មហាសេដ្ឋីជប៉ុន Kazuo Inamori ប្រាប់ពីគោលការណ៍គ្រប់គ្រងអាជីវកម្មដ៏ជោគជ័យ៦ចំណុច

លោក Kazuo Inamori មហាសេដ្ឋីលំដាប់កំពូលមួយរូបរបស់ប្រទេសជប៉ុន និងជាស្ថាបនិកក្រុមហ៊ុនអាកាសចរជប៉ុន Japan Airline បានបង្ហើបប្រាប់ពីគោលការណ៍ដឹកនាំអាជីវកម្មដ៏ជោគជ័យ៦ចំណុច សម្រាប់សហគ្រិនជំនាន់ថ្មីប្រើដើម្បីបណ្តុះនូវប្រព័ន្ធគ្រប់គ្រង និងដឹកនាំដ៏រឹងមាំសម្រាប់ក្រុមហ៊ុន។​

១. ស្មើភាព មិនលម្អៀង

ស្ថាប័នណាមួយដែលមិនមានភាពលម្អៀង មិនស៊ីខ្សែស្រឡាយ បងប្អូនមិត្តភក្តិអ្នកស្គាល់គ្នា ដោយផ្តល់តម្លៃខ្ពស់លើគោលការណ៍ច្បាប់ និងបញ្ញាត្តិក្រុមហ៊ុន ស្ថាប័ននោះនឹងរីកចម្រើនដើរទៅមុខបានលឿន ដោយសារតែបុគ្គលិកមានសមត្ថភាពសប្បាយចិត្តក្នុងការធ្វើការងារ ប្រកួតប្រជែងគ្នាដោយយុត្តិធម៌ និងមានតម្លាភាព។

២. កំណត់គោលដៅច្បាស់លាស់

ដើម្បីឲ្យក្រុមការងារសហការគ្នា ធ្វើ​ការមើលតែទៅលើគោលដៅ មិនផ្តោតលើតែផលប្រយោជន៍ និងចំណាយពេលទាស់ទែងគ្នា ក្រុមហ៊ុន ឫអាជីវកម្មមួយគួរណាស់តែកំណត់គោលដៅ ឫក្តីស្រមៃឲ្យច្បាស់ រួចធ្វើការចែករំលែកក្តីស្រមៃនេះទៅកាន់ក្រុមការងារទាំងអស់ ដើម្បីឲ្យមានទស្សនៈ និងគោលដៅរួម។​

៣. ភាពជាគំរូ

នៅក្នុងស្ថាប័នមួយ ថ្នាក់ដឹកនាំត្រូវតាំងខ្លួនជាគំរូល្អដល់ក្រុមការងារក្រោមបង្គាប់ មិនគួរតាំងខ្លួនជាមេប្រើអំណាចផ្តាច់ការ ឫគាប់សង្កត់អ្នកនៅក្រោមបង្គាប់ឡើយ ហើយបុគ្គលិកក្រោមបង្គាប់ទៀតសោត ក៏ត្រូវបង្ហាញពីភាពជាបុគ្គលិកគំរូដល់បុគ្គលិកដទៃទៀត។ ស្ថាប័នដែលអាចបង្កើតវប្បធម៌ភាពជាគំរូល្អនេះបាន នឹងមានលទ្ធភាពដឹកនាំអាជីវកម្មដើរបានកាន់តែឆ្ងាយ រស់បានកាន់តែយូរ។​

៤. ចំណូលឲ្យខ្ពស់បំផុត ចំណាយឲ្យទាបបំផុត

នៅត្រង់ចំណុចនេះផ្តោតសំខាន់លើលទ្ធភាព និងភាពវ័យឆ្លាតក្នុងការបែងចែកលំហូរសាច់ប្រាក់តាមលទ្ធភាព កុំផ្តោតតែលើប្រាក់ចំណេញ ត្រូវរៀនរកវិធីឲ្យប្រាក់ចំណូលរត់តាមការសម្រេចចិត្តរបស់យើងវិញ។ កុំបង្កើតទម្លាប់ចំណាយឲ្យច្រើនជាងចំណូលឲ្យសោះ ចៀសវាងបង្កើតហានិភ័យកាន់តែខ្ពស់ឲ្យអាជីវកម្ម ឫក្រុមហ៊ុនខ្លួនឯង ដេកស្លាប់ក្នុងពេលខ្លី។

កត្តាដែលបង្កើតភាពច្បាស់លាស់នៃប្រភពចំណូលគឺការកំណត់គណនាថ្លៃដើមបានត្រឹមត្រូវ ហើយក្រុមហ៊ុនដែលអាចតស៊ូរស់បានយូរគឺជាក្រុមហ៊ុនដែលអាចឲ្យអតិថិជនសប្បាយចិត្ត និងទាញចំណូលពីការលក់បានច្រើនបំផុត។

៥. គោរព ឲ្យតម្លៃ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត

តើក្រុមហ៊ុនណាមួយដែលអាចរស់បានយូរដោយគ្មានការគោរព ឲ្យតម្លៃ លើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តនៅក្នុងស្ថាប័នទាំងមូលនោះ? នៅក្នុងស្ថាប័នដែលខ្លាំងគេផ្តល់ការគោរពគ្នាកាន់តែខ្ពស់ មិនថាស្ថិតនៅក្នុងមុខតំណែងអ្វីថ្មី ឫក៏ចាស់នោះទេ។ ពិសេសការបង្កើតវប្បធម៌ប្រកួតប្រជែងដើម្បីភាពរីកចម្រើនរួមគ្នា ទាំងបុគ្គលិក ទាំងក្រុមហ៊ុន ហើយវាក៏ជាផ្នែកមួយនៃការលើកទឹកចិត្តក្នុងការងារផងដែរ។​

៦. ទទួលយកអ្វីដែលថ្មី អភិវឌ្ឍន៍អាជីវកម្មជានិច្ច

អាជីវកម្មដែលអាចរស់បានយូរ គឺជាអាជីវកម្មដែលមិនចេះនៅស្ងៀមត្រឹងមួយកន្លែង ហើយជាអាជីវកម្មដែលហ៊ានទទួលបានអ្វីដែលថ្មី ប្រឈរមុខគ្រប់បញ្ហា និងការប្រកួតប្រជែងក្នុងទីផ្សារ។

គ្រប់ពេលដែលអាជីវកម្មមួយមិនព្រមធំ មិនព្រមវិវឌ្ឍន៍ខ្លួនទៅមុខ វាជាសញ្ញាបញ្ជាក់ថាអាជីវកម្មជិតដល់ទីបញ្ចប់ហើយ។

 

អត្ថបទដោយ៖ MENG SONGHUA

Co-founder Phsar Khmer

0 មតិ

បញ្ចេញមតិ

RELATED ARTICLES