ម្ចាស់បទ “Shape of You” ធ្លាក់ខ្លួនដេកតាមផ្លូវជិត៣ឆ្នាំ មុនក្លាយជាតារាល្បីលើពិភពលោក

លោក Ed Sheeran ម្ចាស់បទ “Shape of You” ដែលជាបទចម្រៀងទទួលបានការគាំទ្រយ៉ាងខ្លាំងជាសកល ធ្លាប់បានតស៊ូរស់នៅដាច់យ៉ៃ គ្មានផ្ទះសំបែងជិត៣ឆ្នាំ មុនក្លាយជាតារាចម្រៀងល្បីល្បាញលើពិភពលោក។

កំពូលតារាចម្រៀងជនជាតិអង់គ្លេសរូបនេះ បានជាប់ចិត្តជាមួយនឹងតន្ត្រីតាំងពីក្មេងមកម្លេះ។ គេចាប់ផ្តើមរៀនលេងហ្គីតា ចាប់តាំងពីគេមានអាយុបាន ៤ឆ្នាំ រហូតដល់អាយុបាន ១៥ឆ្នាំ រូបគេចាប់ផ្តើមមានបញ្ហាជាមួយការសិក្សា ឈ្លោះគ្នានៅសាលា ដែលជាហេតុធ្វើឱ្យរូបគេចាប់ផ្តើមធុញទ្រាំនឹងការសិក្សា។​

នៅទីបំផុត Ed Sheeran បានសម្រេចចិត្តបោះបង់ការសិក្សាចោលនៅអាយុ ១៦ឆ្នាំ ហើយងាកមកចាប់អាជីពជាអ្នកតន្ត្រីករពេញទំហឹង ប៉ុន្តែក្តីស្រមៃ និងគោលដៅដែលប្រាថ្នាចង់ឱ្យដល់ គឺមិនងាយស្រួលដូចការគិតនោះទេ។

ចាប់ពីឆ្នាំ ២០០៨ រហូតដល់ឆ្នាំ២០១០ លោក Ed Sheeran បានធ្លាក់ខ្លួនក្រ ដាច់យ៉ៃ គ្មានផ្ទះសំបែងនៅជាក់លាក់ដូចគេឡើយ ខណៈពេលដែលលោករស់នៅទីក្រុង London។ ជាងនេះទៅទៀត លោកត្រូវបង្ខំចិត្តច្រៀងនៅតាមដងផ្លូវតូចធំជាច្រើនកន្លែង រហូតដាច់បាយផងក៏មានដែរ។

លោកបានមានប្រសាសន៍ថា៖ ក្នុងអំឡុងឆ្នាំ ២០០៩ វាពិតជាពេលវេលាដ៏លំបាកបំផុតសម្រាប់រូបលោក។ ហើយលោកបានធ្វើការសម្តែងរហូតដល់ទៅ ៣១២លើក មិនថានៅតាមដងផ្លូវ ឫ នៅកន្លែងដែលមានមនុស្សមួយក្រុមតូចនោះទេ។

រហូតដល់ឆ្នាំ ២០១១ លោកបានដាក់បញ្ចូលចម្រៀងរបស់លោកចូលទៅក្នុង iTune ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះ គឺត្រឹមតែមួយយប់ប៉ុណ្ណោះ បទចម្រៀងនោះបានជាប់នៅលេខរៀងទី២ នៅក្នុងតារាង។

នៅឆ្នាំដដែលនោះ អាល់ប៊ុមចម្រៀងចំនួន៨០១,០០០អាល់ប៊ុម ត្រូវបានលក់ដាច់អស់ ក្លាយទៅជាអាល់ប៊ុមចម្រៀងដែលលក់ដាច់បំផុតប្រចាំឆ្នាំនៅលេខរៀងទី៨ ហើយនៅឆ្នាំ ២០១៧ លោកក៏បានចេញបទចម្រៀងមួយបទទៀតដែលមានចំណងជើងថា “Shape of You” ដែលបានធ្វើឱ្យកក្រើកនៅទូទាំងពិភពលោក។

Ed Sheeran តារាចម្រៀងវ័យ ២៦ឆ្នាំរូបនេះ បានមានប្រសាសន៍៖ ឧបសគ្គអាចរត់មករកអ្នកគ្រប់ពេលវេលា និងដោយសេរី ប៉ុន្តែតើអ្នកអាចទ្រាំទ្រ និងជម្នៈឧបសគ្គនោះបានដែរ ឫទេ? អ្នកដែលតស៊ូព្យាយាមដល់ទីបំផុត នឹងទៅដល់គោលដៅ៕

 

អត្ថបទដោយ៖​ HUA

0 មតិ

បញ្ចេញមតិ

RELATED ARTICLES