Masayoshi Son៖ រកស៊ីដំបូង បុគ្គលិកថាខ្ញុំជាមនុស្សឆ្គួតហើយនាំគ្នាលាឈប់អស់ពីក្រុមហ៊ុន

មហាសេដ្ឋីមានបំផុតរបស់ជប៉ុន Masayoshi Son ស្ថាបនិក Softbank ដែលជាក្រុមហ៊ុនផលិត Software និងវិនិយោគលើបច្ចេកវិទ្យាសម័យថ្មី ធ្លាប់ចំណាយពេលវេលាជាង១ឆ្នាំ ដើម្បីសម្រេចចិត្តចាប់យកអាជីកវម្មមួយក្នុងចំណោមគំនិតអាជីវកម្ម៤០ផ្សេងទៀត ដែលគាត់គិតថាល្អ និងអាចធ្វើបាន។

Masayoshi Son កើតក្នុងទឹកដីប្រទេសកូរ៉េ ភៀសខ្លួនមករស់នៅក្នុងទឹកដីជប៉ុន ខិតខំរៀនរហូតបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ និងសកលវិទ្យាល័យ California សហរដ្ឋអាមេរិក។ ខណៈពេលនៅជានិស្សិតសិក្សាជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ Masayoshi Son បានបង្កើតនូវវចនានុក្រមបកប្រែភាសាអង់គ្លេស ទៅជាភាសាជប៉ុនដោយប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រ និងបានលក់កម្មវិធីនេះទៅឲ្យ Sharp ក្នុងតម្លៃ១លានដុល្លារអាមេរិក។ 

ក្រោយបញ្ចប់ការសិក្សា លោកបានត្រឡប់ទៅកាន់ប្រទេសជប៉ុនជួបជុំគ្រួសារវិញតាមការសន្យាក្នុងឆ្នាំ១៩៨០ មួយឆ្នាំកន្លះក្រោយមក លោកក៏បង្កើតក្រុមហ៊ុនខ្លួនឯងមួយដែលមានឈ្មោះថា Softbank ដែលផ្តោតលើការផលិត Software បោះពុម្ពសៀវភៅ និងទស្សនាវដ្តី ព្រមទាំងការរៀបចំតភ្ជាប់ និងតម្លើងកម្មវិធីផ្សេងៗក្នុងទូរស័ព្ទដៃ និងកុំព្យូទ័រផងដែរ។ ក្រុមហ៊ុននេះទៀតសោត ផ្តើមចេញពីការជួលបុគ្គលិកធ្វើការងារក្រៅម៉ោង២នាក់ និងបន្ទប់ការិយាល័យជួលដ៏តូចចង្អៀតមួយប៉ុណ្ណោះ។

Masayoshi Son បានមានប្រសាសន៍ថា៖ នៅពេលដែលខ្ញុំត្រឡប់ទៅដល់ប្រទេសជប៉ុនវិញ ខ្ញុំតែងតែនឹកគិតចង់បង្កើតក្រុមហ៊ុនមួយខ្លួនឯង។ ខ្ញុំបានចំណាយពេលប្រមាណមួយឆ្នាំកន្លះ គ្មានធ្វើការងារអ្វីទាំងអស់ក្រៅពីនឹកគិតរើសយកអាជីវកម្មមួយដែលខ្ញុំពេញចិត្ត ហើយនៅអំឡុងពេលដែលខ្ញុំរិះគិតរកគំនិតចាប់ផ្តើមអាជីវកម្មនោះ ខ្ញុំបានគិតឃើញអាជីវកម្មចំនួន៤០អាជីវកម្មផ្សេងគ្នាដែលសុទ្ធតែទាក់ទងនឹងបច្ចេកវិទ្យា ហើយនិងកុំព្យូទ័រ ពិសេសអាជីវកម្មទាំងនោះសុទ្ធសឹងតែជាអាជីវកម្មដែលខ្ញុំអាចធ្វើបាន។


លោកបន្តថា៖ ក្នុងរយៈពេលមួយឆ្នាំកន្លះនោះ ក្រៅពីគិតចុះទៅសិក្សាពីទីផ្សារ រៀនសូត្រស្រាវជ្រាវបន្ថែម និងរៀបចំផែនការអាជីវកម្ម ខ្ញុំគ្មានធ្វើការងារក្រៅទេ ជាហេតុធ្វើឲ្យខ្ញុំគ្មានប្រាក់ចំណូលទេ មានតែចំណាយតែប៉ុណ្ណោះ ស្របពេលជាមួយគ្នា ប្រពន្ធរបស់ខ្ញុំក៏មានផ្ទៃពោះ នាងពិតជាបារម្មណ៍ រីឯឪពុកម្តាយ និងបងប្អូនខ្ញុំតែងតែសួរខ្ញុំថា តើខ្ញុំចង់ធ្វើអ្វីឲ្យប្រាកដ? ហេតុខ្ញុំរៀនចប់មកពីអាមេរិក បែរជាមិនព្រមការងារធ្វើសោះអ៊ីចឹង?”

