ក្រុមហ៊ុន CP ប្រើតែចំណុចងាយៗនេះសោះ អាចប្រមូលបានលុយរាប់លានដុល្លាទៅហើយ

CP គឺជាក្រុមហ៊ុនផលិតចំនីអាហារដ៏ធំមួយរបស់ប្រទេសថៃ និងមានក្រុមហ៊ុនដែលជាសាខាទូទាំងសមាជិកអាស៊ាន ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុនដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់លោក Dhanin Chearavanont នេះ អាចរកចំណូលបានច្រើនជាង ១៣ពាន់លានដុល្លារក្នុងមួយឆ្នាំ។

ក្នុងថ្ងៃនេះ Business Cambodia សូមលើកយកមូលហេតុដែលធ្វើអោយក្រុមហ៊ុន CP អាចល្បីល្បាញទៅបានដោយសារតែមានចំណុច ៣ យ៉ាងខាងក្រោមនេះ

១.វាយលុកទីផ្សារថ្មី

លោក Dhanin Chearavanont  ធ្លាប់លើកឡើងពាក្យសម្តីមួយឃ្លាថា «ចង់រកស៊ីជោគជ័យខ្លាំង អ្នកត្រូវចេះចាប់យកឱកាស ហើយធ្វើឲ្យបានមុនគេ»។ ជាឧទាហរណ៍លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនរបស់លោកមានការរីកចម្រើននិងទទួលបានជោគជ័យដូចសព្វថ្ងៃនេះ គឺដោយសារលោក «ចេះប្រមើលមើលទុកមុន និងវិភាគដឹងពីវិបត្តិដែលនឹងអាចកើតឡើងមុន ហើយប្រែក្លាយវិបត្តិទាំងនោះឲ្យទៅជាឱកាស»។

២.ការបង្កើតផលិតផលថ្មី

គ្រាន់តែបង្កើតផលិតផលដែលថ្មីគឺមិនទាន់គ្រប់គ្រាន់នោះទេ សម្រាប់ក្រុមហ៊ុនលំដាប់កំពូលរបស់ប្រទេសថៃមួយនេះ ពោលគឺក្រុមហ៊ុនតែងតែយកចិត្តទុកដាក់ចំពោះគុណភាព និងអនាម័យខ្លាំងបំផុត ដើម្បីធានាបានថារាល់ការទទួលទិញផលិតផលណាមួយរបស់ក្រុមហ៊ុនយកទៅប្រើប្រាស់សុទ្ធតែមានសុវត្ថិភាពខ្ពស់សម្រាប់សុខភាព។

៣.ឆក់យកឱកាស

សេដ្ឋីថៃពូកែវិភាគរូបនេះ បានបញ្ជាក់ថា “លោកតែងតែចាប់យកឱកាស ពេលដែលវិនិយោគិនភាគច្រើនគិតថាវាជាវិបត្តិ ហើយពិបាកនឹងធ្វើការសម្រេចចិត្តបោះទុនវិនិយោគ”។ ជាក់ស្តែងគាត់បានរំលឹកថា កាលនោះនៅពេលដែលមានវិបត្តិហិរញ្ញវត្ថុដ៏ធំមួយកាលពីឆ្នាំ១៩៩៧ ខណៈមនុស្សភាគច្រើនមានការភ័យខ្លាចមិនហ៊ានវិនិយោគអ្វីទាំងអស់ដោយសារខ្លាចជួបវិបត្តិ ហើយពេលនោះ វាជាវបត្តិដ៏ធំមួយទាំងនៅថៃនិងក្នុងតំបន់អាស៊ី ប៉ុន្តែលោកនៅតែចាប់យកឱកាសដោយបានធ្វើការវិនិយោគហាងលក់រាយរាប់ពាន់កន្លែងបន្ថែមទៀត ទាំងក្នុងប្រទេសថៃនិងនៅក្នុងតំបន់អាស៊ាន។គួរបញ្ជាក់ថា ក្រុមហ៊ុន Charoen Pokphand Group ហៅកាត់ CP មានអាជីវកម្មស្នូលចំនួន៣ រួមមាន៖ អាជីវកម្មកសិពាណិជ្ជកម្ម  អាហារលក់រាយនិងចែកចាយ រួមទាំងឧស្សាហកម្មទូរគមនាគមន៍ ដោយមានវិនិយោគទុននៅក្នុងប្រទេសជាង៣០ និងមានបុគ្គលិកជាង ៣00.000 នាក់ក្នុងពេលបច្ចុប្បន្ននេះ ។

អត្ថបទដោយ នេន សុធា (Leadership Writer)

0 មតិ

បញ្ចេញមតិ

RELATED ARTICLES