អ្នកនិពន្ធសៀវភៅ“ត្រៀមចេញរកស៊ីឲ្យចំគោលដៅ” ប្រាប់ពីក្បួនកៀរគរទុនចាប់ផ្តើមអាជីវកម្មដ៏ល្អបំផុត

បញ្ហាដ៏ធំបំផុតមួយដែលធ្វើឲ្យមនុស្សជាច្រើនមានគំនិតហើយ មានក្តីស្រមៃហើយ តែមិនហ៊ានចេញរកស៊ីនោះ គឺបញ្ហាដើមទុន។ ដើមទុននៅកន្លែងនេះសំដៅដល់លុយកាក់សម្រាប់ចាប់ផ្តើមអាជីវកម្ម និងពង្រីកសក្តានុពលអាជីវកម្ម។ សំណួរសួរថា តើអ្នកគួររងចាំទាល់តែសន្សំលុយគ្រប់ ទើបចេញរកស៊ី ឫក៏កៀរគរទុនពីវិនិយោគិន?

រឿងដែលខ្ញុំតែងតែហាមកូនសិស្សដែលបានមករៀនជាមួយខ្ញុំខ្លាំងបំផុត គឺកម្ចីពីធនាគារ ដើម្បីចាប់ផ្តើមអាជីវកម្ម ព្រោះវាប្រឈមមុខនឹងហានិភ័យខ្ពស់ពេក ខណៈភាគច្រើនការចាប់ផ្តើមដំណើរការអាជីវកម្មដំបូងៗ ឱកាសទទួលបានជោគជ័យមានភាគរយតិចពេក។

ឧទាហរណ៍ ប្រសិនបើអ្នកចង់បើកហាងកាហ្វេទំនើបមួយកន្លែង ដែលអាចនឹងចំណាយជាង១០ម៉ឺនដុល្លារអាមេរិក ស្របពេលជាមួយគ្នាអ្នកមានលុយតែ៥ម៉ឺនដុល្លារអាមេរិក ហើយត្រូវទៅកម្ចីធនាគារប្រមាណជាង៥ម៉ឺនដុល្លារបន្ថែមទៀត។ តើនឹងមានអ្វីកើតឡើង? ពេលដែលអ្នកចុះហត្ថលេខាទទួលលុយពីធនាគារភ្លាម វិនាទីការប្រាក់ក៏ចាប់ផ្តើមរត់ភ្លាមដែរ ខណៈពេលដែលហាងរបស់អ្នកមិនទាន់ទាញចំណូលនៅឡើយ ឬត្រូវចំណាយពេលដល់ទៅជាង១ខែ ដើម្បីរៀបចំហាង ទម្រាំអាចបើកជាផ្លូវការបាន។ នោះមានន័យថា អ្នកដល់ពេលចាប់ផ្តើមសង់លុយទៅធនាគារជាមួយនឹងការប្រាក់វិញបណ្តើរៗហើយ។ ចុះបើហាងកាហ្វេអ្នកដើរបានតែ៥ខែ ឬ១ឆ្នាំក៏ត្រូវបិទទ្វារ ឬមានបញ្ហាធំណាមួយកើតឡើងធ្វើឲ្យអ្នកត្រូវការលុយជាចាំបាច់ នោះអ្នកអាចនឹងត្រូវសេងហាងហើយ ហើយត្រូវចាំថា គ្រប់ពេលដែលអ្នកដាក់សេងហាង អ្នកត្រូវត្រៀមចិត្តខាតពី ៣០ ទៅ ៦០ភាគរយឲ្យហើយ។

ដូចនេះ ក្រោយបរាជ័យអាជីវកម្ម មិនមែនត្រឹមតែគ្មានការងារធ្វើ គ្មានប្រាក់ចំណូលប្រចាំខែនោះទេ ថែមទាំងជំពាក់បំណុលគេថែមទៀតផង។ តើអ្នកនឹងចំណាយពេលប៉ុន្មានឆ្នាំ ដើម្បីដោះបំណុលខ្ចង់៥ម៉ឺនដុល្លារអាមេរិកនោះ? តើអ្នកនឹងដោះបំណុលដោយរបៀបណា?


ប្រាកដណាស់ គ្រប់អាជីវកម្ម ក្រុមហ៊ុនធំតូច សុទ្ធតែចៀសមិនផុតពីការខ្ចីលុយពីធនាគារឡើយ ប៉ុន្តែគ្រប់ពេលដែលគេខ្ចី គេមានកម្រិតក្នុងការខ្ចី និងមានអ្នកជំនាញហិរញ្ញវត្ថុទូទាត់ផលចំណេញល្អិតល្អន់ពីកម្ចីធនាគារនោះរួចស្រេចទៅហើយ។

