សេដ្ឋីវ័យក្មេងស្ថាបនិក iFood ថា៖ មានពាក្យ៣ម៉ាត់ ធ្វើឲ្យលោករកឃើញជោគជ័យដូចសព្វថ្ងៃនេះ

(ហ្វីលីពីន)៖ លោកBryan Tiu ស្ថាបនិកហាងលក់មាន់បំពងហ្វ្រេនឆាយ Peri Peri Chicken និងជាអគ្គនាយកក្រុមហ៊ុន iFoods Group, Inc. ជាសហគ្រិនដ៏វ័យឆ្លាតមួយរូបនៅហ្វីលីពីន។

សហគ្រិនជោគជ័យខ្លាំងក្នុងវិស័យម្ហូបអាហារក្នុងប្រទេសហ្វីលីពីនរូបនេះ ផ្តើមចេញរកស៊ីតាំងពីខ្លួនឯងនៅរៀនថ្នាក់វិទ្យាល័យ ខណៈពេលដែលលោកទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ ដោយទទួលទិញហ្វ្រេនឆាយ (Franchise) ពីហាងលក់ភីហ្សារបស់អាមេរិក Domino’s Pizza ក្នុងឆ្នាំ១៩៩៦។

Bryan Tiu បានមានប្រសាសន៍ថា៖ លោកបានសម្រេចចិត្តចាប់ផ្តើមរកស៊ីដោយខ្ចីលុយសម្រាប់ចូលនិវត្តន៍របស់ឪពុកមករកស៊ី បើកអាជីវកម្មនេះបានមួយឆ្នាំពីរឆ្នាំដំបូង ដំណើរការល្អណាស់ ចំណេញស្រួលណាស់ ហើយលោកផ្ទាល់មិនសូវខ្វាយខ្វល់អ្វីច្រើនទេ ដោយរងចាំធ្វើតែតាមម្ចាស់អាជីវកម្មហ្រ្វេនឆាយគេប្រាប់តែប៉ុណ្ណោះ។

លោកបន្តថា៖ ក្នុងការរកស៊ី ការប្រែប្រួលឡើងចុះកើតមានមិនឈប់ រហូតដល់ឆ្នាំវិបត្តិសេដ្ឋកិច្ចនៅអាស៊ីឆ្នាំ១៩៩៧ បានជះឥទ្ធិពលដល់អាជីវកម្មជាច្រើន រួមទាំងរូបលោកផងត្រូវបង្ខំចិត្តបិទហាងទាំង៣កន្លែង ដែលលោកបានពង្រីកក្នុងរយៈពេល៣ឆ្នាំនៅចុងឆ្នាំ១៩៩៨។

បន្ទាប់ពីបិទអាជីវកម្មនេះ នៅដើមឆ្នាំ២០០០ លោកបានបន្តខ្ចីលុយឪពុកបន្ថែមទៀត ដើម្បីប្រើលុយទាំងនោះទិញយកភាគហ៊ុនហាងអាហារដ្ឋានរបស់ជប៉ុនមួយកន្លែងបើកនៅក្នុងប្រទេសហ្វីលីពីនដែលឈ្មោះថា Teriyaki Boy ដំណើរការដ៏ជោគជ័យពង្រីកបាន១០សាខារហូតដល់ឆ្នាំ២០០៥ លោកក៏សម្រេចចិត្តលក់ភាគហ៊ុន៧០%របស់ខ្លួន ដើម្បីប្រមូលលុយទិញក្រុមហ៊ុនមួយឈ្មោះថា Pancake House ដែលក្រោយមកលោកក៏ប្តូរឈ្មោះវាដាក់ថា iFoods Group, Inc នៅឆ្នាំ២០០៦ ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុននេះមានអាជីវកម្មហាងអាហារលក់ហ្វ្រេនឆាយជាង១០យីហោហើយ និងកំពុងតែពង្រីកខ្លួនទាំងនៅក្នុងស្រុក និងក្រៅស្រុក។

លោក Bryan Tiu បានបង្ហើបឲ្យដឹងថា៖ ជោគជ័យដែលលោកទទួលបានដូចសព្វថ្ងៃកើតចេញពីពាក្យ៣ម៉ាត់ លោកចាំក្នុងចិត្ត និងអនុវត្តន៍ជាប្រចាំនោះគឺ ចេះស្រែកឃ្លានជោគជ័យឥតឈប់ ប្រឹងប្រែងធ្វើការងារឲ្យអស់ពីពោះ និងធ្វើទាល់តែក្តីស្រមៃក្លាយមកជាការពិត

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES