ហេតុអ្វីក្រុមហ៊ុនកំពូលៗក្នុងលោកជោគជ័យខ្លាំងព្រោះតែបោះលក់ភាគហ៊ុនជាសាធារណៈ?

បច្ចុប្បន្ន នៅពេលយើងនិយាយពីទ្រព្យសម្បត្តិរបស់នរណាម្នាក់ យើងមិនមើលទៅលើសំភារៈជាប់ខ្លួននោះទេ ប៉ុន្តែយើងមើលទៅលើទ្រព្យសុទ្ធដោយមិនជំពាក់គេ (Net Worth)របស់បុគ្គលនោះ ។ ឧទាហរណ៏ ខ្ញុំមានរថយន្តមួយគ្រឿង តម្លៃ៣ម៉ឺនដុល្លារ និងផ្ទះមួយល្វែងមួយតម្លៃ១០ម៉ឺនដុល្លារ ប៉ុន្តែខ្ញុំជំពាក់គេ៨ម៉ឺនដុល្លារ ដូចនេះ Net Worthរបស់ខ្ញុំមានត្រឹមតែ ៥ម៉ឺនដុល្លារ (៣+១០-៨=៥)។

ចំពោះភាគហ៊ុនវាបានក្លាយជាទ្រព្យសម្បត្តិមួយប្រភេទ ដែលមានតម្លៃជាងគេ សម្រាប់អ្នកមានលំដាប់ពិភពលោក ក្នុងការគណនាNet Worth  ដូចជាលោកJack Ma ដែលមានទ្រព្យសម្បត្តិប្រហែល $42 Billion​ (as of 14/05/2018) ដោយសារតែគាត់កាន់កាប់ភាគហ៊ុនមួយចំណែករបស់Alibaba។

ការចុះបញ្ចីលក់ភាគហ៊ុនជាសាធារណៈប្រហែលជាវិធីសាស្ត្រកៀរគរមូលធនថ្មីមួយនៅកម្ពុជា ដែលម្ចាស់ក្រុមហ៊ុនភាគច្រើននៅមិនទាន់មានការស្វែងយល់បានច្បាស់។ ក្រៅពីជួយធ្វើឱ្យសេដ្ឋកិច្ច និងក្រុមហ៊ុនមានការរីកចម្រើន ការចុះបញ្ចីជាសាធារណៈក៏បានជួយឱ្យម្ចាស់ភាគហ៊ុនិកដើម ទទួលបាននូវការកើនឡើងនូវNet Worth យ៉ាងច្រើនផងដែរ ពិសេសវាបានជួយកាត់បន្ថយនូវហានិភ័យក្នុងការអាជីវកម្មថែមទៀតផង។

ជាឧទាហរណ៍៖ មុនពេលដែលស្ថាបនិក Alibaba Group លោក Jack Ma ចុះបញ្ចីភាគហ៊ុនរបស់គាត់នៅលើផ្សារភាគហ៊ុនក្រុងញ៉ូយ៉ក យើងទាំងអស់គ្នាមិនបានស្គាល់គាត់នោះទេ ហើយគាត់ក៏មិនមែនជាមហាសេដ្ឋីលំដាប់កំពូលនៅប្រទេស​ចិន​ដែរ។ ហេតុអ្វីបានជាការចុះបញ្ចីក្រុមហ៊ុនបោះផ្សាយភាគហ៊ុនជាសាធារណៈធ្វើឱ្យគាត់កើនឡើងទ្រព្យសុទ្ធយ៉ាងនេះ? ខាងក្រោមជាការបកស្រាយពីអត្ថប្រយោជន៍នៃការចុះបញ្ចីក្រុមហ៊ុនជាសាធារណៈចំពោះម្ចាស់ភាគហ៊ុនដើម៖

១.​ការកើនឡើងតម្លៃអាជីវកម្ម ឫក្រុមហ៊ុន

ឆ្លងកាត់តាមទីផ្សារមូលធន​ (Capital Market) តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនគឺបានឆ្លុះបញ្ចាំងពីការព្យាករណ៍នៃអាជីវកម្មនាពេលអនាគតរបស់ក្រុមហ៊ុន។ ឧទាហរណ៍ ក្រុមហ៊ុនបច្ចុប្បន្នមានទ្រព្យសកម្ម (Equity)ក្នុងមួយភាគហ៊ុន​តែ ៥.០០០រៀល ប៉ុន្តែដោយសារការរំពឹងថាក្រុមហ៊ុននឹងមានចំណូលច្រើននាប៉ុន្នានឆ្នាំបន្ទាប់ នោះវិនិយោគិនប្រហែលជាអាចឱ្យតម្លៃភាគហ៊ុននោះក្នុងមួយភាគហ៊ុន​១៥.០០០រៀល។ ដូចគ្នានេះដែរ ទ្រព្យរបស់ម្ចាស់ភាគហ៊ុនដើមនឹងអាចកើនឡើងបីដង ក្នុងឧទាហរណ៍ខាងលើ បន្ទាប់ពីភាគហ៊ុនរបស់គាត់ត្រូវបានជួញដូរជាសាធារណៈ។ ការកើនឡើងតម្លៃភាគហ៊ុនប៉ុន្នានដងបន្ទាប់ពីបោះផ្សាយលក់​ គឺអាស្រ័យទៅលើប្រភេទនៃអាជីវកម្ម និងទំនោរនៃភាពរីកចម្រើនរបស់ក្រុមហ៊ុន។

២. ការចែករំលែកហានិភ័យ និងយុទ្ធសាស្ត្រចាកចេញ

បន្ទាប់ពីបានបោះផ្សាយលក់ភាគហ៊ុនបន្ថែម ភាគរយកាន់កាប់ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុនដើមនឹងថយចុះ ដូចនេះហានិភ័យនៃការអនុវត្តផែនការអាជីវកម្មថ្មី ដែលមានភាពប្រថុយប្រថាន នឹងត្រូវបានចែករំលែកគ្នារវាងភាគហ៊ុនិកទាំងអស់។ ម្ចាស់ភាគហ៊ុនដើម ក៏អាចលក់ភាគហ៊ុន ឬទិញភាគហ៊ុនបន្ថែមបាននៅគ្រប់ពេល ដែលអាចធ្វើឱ្យមានការចំណេញពីការឡើងចុះនៃថ្លៃភាគហ៊ុនរបស់គាត់ ទៅតាមស្ថានភាពអាជីវកម្មជាក់ស្តែង។

៣. អាជីវកម្មរបស់ក្រុមហ៊ុនកាន់តែល្អ

ដើម្បីអាចចុះបញ្ចីលក់ភាគហ៊ុនជាសាធារណៈបាន ក្រុមហ៊ុនត្រូវរៀបចំខ្លួន និងមានការគ្រប់គ្រងជាលក្ខណៈស្តង់ដា។ បន្ទាប់ពីបានចុះបញ្ជីរួចរាល់ ភាគហ៊ុនិកថ្មីៗទាំងអស់នឹងអាចចូលរួមបោះឆ្នោតសម្រេចលើទិសដៅអភិវឌ្ឍន៍ក្រុមហ៊ុន តាមសមាមាត្រនៃចំនួនភាគហ៊ុនដែលពួកគេកាន់កាប់។ កត្តានេះបានធ្វើឱ្យការគ្រប់គ្រងក្រុមហ៊ុនកាន់តែមានប្រសិទ្ធិភាព៕

 

អត្ថបទដោយ៖ MENG SONGHUA

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES