Bryan Tiu សហគ្រិនជោគជ័យវ័យក្មេងរបស់ហ្វីលីពីន មិនធ្លាប់និយាយពាក្យចុះចាញ់ក្នុងការរកស៊ី

(ហ្វីលីពីន)៖ សេដ្ឋីវ័យក្មេងBryan Tiu ស្ថាបនិកហាងលក់មាន់បំពងហ្វ្រេនឆាយ Peri Peri Chicken និងជាអគ្គនាយកក្រុមហ៊ុន iFoods Group, Inc. ជាសហគ្រិនជម្នៈក្នុងការរកស៊ីខ្លាំងបំផុត មិនធ្លាប់និយាយពាក្យថាចុះចាញ់ក្នុងវិស័យជំនួញ។​

សហគ្រិនជោគជ័យខ្លាំងក្នុងវិស័យម្ហូបអាហារក្នុងប្រទេសហ្វីលីពីនរូបនេះ ផ្តើមចេញរកស៊ីតាំងពីខ្លួនឯងនៅរៀនថ្នាក់វិទ្យាល័យ ខណៈពេលដែលលោកទើបតែមានអាយុ១៨ឆ្នាំប៉ុណ្ណោះ ដោយទទួលទិញហ្វ្រេនឆាយ (Franchise) ពីហាងលក់ភីហ្សារបស់អាមេរិក Domino’s Pizza ក្នុងឆ្នាំ១៩៩៦។

Bryan Tiu បានមានប្រសាសន៍ថា៖ លោកបានសម្រេចចិត្តចាប់ផ្តើមរកស៊ីដោយខ្ចីលុយសម្រាប់ចូលនិវត្តន៍របស់ឪពុកមករកស៊ី បើកអាជីវកម្មនេះបានមួយឆ្នាំពីរឆ្នាំដំបូង ដំណើរការល្អណាស់ ចំណេញស្រួលណាស់ ហើយលោកផ្ទាល់មិនសូវខ្វាយខ្វល់អ្វីច្រើនទេ ដោយរងចាំធ្វើតែតាមម្ចាស់អាជីវកម្មហ្រ្វេនឆាយគេប្រាប់តែប៉ុណ្ណោះ។

លោកបន្តថា៖ ក្នុងការរកស៊ី ការប្រែប្រួលឡើងចុះកើតមានមិនឈប់ រហូតដល់ឆ្នាំវិបត្តិសេដ្ឋកិច្ចនៅអាស៊ីឆ្នាំ១៩៩៧ បានជះឥទ្ធិពលដល់អាជីវកម្មជាច្រើន រួមទាំងរូបលោកផងត្រូវបង្ខំចិត្តបិទហាងទាំង៣កន្លែង ដែលលោកបានពង្រីកក្នុងរយៈពេល៣ឆ្នាំនៅចុងឆ្នាំ១៩៩៨។

បន្ទាប់ពីបិទអាជីវកម្មនេះ នៅដើមឆ្នាំ២០០០ លោកបានបន្តខ្ចីលុយឪពុកបន្ថែមទៀត ដើម្បីប្រើលុយទាំងនោះទិញយកភាគហ៊ុនហាងអាហារដ្ឋានរបស់ជប៉ុនមួយកន្លែងបើកនៅក្នុងប្រទេសហ្វីលីពីនដែលឈ្មោះថា Teriyaki Boy ដំណើរការដ៏ជោគជ័យពង្រីកបាន១០សាខារហូតដល់ឆ្នាំ២០០៥ លោកក៏សម្រេចចិត្តលក់ភាគហ៊ុន៧០%របស់ខ្លួន ដើម្បីប្រមូលលុយទិញក្រុមហ៊ុនមួយឈ្មោះថា Pancake House ដែលក្រោយមកលោកក៏ប្តូរឈ្មោះវាដាក់ថា iFoods Group, Inc នៅឆ្នាំ២០០៦។

លោក Bryan Tiu មានប្រសាសន៍ថា ក្រុមហ៊ុនដែលលោកបង្កើតនេះ មានគោលដៅធំចង់ជួយដល់វិស័យភោជនីយដ្ឋាន អាហារដ្ឋាននៅក្នុងប្រទេសហ្វីលីពីន អាចពង្រឹងសមត្ថភាព ពង្រីកខ្លួនសាយភាយទូទាំងប្រទេស និងនាំចេញទៅក្រៅប្រទេស ដែលជាក្តីស្រមៃលោកមានតាំងពីក្មេង នៅពេលដែលលោកជិះយន្តហោះចេញក្រៅប្រទេសជាលើកដំបូង ដែលកាលនោះអ្វីដែលលោកសម្គាល់ឃើញច្រើនបំផុតគឺហាងអាហារយីហោបរទេសពាសពេញផ្លូវ៕

 

សូមរងចាំអានអត្ថបទក្រោយពីសហគ្រិនជោគជ័យជនជាតិហ្វីលីពីននេះបន្តទៀត...

 

អត្ថបទដោយ៖ Jimmy

Editor Business ASEAN

0 មតិ

បញ្ចេញមតិ

RELATED ARTICLES