ភាពជាអ្នកដឹកនាំខ្លាំងពូកែ៥ចំណុច ពីបិតាសិង្ហបុរី លី ក្វាន់យូ ធ្វើប្រទេសនេះខ្លាំងដូចសព្វថ្ងៃ

(សិង្ហបុរី)៖ គិតមកដល៉ពេលនេះ លី ក្វាន់យូ មេដឹកនាំផ្តាច់ការដែលត្រូវបានប្រជាជនសិង្ហបុរីហៅថាឪពុក និងបានចំណាយពេលជិតពាក់កណ្តាលជីវិតកសាងសិង្ហបុរីពីគ្មានអ្វីសោះ មកជាខ្លាសេដ្ឋកិច្ចដ៏មានមុខមាត់ជាងគេនៅអាស៊ី បានស្លាប់ប្រជាជនរបស់ខ្លួនអស់ពេល៣ឆ្នាំហើយ។

មេដឹកនាំដ៏មានឥទ្ធិពលរូបនេះ ជាមនុស្សដែលធ្វើការម៉ត់ចត់ និងច្បាស់លាស់ ដោយមិនខ្វាយខ្វល់ពីពាក្យសម្តីតិទៀនពីមជ្ឍដ្ឋានជុំវិញខ្លួនឡើយ ឲ្យតែការងារ និងការសម្រេចចិត្តនោះលោកយល់ថា វាត្រឹមត្រូវ និងពិតជាផ្តល់ប្រយោជន៍ដល់សិង្ហបុរីពិតមែន។

ខាងក្រោមនេះ ជាមេរៀនភាពជាអ្នកដឹកនាំ៥ចំណុច ដែលលោកផ្តោតខ្លាំង និងបានប្រើប្រាស់វាផ្លាស់ប្តូរខ្លួនឯង ក៏ដូចជាសិង្ហបុរីឲ្យមានភាពរីកចម្រើនខ្លាំងដូចសព្វថ្ងៃនេះ។

១. ផ្តោតការយកចិត្តទុកដាក់

ក្រោយបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីអង់គ្លេស លី ក្វាន់យូ បានសម្រេចចិត្តត្រឡប់មកកាន់ប្រទេសម៉ាឡេស៊ីវិញ ខណៈពេលនោះម៉ាឡេស៊ី និងសិង្ហបុរីមិនទាន់ផ្តាច់ចេញពីគ្នានៅឡើយ។ លោកធ្លាប់មានប្រសាសន៍ថា៖ ក្រុមមនុស្សស្បែកស នៅសហគមន៍អឺរ៉ុបមិនទាន់សាកសមគ្រប់គ្រង ប្រើប្រាស់លោកឡើយ។

ការងារដែលមានប្រសិទ្ធិភាពខ្ពស់ និងជម្រុញចិត្តយើងឲ្យនៅតស៊ូបានយូរ គឺជាការងារដែលយើងស្រឡាញ់ពេញចិត្ត និងដាក់គោលដៅធ្វើវាឲ្យសម្រេច។ ហេតុនេះ ដំបូងដៃបំផុតដើម្បីអាចឲ្យអ្នកធ្វើការងារណាមួយបានល្អបំផុត អ្នកត្រូវរកឲ្យឃើញការងារដែលអ្នកស្រឡាញ់ និងក្តីស្រមៃរបស់អ្នក។

២. អភិវឌ្ឍន៍សមត្ថភាព

ជាមេដឹកនាំម្នាក់ សមត្ថភាព និងចំណេះដឹងមិនអាចនៅស្ងៀមមួយកន្លែងបានទេ។ អ្នកត្រូវចំណាយអភិវឌ្ឍន៍ខ្លួនឯងជាប្រចាំ។ សម្រាប់បិតាសិង្ហបុរីរូបនេះ គាត់បានបង្ខំខ្លួនឯងសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែមជាប់ជាប្រចាំ ហើយសមត្ថភាពប្រើប្រាស់ភាសាយ៉ាងស្ទាត់ជំនាញទាំង៣ ដែលរួមមានអង់គ្លេស ចិន និងម៉ាឡេស៊ី ជួយឲ្យលោកអាចរៀនសូត្របានកាន់តែច្រើន បង្កើតទំនាក់ទំនងបានកាន់តែល្អ។

ដោយសារតែសមត្ថភាពដែលលោកខិតខំសិក្សា បានបើកឱកាសឲ្យលោកងាយស្រួលក្នុងការទំនាក់ទំនង កំណត់ច្បាប់គ្រប់គ្រង និងដោះស្រាយបញ្ហាផ្សេងៗក្នុងសង្គម និងជាជំនួយការណែនាំដល់សហជីព និងសមាគមន៍ជាង១០០កន្លែងខុសៗគ្នា។

៣. បើកកកាយចក្ខុវិស័យរួម

លី ក្វាន់យូ ជាឪពុកដែលមានសម្តីកាច និយាយគ្មានខ្លាចការប៉ះពាល់ដល់អារម្មណ៍នរណាម្នាក់ឡើយ។ អ្វីដែលលោកលើកមកនិយាយសំដៅដល់ការដាស់តឿនអារម្មណ៍ ស្មារតីទទួលខុសត្រូវដល់ប្រជាពលរដ្ឋសិង្ហបុរី។ លោកជឿជាក់ថា នៅពេលដែលមនុស្សមានគោលដៅរួមមួយដូចគ្នា ពួកគេនឹងប្រឹងប្រែងចូលរួមកសាងប្រទេស និងព្យាយាមសម្រេចគោលដៅរួមជាមួយគ្នា។

មេដឹកនាំរូបនេះធ្លាប់មានប្រសាសន៍ថា “ប្រទេសសិង្ហបុរីមិនមែនជាកម្មសិទ្ធិរបស់សហគមន៍ណាម្នាក់ឡើយ។ ប្រទេសនេះគឺជាកម្មសិទ្ធិ និងទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា។ អ្នកដែលបានជួយកសាងប្រទេសនេះមុនគេ គឺម្តាយឪពុករបស់អ្នករាល់គ្នា ដូនតារបស់អ្នករាល់គ្នា តមកជាង១០០ឆ្នាំមកហើយតាំងពីគ្មានអ្វីសោះ។ មកដល់ថ្ងៃនេះ ប្រទេសនេះមានទីក្រុងទំនើប ១០ឆ្នាំទៀត វានឹងរឹតតែទំនើប បើអ្នករាល់គ្នាចូលបន្តកសាងវាបន្ថែមទៀត។”

៤. មើលពិភពលោក ចង់សម្ព័ន្ធមិត្ត

លី ក្វាន់យូ ជឿជាក់ថា រដ្ឋដ៏តូចដូចជាសិង្ហបុរីត្រូវការចំណងមិត្តភាពល្អជាមួយបណ្តាប្រទេសធំៗឲ្យបានច្រើន ការងារនេះនឹងជួយឲ្យសិង្ហបុរីវិវឌ្ឍន៍ខ្លួនបានលឿន ស្របពេលជាមួយគ្នា លោកក៏ត្រូវការសិក្សាបន្ថែមពីបណ្តាប្រទេសអភិវឌ្ឍន៍ធំៗទាំងនោះដែរ។

ចន្លោះពីឆ្នាំ១៩៥៩ ដល់ឆ្នាំ២០១២ បានធ្វើដំណើរជាផ្លូវការចំនួន ៣០៤ លើក ទៅកាន់ប្រទេសចំនួន៨៣ នៅលើពិភពលោក។ ដំណើរទស្សនៈកិច្ចទាំងនេះ ផ្តល់ឱកាសឲ្យលោករៀនសូត្របានកាន់តែច្រើន មានគំនិត និងការគិតបានកាន់តែវែងឆ្ងាយ យកគំនិតថ្មីៗទាំងនោះមកដាក់បញ្ចូលក្នុងប្រទេសសិង្ហបុរី។

៥. ផែនការជោគជ័យ

មនុស្សច្រើនណាស់ ដែលជោគជ័យក្នុងការរកស៊ីហើយ បែរជានៅបង្កឱកាសឲ្យខ្លួនឯងបរាជ័យ ធ្លាក់ខ្លួនក្រសាជាថ្មីម្តងទៀត។ ប៉ុន្តែសម្រាប់មេដឹកនាំសិង្ហបុរីរូបនេះវិញ គាត់បានចំណាយពេលស្ទើរតែពេញមួយជីវិតកសាងសិង្ហបុរីឡើង ហេតុនេះការងារទាំងឡាយដែលលោកខិតខំធ្វើ គឺធ្វើយ៉ាងណាឲ្យសិង្ហបុរីបន្តដំណើរទៅមុខ ដោយរលូន។ ដូចនេះហើយ ទើបក្រោយចប់អាណិត្តប្រធានាធិបតី លោកនៅបន្តធ្វើជាទីប្រឹក្សារដ្ឋាភិបាល ជួយជ្រុំជ្រែងអ្នកគ្រប់គ្របបន្តជំនាន់ក្រោយ ដោយមិនហ៊ានសម្រាក់ឡើយ។

លី ក្វាន់យូ “ខ្ញុំបានចំណាយជីវិតរបស់ខ្ញុំច្រើនបំផុតដើម្បីកសាងសិង្ហបុរី ហើយគ្មានអ្វីសេសសល់ទៀតទេ ដែលខ្ញុំអាចធ្វើបាននៅពេលនេះ។ នៅថ្ងៃចុងបញ្ចប់នៃជីវិតរបស់ខ្ញុំ អ្វីដែលខ្ញុំជោគជ័យគឺសិង្ហបុរី ហើយអ្វីដែលខ្ញុំលះបង់ គឺជីវិតរបស់ខ្ញុំ”៕

 

អត្ថបទដោយ៖ MENG SONGHUA

0 មតិ

បញ្ចេញមតិ

RELATED ARTICLES