីប្រទេសចិន ដែលអាចបង្កផលប៉ះពាល់ណាមួយនាពេលអនាគត ខណៈដែលចិនតែងតែជ្រៀតចូលវិនិយោគគ្រប់ឱកាសដែលពួកគេអាចលូកដៃបាន ពិសេសការវិនិយោគមួយហឹកធំនៅអំឡុងវិប្ប​ត្តិសេដ្ឋកិច្ចអឺរ៉ុប។

លោកបន្ថែមទៀតថា បច្ចុប្បន្ន ចិនបានក្លាយជាផ្នែកមួយដ៏សំខាន់វិនិយោគក្នុងវិស័យសំខាន់ៗជាច្រើននៅតាមបណ្តាប្រទេសដែលសមាជិកអឺរ៉ុប ពិសេសការវិនិយោគក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាជាដើម ដែលអាចជះឥទ្ធិពលដល់ប្រព័ន្ធសន្តិសុខសុវត្ថិភាពនៃបណ្តាប្រទេសទាំងអស់នៅអឺរ៉ុប បើទោះបីជាប្រទេសចិនតែងបង្ហាញពីការគោរព និងអនុវត្តតាមគោលការណ៍កំណត់របស់អឺរ៉ុបយ៉ាងខ្ជប់ខ្ជួនហើយក្តី។​

លោកបន្តថា ថ្វីត្បិតតែអឺរ៉ុបនៅតែត្រូវការជំនួយបន្ថែមលើការអភិវឌ្ឍន៍បច្ចេកវិទ្យា និងជំនាញមែនពិត ប៉ុន្តែមិនមែនមានន័យថា បណ្តាប្រទេសនៅអឺរ៉ុបដូចជាអាឡឺម៉ង់ និងបារាំង ត្រូវធ្វើប្រងើយកន្តើយលើសកម្មភាពវិនិយោគ​ឥតដាច់ និងការងារផ្សេងទៀតរបស់ចិនបានឡើយ។

គួរជម្រាបផងដែរថា នៅក្នុងពេលប៉ុន្មានចុងក្រោយនេះ ចិនសម្រុកបង្កើនការវិនិយោគកាន់តែខ្លាំងក្លាមកកាន់បណ្តាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ និងនៅតែបន្តបង្កើនសក្តានុពលសេដ្ឋកិច្ច ពង្រីកវិសាលភាពយ៉ាងឆាប់រហ័ស៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO CAM-IN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES