គោលការណ៍រកស៊ីទាំង១០ ​របស់ចាបក្រហម​​ ជួយអ្នកតម្រង់ទិសដៅក្នុងការរកស៊ីឲ្យបានរឹងមាំ

ក្រោយពីបានចេញបំផុត​គំនិតរកស៊ីនៅកម្ពុជា​អស់រយះពេលជិត៦ឆ្នាំមក ​ខ្ញុំនិងក្រុមចាបក្រហម​ទាំងអស់បាន​តាក់តែងនូវគោលការណ៍រកស៊ី១០​ចំណុច ​ដែល​អាចនឹងជួយលោកអ្នកតម្រង់ទិសដៅ​ក្នុងការចេញរកស៊ីឲ្យបាន​រឹងមាំ។

គំនិតនៅក្នុងគោលការណ៍ទាំំង១០នេះ ​​នឹងជួយលោកអ្នកដឹកនាំក្រុមហ៊ុន​ដោយផ្អែកលើគុណតម្លៃ​និង​ក្តីស្រមៃ​​ ជាជាងការរកស៊ីដោយផ្អែកតែលើប្រាក់ចំណេញក្នុងរយពេលខ្លី។​​​ ប្រសិនបើលោកអ្នក​ប្រកាន់​គោលការណ៍រកស៊ីទាំងនេះ បានភ្ជាប់លាប់ល្អ​នោះ​លោកអ្នកនឹង​ក្លាយជាសហគ្រិនឆ្នើម​ម្នាក់​របស់កម្ពុជា​ជាមិនខាន។

  1. រត់តាមក្តីស្រមៃ ​កុំរត់តាមលុយ
  2. បុគ្គលិកទី១ ​អតិថិជនទី២​ ភាគហ៊ុនិកទី៣
  3. ដាក់មហិច្ឆតាចាប់ឳកាសឲ្យធំ ​តែត្រូវចាប់ផ្តើមឲ្យតូច
  4. រើសមុខរបរដែលដោះបញ្ហាមនុស្ស ហើយអាចរកស៊ីតកូនតចៅ៣ជំនាន់
  5. រកស៊ីត្រូវធ្វើជាម្ចាស់លើយីហោ ​​ហើយយីហោខ្មែរទី១ ​យីហោបរទេសទី២
  6. ពេលរកស៊ីខាត​ ​ស៊ូខាតលុយ ​តែមិនត្រូវខាតទំនុកចិត្តមនុស្សទេ
  7. ពេលជួបឧបសគ្គធំ ដូរផ្លូវដើរ តែកុំដូរក្តីស្រមៃដាច់ខាត
  8. ខ្វល់រឿងអភិវឌ្ឍខ្លួនឯង​ជាង ខ្វល់រឿងគូប្រកួតប្រជែង
  9. រកស៊ីពីសហគ្រិនស្ទើរៗ ទៅជាសហគ្រិនឆ្នើម
  10. រកស៊ីនិងវិនិយោគដើម្បីអនាគតកម្ពុជា

គោលការណ៍ទី១​គឺរត់តាមក្តីស្រមៃ ​កុំរត់តាមលុយ ​​ព្រោះក្តីស្រមៃមានឥទ្ធិពលខ្លាំងជាងលុយ​ក្នុងការ​ជួយអ្នក​ឲ្យឆ្លងផុតការលំបាក។ ​គោលការណ៍ទី២​វិញ ​ជាមាគ៌ា​ដែលផ្តោតលើការយកបុគ្គលិក​ជាយីហោ​របស់អាជីវកម្មអ្នក ដែលអ្នកត្រូវចំណាយពេល​និង​ធនធាន​បណ្តុះបណ្តាលពួកគាត់ឲ្យពូកែ ​ដើម្បីពួកគាត់​អាចទៅដោះស្រាយបញ្ហា​របស់ភ្ញៀវបានដោយប្រសិទ្ធិភាពខ្ពស់បាន។ អ្នកមិនគួរគិតពីភ្ញៀវនិង ម្ចាស់ភាគហ៊ុនច្រើនពេក រហូតភ្លេចបុគ្គលិក​របស់ខ្លួន​ដែល​អ្នកបង្កើតគុណតម្លៃ​​នៅក្នុងអាជីវកម្មរបស់អ្នកនោះ។

គោលការណ៍ទី៣ ​រកស៊ីអ្វីក៏ដោយត្រូវមានមហិច្ឆតាឲ្យធំ តែត្រូវដឹងផ្លូវចាប់ផ្តើមឲ្យតូចបំផុត។​ពេលចេញរកស៊ីដំបូង ​ឬចេញផលិតផលថ្មី​​ អ្នកត្រូវមានផែនការឲ្យធំ ​តែ​ត្រូវចេះវិធីចេញដោយ​អស់លុយតិចបំផុត ​​ទើបពេលអ្នកចេញខុស​នោះនឹងត្រូវកែអស់ចំណាយតិចតួចបំផុត។

គោលការណ៍ទី៤​ នេះជាគោលការណ៍ដែលខ្ញុំបានអនុវត្តតាំងពីចាប់ផ្តើម​ Business Cambodia ដំបូងមកម្លេះ។​ ខ្ញុំមិនរើស​អាជីវកម្មដែលឆាប់ចំណេញ ​តែឆាប់បិទទៅវិញដែរ​នោះទេ​តែខ្ញុំមើលអាជីវកម្មណា ដែលអាចនឹង​នៅបន្តទៅមុខទៀតទោះជីវិតខ្ញុំអស់ក៏ដោយ។​ហើយបើអ្នករើសអាជីវកម្មល្អបានហើយ​ អ្នកត្រូវធ្វើ​ជាម្ចាស់​លើយីហោនោះផង ​នេះជាគោលការណ៍ទី៥។​គោលការណ៍នេះដែរនៅ Business Cambodia យើងឲ្យអតិភាពទៅយីហោខ្មែរទី១​រីឯយីហោបរទេសទី២។

ដល់គោលការណ៍ទី៦ ​ខ្ញុំចង់ប្រាប់ទាំងអស់គ្នា​រយះពេលជិត៦ឆ្នាំនេះ ​ពេលខ្ញុំរកស៊ីខាត ​ខ្ញុំស៊ូខាតលុយ​ធ្វើការអត់យកប្រាក់ខែទេ ​តែខ្ញុំមិនព្រមខាតទំនុកចិត្ត ​ភ្ញៀវ បុគ្គលិក ឬម្ចាស់ភាគហ៊ុនរបស់ខ្ញុំទ្បើយ។​គោលការណ៍នេះហើយ បានធ្វើមនុស្សជាច្រើនដែលស្គាល់ខ្ញុំចង់ផ្ញើរលុយរកស៊ីជាមួយខ្ញុំណាស់។

គោលការណ៍ទី៧ ​បើខាតហើយខាតទៀត ​អ្នកអាចនឹងគិតដូរមុខរបរ ​តែកុំដូរក្តីស្រមៃដាច់ខាត។ ​ខ្ញុំធ្លាប់​បិទទស្សនាវដ្តីដែលបើកអស់ជាង៤ឆ្នាំ​ ហើយខ្ញុំក៏ធ្លាប់បិទហាងអស់២កន្លែងដែរ ​តែខ្ញុំមិនធ្លាប់បិទក្តីស្រមៃ​ដែលខ្ញុំបានស្រមៃអស់រាប់ឆ្នាំហើយនោះទេ។ ​ទីបំផុតទៅក្តីស្រមៃនៅតែបន្ត ទោះហាងត្រូវបិទ ​ឬទស្សនាវដ្តី​ត្រូវបិទចោលក្តី។

គោលការណ៍ទី៨ ​ខ្វល់រឿងអភិវឌ្ឍខ្លួនឯង​ជាង ខ្វល់រឿងគូរប្រគួតប្រជែង។ ​ក្រោយពីបានសំលៀងពូថៅ​រកស៊ី​អស់រយះពេលជាង៤ឆ្នាំ ​នៅឆ្នាំទី៥​ឆ្នាំ ខ្ញុំលែងខ្វល់ពីគូប្រកួតរបស់ខ្ញុំទាំងអស់។​ ដល់ពេលលែងខ្វល់​ខ្ញុំមានពេល​១០០%​ផ្តោតលើការធ្វើខ្លួនឯងឲ្យល្អជាងមុន ​ឲ្យពូកែជាងមុន​ហើយលទ្ធផលគឺល្អប្រសើរជាងពេលមុនឆ្ងាយណាស់។

គោលការណ៍ទី៩និងទី១០​ រកស៊ីពីសហគ្រិនស្ទើរៗ ទៅជាសហគ្រិនឆ្នើម ​ហើយឆ្នើមសម្រាប់កម្ពុជា​មិនមែន​ឆ្នើមសម្រាប់ដើរអួតគេទេ។ ​ទី៩និងទី១០នេះ​ជាមូលហេតុធំបំផុត​ដែលខ្ញុំចេញរកស៊ី ហើយក៏ជាហេតុផលដែល​ក្រុមចាបក្រហម​ទាំងអស់​ខំទាំងយប់ ទាំងថ្ងៃ ដើម្បីបំផុសគំនិតរកស៊ីនៅកម្ពុជាដែរ។

គោលការណ៍ទាំង១០ខាងលើនេះបង្កើតទ្បើង ក្នុងគោលបំណង​ បំផុសគំនិតរកស៊ីដែលត្រឹមត្រូវបំផុត​សម្រាប់កម្ពុជា។​គោលការណ៍ទាំងនេះ​ជាគុណតម្លៃរបស់ចាបក្រហម​ដែលយើងជឿនិងអនុវត្តតាម​ដើម្បីការរីកចម្រើន​របស់ប្រទេសកម្ពុជាដែលរឹងមាំមួយ។ចង់ឲ្យក្រុមហ៊ុន​របស់លោកអ្នករីកចម្រើន​សូមយកគោលការណ៍ទាំងនេះ​បិទនៅក្នុងក្រុមហ៊ុន​​ ហើយនាំគ្នាអនុវត្តទាំងអស់គ្នា។​ខ្ញុំនឹងសសេរគោលការណ៍រកស៊ីទាំង១០​របស់ចាបក្រហមនេះ លម្អិតបំផុត​នៅក្នុងសៀវភៅបន្ទាប់​របស់ខ្ញុំ៕

ចង់ក្លាយជាសហគ្រិនដែលពូកែរកសុី​ សូមចូលវៀនវគ្គខ្លី “​ក្លាយជាសហគ្រិនឆ្នើម” ជាមួយខ្ញុំនៅថ្ងៃទី​ 23-03-2019 ចាប់ពីម៉ោង៩ព្រឹកទៅ។​ សូមចុះឈ្មោះមុនតាមរយះ​010 897 016/ 085 827 828។

អត្ថបទដោយ៖ ​សំ កុសល
អ្នកនិពន្ធសៀវភៅ​​ "ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ"
សៀវភៅទី២​របស់ខ្ញុំ​ “លក់អារម្មណ៍” ចេញលក់ថ្មីៗនេះ
ទំនាក់ទំនងភ្នាក់ងារលក់ 092 575823
ទំនាក់ទំនងអ្នកនិពន្ធផ្ទាល់តាមហ្វេសប៊ុក​ Sam Kosal


0 មតិ

បញ្ចេញមតិ

RELATED ARTICLES