មនុស្សជាច្រើនទាស់ចិត្តនឹងបញ្ហារកអ្នកវិនិយោគ ព្រោះមិនដឹងថាទៅរកនៅឯណា ហើយធ្វើម៉េចគេព្រមដាក់លុយរកស៊ីជាមួយយើង។ ហេតុដូចនេះហើយ ទើបខ្ញុំតែងបានបញ្ជាក់ប្រាប់ថា អ្នកត្រូវរៀនមានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ធ្វើខ្លួនជាមនុស្សដែលច្បាស់លាស់ ស្មោះត្រង់ សកម្មនឹងការងារ  និងមានទំនួសខុសត្រូវខ្ពស់ ពិសេសជួបមនុស្សថ្មីៗ ដែលពូកែជាងអ្នកឲ្យបានច្រើន។ តើទៅរកពួកគាត់នៅឯណា? ចម្លើយគឺចំណាយពេលចុងសប្តាហ៍ចូលរួមកម្មវិធីបណ្តុះបណ្តាល សិក្ខាសារលា និងរៀនស្គាល់មិត្តភក្តិដែលជាមិត្តភក្តិរបស់ខ្លួនឲ្យបានច្រើន ព្រោះបើអ្នកមានមិត្តភក្តិ១០នាក់ នោះអ្នកនឹងអាចស្គាល់មនុស្ស១០ផ្សេងទៀតពីមិត្តភក្តិរបស់អ្នក បន្តគ្នារហូត មិនខ្វះមនុស្សដែលអ្នកត្រូវជួបឡើយ។

តើធ្វើម៉េចទើបគេព្រមដាក់ទុនជាមួយអ្នក ចម្លើយគឺ ការបង្ហាញឲ្យគេឃើញថា អ្នកជាមនុស្សច្បាស់លាស់ ស្មោះត្រង់ សកម្មនឹងការងារមិនមែនជាមនុស្សដែលធ្វើការងារឲ្យរួចតែពីដៃ មិនមែនជាមនុស្សដែលយកលុយជាធំ និងមានទំនួលខុសត្រូវខ្ពស់ ពិសេសអ្នកមានសមត្ថភាពសមល្មមអាចធ្វើជាអ្នកដឹកនាំគេបាន។ កត្តាទាំងនេះហើយ ដែលអ្នកវិនិយោគ អ្នកមានលុយចង់រកស៊ី មើលអ្នកក្នុងភាពសំខាន់ ធ្វើឲ្យពួកគាត់ទុកចិត្តហ៊ានឲ្យអ្នកចាយលុយរបស់ពួកគេ។

ខ្ចីលុយពីមិត្តភក្តិ បងប្អូន សាច់ញាតិ និងឪពុកម្តាយ នៅពេលដែលអ្នកបរាជ័យ មិនត្រឹមតែបាត់ទំនាក់ទំនងល្អទេ ថែមទាំងត្រូវបានគេមើលងាយ ឫបើគ្រួសារអ្នកក្រីក្រទៀតនោះ វាប្រៀបដូចជាអ្នកអូសទាំងគ្រួសារឲ្យធ្លាក់ក្នុងភាពក្រីក្រ ឫជាប់បំណុលជំពាក់គេជាមួយអ្នក។ ជម្រើសនេះ បើអាចគួរតែចៀសវាង!

នាពេលដ៏ខ្លីខាងមុខនេះ Business Cambodia នឹងរៀបចំកម្មវិធីជួបជជែកផ្ទាល់រវាងម្ចាស់អាជីវកម្មថ្មីថ្មោងឆ្នើម៥នាក់ ឡើងធ្វើបទបង្ហាញចំពោះមុខវិនិយោគិនឆ្នើមកម្ពុជា ដើម្បីទាក់ទាញទុនវិនិយោគពីពួកគាត់ក្នុងការចាប់ផ្តើមអាជីវកម្ម និងពង្រីកសក្តានុពលអាជីវកម្ម។ 

កម្មវិធីនេះ នឹងបើកឱកាសថ្មីមួយដល់ម្ចាស់អាជីវកម្ម ម្ចាស់គំនិត ដែលកំពុងតែខ្វះខាតដើមទុន និងមិនចង់ប្រើកម្ចីពីមិត្តភក្តិ បងប្អូន ឫធនាគារមកចាប់ផ្តើមអាជីវកម្ម។ បន្ថែមពីនេះ លោកអ្នកក៏នឹងទទួលបានការបណ្តុះបណ្តាល និងបង្ហាត់បង្ហាញផ្លូវបន្ថែមពីក្រុមការងារ Business Cambodia ក៏ដូចជាលោក សំ កុសល ស្ថាបនិក និងជាCEO នៃ Business Cambodiaទាក់ទងនឹងការតម្រង់ទិញអាជីវកម្ម ក៏ដូចជាការរៀបចំផែនការអាជីវកម្មមុននឹងជួបផ្ទាល់ជាមួយវិនិយោគិន។ 

ម្ចាស់អាជីវកម្ម ម្ចាស់គំនិតដែលមានចំណាប់អារម្មណ៍អាចសរសេរសង្ខេបខ្លីពីផែនការអាជីវកម្ម ឫអាជីវកម្មទាំងមូលរបស់ខ្លួន ដោយបញ្ជាក់ពីទុនដែលខ្លួនត្រូវការ ផ្ញើរមកកាន់ Business Cambodia Page ឫផ្ញើរមកកាន់អ៊ីម៉ែល[email protected] សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចទាក់ទងតាមលេខទូរស័ព្ទ 016/ 017/ 068 53 9897 ឫឆាតសួរដោយផ្ទាល់មកកាន់Facebook Page: MENG SONGHUA.

0 មតិ

បញ្ចេញមតិ

RELATED ARTICLES