គំនិតអាជីវកម្ម ២ មកពីអាស៊ីជាប់ឈ្មោះជាក្រុមហ៊ុនមានគំនិតឆ្នៃប្រឌិតខ្ពស់បំផុតធ្វើឱ្យ Apple ធ្លាក់ដំណែងក្រុមហ៊ុនលេខ ១

នាពេលថ្មីៗនេះទស្សនាវដ្តីអាមេរិកកាំង​ល្បីល្បាញ​ Fast Company បានបញ្ចេញនូវ​បញ្ជីឈ្មោះក្រុមហ៊ុនដែលមានគំនិត​ឆ្នៃប្រឌិត​ខ្ពស់​បំផុត​ទូទាំង​ពិភពលោក​ប្រមាណជា ​៥០ក្រុមហ៊ុន អ្វីដែល​គួរ​ឱ្យភ្ញាក់ផ្អើលនោះគឺឆ្នាំនេះ​ក្រុមហ៊ុន​ដែលឈរនៅលេខរៀង​ទី ១និងទី ២សុទ្ធតែ​ជាក្រុមហ៊ុន​មកពីអាស៊ី ដោយបានច្រានទម្លាក់ក្រុមហ៊ុនអាមេរិក Apple ដែលជាជើងឯកកាលពីឆ្នាំចាស់​ ធ្លាក់រហូតដល់ទៅលេខ​ ១៧។

ឆ្នាំនេះក្រុមហ៊ុនជាប់លេខ​ ១ គឺក្រុមហ៊ុន​មកពីស្រុកចិនឈ្មោះថា Meituan Dianping ដែលរកស៊ីខាង​កក់សណ្ឋាគារ​ សេវាកម្មដឹកជញ្ចូន ទិញសំបុត្រ​កុន នឹង​សេវាកម្មហៅម្ហូបអាហារ​ ដោយបានឆក់យកដំណែងលេខ​ ១ ពីក្រុមហ៊ុន​ Apple របស់អាមេរិកាំង​។

បើតាម​ទិន្នន័យពីវេបសាយរបស់ Fast Company បានឱ្យដឹង​ថាមានការ​ទូរទាត់​ប្រាក់​ប្រមាណជា​២៧.៧ ពាន់ដងបើគិត​ជាទំហំទឹកប្រាក់មាន ៣៣.៨ ពាន់់លានដុល្លារ អ្នកប្រើប្រាស់ច្រើនជាង ​៣៥០ លាននាក់នៅពាសពេញ​ទីក្រុង​ជាង ​២៨០០ ក្រុង។

តមកទៀត​ដំណែង​លេខ​ ២ ​បានទៅលើក្រុមហ៊ុន​សិង្ហបុរី​ដែលធ្វើខាង​សេវាកម្ម​ហៅតាក់ស៊ី​ Grab ដោយក្រុមហ៊ុនមួយនេះមានអ្នកប្រើប្រាស់​រហូត ១៣០ លាន​នាក់ បន្ថែមពីនេះ​ក្រុមហ៊ុនក៏មានសេវាកម្មដឹកជញ្ចូនម្ហូបអាហារ​ កក់សំបុត្រ​យន្ត​ហោះ ក៏ដូចជា​សេវាកម្មខាង​ហិរញ្ញវត្ថុផងដែរ ។ Grab ធ្លាប់បាន​ប្រកួត​ប្រជែងជាមួយនឹ​ង​ Uber ដែលជាក្រុមហ៊ុនធំខាង​សេវាកម្មហៅតាក់ស៊ី​រហូតដល់ Uber ត្រូវ​បង្ខំចិត្ត​ទិញភាគហ៊ុន Grab រួច​ដកខ្លួនចេញពីអាស៊ីអាគ្នេយ៍ បន្ទាប់ពីចូលស្រុកខ្មែរបានបន្តិច ។

គិត​ត្រឹម​ឆ្នាំ ២០១៨​ កន្លងទៅ Grab រកចំណូលបាន​លើស​ ១ពាន់លានដុល្លារ ទាញយកទុនវិនិយោគបាន ៣ ពាន់លានដុល្លារដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន។ បើតាមទស្សនាវដ្តី Fast Company ចុះផ្សាយថា ឆ្នាំក្រោយនេះ ក្រុមហ៊ុន Grab គ្រោង​នឹង​បញ្ចូលក្រុមហ៊ុនខាង​សេវាកម្មសុខភាពរបស់​ចិនឈ្មោះថា Ping An មកក្នុង​ក្រុមហ៊ុនរបស់ខ្លួន។

គួរបញ្ជាក់ថា​ឆ្នាំនេះជាឆ្នាំដំបូង​ក្នុង​រយៈកាល ១១ ឆ្នាំកន្លង​ទៅ នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ទស្សនាវដ្តី​ Fast Company ដែលមាន​ក្រុមហ៊ុនមក​ពីក្រៅសហរដ្ឋអាមេរិក​ឡើង​មកកាន់តំណែង​ជើង​ឯក​ និង​ជើង​ឯករង​ច្រានក្រុមហ៊ុនល្បីល្បាញតម្លៃខ្ទង់ពាន់លានដូចជា Apple និង Netflix អោយធ្លាក់តំណែង ដោយនេះបញ្ជាក់​ពី​ចលនានៃក្រុមហ៊ុនឆ្នៃបង្កើត​ថ្មីប្រកបដោយភាពឆ្នៃ​ប្រឌិត​មិនមែនស្ថិត​នៅតែ​ជង្រុក​បច្ចេកវិទ្យា Silicon Valley ដូចកាលពីមុនទៀត​ទេ ពោលគឺចាប់ផ្ដើម​កើ​តឡើង​នៅអាស៊ីម្ដង ហើយនេះក៏ជាសញ្ញាបង្ហាញពីភាពខ្លាំង​របស់​ក្រុមហ៊ុនបច្ចេកវិទ្យា​ចិនផងដែរ៕

អត្ថបទដោយ៖ ខុន សក្ក័ដា

0 មតិ

បញ្ចេញមតិ

RELATED ARTICLES