បទពិសោធន៍រកស៊ីដ៏មានតម្លៃ៥ចំណុច សហគ្រិនជំនាន់ថ្មីកម្ពុជាគួររៀនសូត្រតាមពីស្ថាបនិក iFood

(ហ្វីលីពីន)៖ មេរៀនរកស៊ីដ៏មានតម្លៃ និងការរៀនសូត្រមិនចំណាយលុយច្រើន នោះគឺការរៀនសូត្រពីបទពិសោធន៍អ្នកដទៃ។ នេះជាអ្វីដែលយុវជនជំនាន់ថ្មីកម្ពុជា គួរចេះសិក្សាស្រាវជ្រាវ រៀនសូត្របន្ថែមដើម្បីពង្រឹងសមត្ថភាពក្នុងការគិត និងការយល់ដឹងរបស់ខ្លួន។​

ថ្ងៃនេះ Business Cambodia សូមលើកពីបទពិសោធន៍រកស៊ីដ៏មានតម្លៃ៥ចំណុចរបស់លោកសេដ្ឋីវ័យក្មេងBryan Tiu ស្ថាបនិកហាងលក់មាន់បំពងហ្វ្រេនឆាយ Peri Peri Chicken និងជាអគ្គនាយកក្រុមហ៊ុន iFoods Group, Inc. ដែលលោកជាសហគ្រិនដ៏ជោគជ័យម្នាក់នៅក្នុងវិស័យជំនួញម្ហូបអាហារក្នុងប្រទេសហ្វីលីពីន។​

១. រៀនផ្លាស់ប្តូរតាមកាលៈទេសៈ

អ្នករកស៊ីជោគជ័យជាមនុស្សដែលមានចក្ខុវិស័យច្បាស់លាស់ មើលឆ្លុះពីអនាគតនៃទីផ្សារមុន ប៉ុន្តែបើអ្នកមិនអាចមានសមត្ថភាពមើលធ្លុះទីផ្សារមុនដូចគេទេ អ្នកចាំបាច់ត្រូវចេះផ្លាស់ប្តូរខ្លួនឯងទៅតាមសម័យកាល ទៅតាមទីផ្សារដែលតែងតែមានភាពបត់បែនឥតឈប់ឈរ។

នៅត្រង់ចំណុចនេះ លោក Bryan Tiu បានបង្ហើបឲ្យដឹងថា នៅពេលដែលលោកបរាជ័យក្នុងការបើកដំណើរការហាងហ្វ្រេនឆាយ Domino’s Pizza ពេលនោះហើយទើបលោកដឹងថា ហាងផ្សេងទៀតក៏នឹងត្រូវដួលរលំខាតបង់លុយកាកដូចជាលោកដែរ ព្រោះម្នាក់ៗមិនបានត្រៀមខ្លួនទទួលយកគ្រោះអាក្រក់ណាមួយឡើយ ដោយគិតតែពីបង្កើតភាពសុខស្រួលឲ្យខ្លួនឯង ធ្វើតែតាមគេប្រាប់ គ្មានគំនិតអ្វីផ្សេងឡើយ ដែលនេះជាបាតគ្រឹះបរាជ័យដ៏ធ្ងន់ធ្ងរសម្រាប់អ្នករកស៊ី។​

២. រៀនស្វែងយល់ពីតម្រូវការទីផ្សារ

ទីផ្សារក្រៅពីផ្លាស់ប្តូរឥតឈប់ ទីផ្សារក៏តែងតែមានតម្រូវការទិញលក់ឥតឈប់ផងដែរ។ អ្នករកស៊ី ចាំបាច់ត្រូវចេះសង្កេត ស្វែងយល់ និងរកឲ្យឃើញពីតម្រូវការទីផ្សារពិតប្រាកដ ទើបមានឱកាសបើករកស៊ីដោយមានអតិថិជនគាំទ្រ។​

ជាក់ស្តែង លោក Bryan Tiu ក្រោយពេលលោកបិទហាង Domino’s Pizza របស់ខ្លួនជាបន្តបន្ទាប់ លោកបានសម្គាល់ឃើញថា ហ្វីលីពីនជាប្រទេសផលិតមាន់ ហើយប្រជាជនហ្វីលីពីនតាមពិតចូលចិត្តញ៉ាំជាងគេមិនមែននំភីហ្សា គឺសាច់មាន់ ហេតុនេះទើបលោកហ៊ានបោះទុនសហការបើកហាងមាន់បំពង រូបមន្តគ្រឿងពីដៃគូសហការដែលជាជនជាតិជប៉ុន ដែលនាំភាពជោគជ័យឲ្យលោកមានបានដូចសព្វថ្ងៃនេះ​។

៣. ដឹងពីឱកាសពង្រីកខ្លួន និងវិនិយោគ

លក់ក្រុមហ៊ុនខ្លួនឯងឲ្យអ្នកដទៃ មិនប្រាកដថាអ្នកកំពុងបោះបង់ចោលនោះទេ តែមកពីវាជាឱកាស និងពេលដែលអ្នកត្រូវពង្រីកខ្លួន។ អ្នករកស៊ី ចាំបាច់ត្រូវដឹងថាពេលត្រូវពង្រីកខ្លួន ពេលណាគួរបង្រួមខ្លួន ពេលណាគួរលក់ភាគហ៊ុនក្រុមហ៊ុន ពេលណាគួរទិញភាគហ៊ុនក្រុមហ៊ុនអ្នកដទៃ ដើម្បីបង្កើតភាពរឹងមាំឲ្យខ្លួនឯង និងអាជីវកម្មរបស់ខ្លួនផងដែរ។​

ជាឧទាហរណ៍ លោកBryan Tiu ក្រោយបើកហាងអាហារដ្ឋាន Teriyaki Boy ដំណើរការដ៏ជោគជ័យពង្រីកបាន១០សាខារហូតដល់ឆ្នាំ២០០៥ លោកក៏សម្រេចចិត្តលក់ភាគហ៊ុន៧០%របស់ខ្លួន ដើម្បីប្រមូលលុយទិញក្រុមហ៊ុនមួយឈ្មោះថា Pancake House ដែលក្រោយមកលោកក៏ប្តូរឈ្មោះវាដាក់ថា iFoods Group, Inc នៅឆ្នាំ២០០៦ ហើយវាក៏ជាក្រុមហ៊ុនដ៏ជោគជ័យខ្លាំងបំផុតមួយនៅក្នុងប្រទេសហ្វីលីពីនផងដែរ។

៤. អភិវឌ្ឍន៍ផលិតផល សេវាកម្មបង្កើនភាពខ្លាំងឲ្យអាជីវកម្មខ្លួនឯង

សម្រាប់អ្នករកស៊ីដែលអាចប្រកួតប្រជែងនៅលើទីផ្សារបានយូរ ចាំបាច់ត្រូវចេះអភិវឌ្ឍន៍ផលិតផល ឫសេវាកម្មរបស់ខ្លួនជាប់ជាប្រចាំឲ្យកាន់តែល្អ កាន់តែរឹងមាំឡើង ទើបមានឱកាសយកឈ្នះដៃគូប្រកួតប្រជែង។​

៥. ពង្រីកខ្លួនតែមិនភ្លេចខ្លួន

អាជីវកម្មភាគច្រើនតែងតែចុះអន់ខ្សោយនៅពេលដែលចាប់ផ្តើមពង្រីកខ្លួន ពង្រីកសាខា ពង្រីកប្រតិបត្តិការ ព្រោះតែខ្លួនឯងនៅខ្សោយ មិនទាន់រឹងមាំ បែរជាព្យាយាមពង្រីកខ្លួន ចំណែកឯអាជីវកម្មផ្សេងទៀត ដោយសារតែពង្រីកសាខាច្រើនពេក ធ្វើឲ្យការគ្រប់គ្រងថយចុះ។

កត្តាទាំងនេះ បង្កហានិភ័យឲ្យខ្លួនឯងកាន់តែទន់ខ្សោយ និងបើកឱកាសឲ្យគូរប្រកួតប្រជែងកាន់តែងាយផ្តួលរំលំយើង។ ហេតុនេះ អ្នកត្រូវចេះពង្រីកខ្លួននៅពេលដែលខ្លួនឯងខ្លាំង រឹងមាំ ហើយមិនត្រូវភ្លេចខ្លួនទ្វេសប្រហែសក្នុងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មឲ្យល្អគ្រប់សាខានោះទេ៕

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES