មូលហេតុធំ៣ ធ្វើឲ្យអ្នកវិនិយោគច្រានចោលផែនការអាជីវកម្មអ្នកត្រឹមតែ៥នាទី

ផែនការអាជីវកម្ម (Business Plan) គឺជាទម្រង់ ឫជាការរៀបចំទម្រង់នៃការគ្រប់គ្រង ការកំណត់គោលដៅ ការរៀបចំយុទ្ធសាស្ត្រអាជីវកម្ម និងប្រតិបត្តិការទាំងមូលសម្រាប់អាជីវកម្មណាមួយ ទៅតាមរយៈពេលដែលបានកំណត់។

ផែនការអាជីវកម្មត្រូវបានគេធ្វើឡើងដើម្បីគូសបញ្ជាក់ពីអាជីវកម្មរបស់ខ្លួន ដើម្បីឲ្យការគ្រប់គ្រងមានភាពងាយស្រួលជាងមុន ធ្វើឲ្យអាជីវកម្មកាន់តែមានភាពប្រាកដច្បាស់លាស់ និងកាន់តែមានសក្តានុពល។ លើសពីនេះទៅទៀត វាត្រូវបានគេធ្វើឡើងដើម្បីស្នើសុំប្រាក់កម្ចី ឫប្រាក់វិនិយោគ ដើម្បីពង្រីកសក្តានុពលអាជីវកម្មបន្ថែមទៀត។​

ផែនការអាជីវកម្មដ៏ល្អត្រឹមត្រូវមួយអាចត្រូវចំណាយយ៉ាងតិច៥ខែ ប៉ុន្តែសម្រាប់អ្នកវិនិយោគ និងអ្នកផ្តល់ប្រាក់កម្ចីវិញ ពួកគាត់ចំណាយពេលពិនិត្យមើលលើផែនការអាជីវកម្មរបស់អ្នកត្រឹមតែ៥នាទីប៉ុណ្ណោះ ក្នុងករណីមិនមានអ្វីចាប់អារម្មណ៍ ពួកគេនឹងបដិសេធចំពោះការស្នើសុំកម្ចី ឫប្រាក់វិនិយោគរបស់អ្នកភ្លាមៗ ដែលមានន័យថាឱកាសសម្រាប់អ្នកគឺមានតែម្តងគត់ ដូចនេះវាតម្រូវឲ្យអ្នកធ្វើឡើងដោយការយកចិត្តទុកដាក់បំផុត ត្រឹមត្រូវបំផុត និងពិតប្រាកដគ្រប់ចំណុច។

ជាទូទៅ អ្នកវិនិយោគ និងអ្នកផ្តល់ប្រាក់កម្ចីចំណាយពេលប្រមាណ៥នាទីដំបូង មើលតែលើ៣ចំណុចសំខាន់ៗក្នុងផែនការអាជីវកម្មរបស់អ្នកប៉ុណ្ណោះ ករណីពួកគេចាប់អារម្មណ៍ ពួកគេនឹងបន្តសាកសួរព័ត៌មានលម្អិតពីអ្នក។ ៣ចំណុចសំខាន់នោះរួមមាន៖

១. សង្ខេបប្រតិបត្តិការអាជីវកម្ម

ចំណុចសំខាន់ដំបូងដែលអ្នកវិនិយោគមើលមុនគេបង្អស់គឺ សង្ខេបប្រតិបត្តិការអាជីវកម្ម ដើម្បីឲ្យពួកគេបានស្វែងយល់ពីអាជីវកម្មដែលអ្នកចង់ដំណើរការ ឫ កំពុងតែដំណើរការ។ បន្ថែមពីនេះ នៅត្រង់ចំណុចនេះ ក៏អាចឲ្យពួកគេដឹងពីភាពខ្លាំង និងសក្តានុពលអាជីវកម្មរបស់អ្នក ថាអាចមានវិសាលភាពធំប៉ុណ្ណា អាចជោគជ័យបានកម្រិតណា។​

ដូចនេះ ត្រង់ចំណុចនេះ ត្បិតតែអ្នកត្រូវសរសេរវាជាលក្ខណៈសង្ខេបខ្លី ប៉ុន្តែអ្នកត្រូវបង្ហាញឲ្យពួកគេបានឃើញ ពីសក្តានុពលនៃអាជីវកម្មរបស់អ្នក លើកយកចំណុចខ្លឹមនៃអាជីវកម្ម និងដើមចមដែលអ្នកសម្រេចចិត្តចាប់ផ្តើមអាជីវកម្មនោះ។

២. រៀបរាប់ពីការគ្រប់គ្រង

ចំណុចបន្ទាប់ ហើយក៏ជាចំណុចសំខាន់ជាងគេដែរនោះ គឺចំណុច រៀបរាប់ពីការគ្រប់គ្រង។ អ្នកវិនិយោគច្រើនផ្តោតសំខាន់ទៅការរៀបចំប្រព័ន្ធគ្រប់នៃក្រុមហ៊ុន ឫអាជីវកម្មខ្លាំងបំផុត ព្រោះពួកគេយល់យ៉ាងច្បាស់ថា ចំណុចនេះគឺជាចំណុចស្លាប់រស់នៃអាជីវកម្មអាជីវកម្ម។ អាជីវកម្មដែលអាចទទួលបានជោគជ័យ មិនពឹងតែទៅលើមនុស្សតែមួយមុខនោះទេ ប្រព័ន្ធនៃការក៏មិនអាចមើលរំលងបានដែរ។

ជាក់ស្តែង បិតាវិនិយោគ និងជាមហាសេដ្ឋីពាន់លានដុល្លារអាមេរិកឈរចំណាត់ថ្នាក់លេខ៣ Warren Buffett មុននឹងបោះទុនវិនិយោគក្នុងក្រុមហ៊ុនណាមួយ ក្រៅពីសង្កេតមើលសក្តានុពលនៃអាជីវកម្មនោះហើយ ចំណុចបន្ទាប់ដែលគាត់មិនដែលមើលរំលងគឺ អ្នកដឹកនាំ ក្រុមការងារ និងប្រព័ន្ធនៃការគ្រប់គ្រងក្នុងក្រុមហ៊ុននោះ។ ហើយចំណុចចុងក្រោយដែលគាត់មើលគឺរបាយការណ៍ហិរញ្ញវត្ថុ។

៣. កត្តាហិរញ្ញវត្ថុ

ឈានដល់ចំណុចចុងក្រោយដែលអ្នកវិនិយោគចំណាយពេលមើលក្នុងរយៈ៥នាទីដំបូងដែរនោះ គឺកត្តាហិរញ្ញវត្ថុ។ នៅត្រង់ចំណុចនេះ អាចឲ្យពួកគេដឹងពីគម្រោងក្នុងចំណាយចំណូលផ្សេងៗ ប្រចាំខែ និងប្រចាំឆ្នាំ ពិសេសគឺប្រាក់ដែលពួកគេអាចទទួលបានមកវិញពីការបោះទុននេះ ក្នុងរយៈពេលណាមួយ។

 

អត្ថបទដោយ៖ MENG SONGHUA

អ្នកនិពន្ធសៀវភៅ “ត្រៀមចេញរកស៊ីឲ្យចំគោលដៅ”

 

0 មតិ

បញ្ចេញមតិ

RELATED ARTICLES