Masayoshi Son ចំណាយពេលជាងមួយឆ្នាំ គិតពិចារណា និងត្រៀមខ្លួនចាប់ផ្តើមអាជីវកម្មរបស់ខ្លួន ហើយលោកបានបញ្ជាក់ថា លោកចង់ចាប់ផ្តើមអាជីវកម្មមួយដែលលោកពេញចិត្តនឹងនៅតែធ្វើក្នុងរយៈពេល៥០ឆ្នាំក្រោយ ដែលខុសពីអ្នកចាប់ផ្តើមអាជីវកម្មមួយចំនួន ចាប់ផ្តើមអាជីវកម្មមួយបានតែ៣ឆ្នាំ ក៏អស់ចិត្តលែងមានអារម្មណ៍រំភើបក្នុងការបន្តអាជីវកម្មរបស់ខ្លួនតទៅទៀត។

ក្រោយការគិតពិចារណា និងត្រៀមខ្លួនរួចរាល់ហើយ លោកសម្រេចចិត្តចាប់ផ្តើមក្រុមហ៊ុន Softbank តែម្តង ហើយនៅថ្ងៃដែលលោកចាប់ផ្តើមក្រុមហ៊ុននេះ នៅពេលព្រឹក លោកបានឈរនៅមុខផ្លែប៉ោមពីរប្រអប់ ហើយស្រែកប្រាប់ទៅបុគ្គលិកក្រៅម៉ោងទាំងពីររូបនោះថា អ្នកទាំងពីរត្រូវស្តាប់ខ្ញុំ!!! ខ្ញុំគឺជាប្រធានក្រុមហ៊ុននេះ ក្នុងរយៈពេល៥ឆ្នាំ ខ្ញុំនឹងបង្កើនការលក់ឲ្យបាន៧៥លានដុល្លារអាមេរិក ជាមួយគ្នា ខ្ញុំនឹងផ្គត់ផ្គង់ផលិតផលរបស់យើងដល់ហាងឲ្យបាន១,០០០កន្លែង ហើយយើងនឹងក្លាយជាក្រុមហ៊ុនជាប់ចំណាត់ថ្នាក់លេខ១លើការផ្តត់ផ្គង់ Software កំព្យូទ័រ។

កំពូលអ្នកវិនិយោគជោគជ័យវ័យ៦០ឆ្នាំរូបនេះបានបញ្ជាក់ថា៖ ក្រោយពេលលោកស្រែកហើយ បុគ្គលិកក្រៅម៉ោងទាំងពីរនាក់របស់លោក ចំហមាត់ និងបើកភ្នែកធំៗមើលមកលោក។ ពួកគេប្រហែលជាគិតថា មនុស្សម្នាក់ឆ្គួតហើយ!!!” ទើបពួកគេសុំលាឈប់ពីការងារ។

ប៉ុន្តែពួកគេយល់ខុសហើយ នៅក្នុងរយៈពេលត្រឹមតែជាង១ឆ្នាំប៉ុណ្ណោះ Masayoshi Son បានផ្តត់ផ្គង់ផលិតផលដល់ហាងចំនួន២០០កន្លែង។ ក្នុងរវាង១០ឆ្នាំ ការផ្តត់ផ្តង់នេះបានកើនដល់ ១៥,០០០កន្លែង ហើយពីបុគ្គលិកក្រៅម៉ោង២នាក់ កើនដល់ ៥៧០នាក់ ធ្វើឲ្យក្រុមហ៊ុនរកចំណូលបានប្រមាណ៣៥០លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះបានវិវឌ្ឍន៍ខ្លួនឈានឡើងជាលំដាប់ រហូតក្លាយជាក្រុមហ៊ុនវិនិយោគលើបច្ចេកវិទ្យាធំជាងគេនៅក្នុងប្រទេសជប៉ុន និងកំពុងនាំមុខគេនៅលើពិភពលោក៕

 

អត្ថបទដោយ៖ MENG SONGHUA

[email protected]

0 មតិ

បញ្ចេញមតិ

RELATED ARTICLES