តិចនិច៤ អាចជួយលើកទឹកចិត្តបុគ្គលិកឲ្យខំប្រឹងប្រែងធ្វើការខ្លាំងដោយមិនបាច់តម្លើងប្រាក់ខែ

មុននឹងសម្រេចចិត្តចូលធ្វើការនៅក្នុងស្ថាប័នណាមួយ លុយ និងថ្ងៃឈប់សម្រាក អាចជាកត្តាលើកទឹកចិត្តដ៏សំខាន់ ដែលធ្វើឲ្យបុគ្គលិកសម្រេចចិត្តចូលធ្វើការ។ ប៉ុន្តែបើទោះបីជាកត្តាទាំង២ យ៉ាងនេះសំខាន់ក៏ពិតមែន ក៏មិនមែនមានន័យថានឹងធ្វើឲ្យពួកគេខិតខំប្រឹងប្រែងធ្វើការឲ្យអស់ពីសក្ដានុពលរបស់ពួកគេនោះដែរ។ ខាងក្រោមនេះគឺជាតិចនិច ៤ ផ្សេងទៀតដែលអាចជួយលើកទឹកចិត្តបុគ្គលិកឲ្យខំប្រឹងប្រែងធ្វើការខ្លាំងដោយមិនចាំបាច់តម្លើងប្រាក់ខែក៏បាន៖

ទំនាក់ទំនង៖ បរិយាកាសការងារកឺពិតជាសំខាន់ណាស់សម្រាប់បុគ្គលិក។ មនុស្សត្រូវការធ្វើការទំនាក់ទំនងរវាងមិត្តរួមការងារ រវាងខ្លួននិងអ្នកគ្រប់គ្រងឬថ្នាក់ដឹកនាំដែលវាជាកត្តាមួយដែលជម្រុញលើកទឹកចិត្តគេឲ្យកាន់តែខិតខំប្រឹងប្រែងធ្វើការ។ ប្រសិនបើបរិយាកាសនៅកន្លែងការងារដែលមនុស្សធ្វើការដោយគ្មានទំនាក់ទំនងរវាងគ្នានឹងគ្នា វានឹងធ្វើឲ្យពួកគេមានអារម្មណ៍តានតឹង ហើយប្រសិទ្ធភាពការងាររបស់ពួកគេនឹងធ្លាក់ចុះ។ 

ផ្ដល់ការងារដែលត្រូវចំណង់ចំណូលចិត្ត៖ ប្រសិនបើយើងជាអ្នកដឹកនាំ ដែលអាចផ្ដល់នូវការងារណាមួយត្រូវជាមួយនឹងចំណង់ចំណូលចិត្តរបស់បុគ្គលិក ពួកគេនឹងខិតខំប្រឹងប្រែងការងារដោយមិនហត់នឿយ។ នៅពេលដែលពួកគេធ្វើការងារដែលពួកគេស្រលាញ់ពួកគេនឹងធ្វើវាដោយអស់ពីចិត្តពីថ្លើម ហើយមិនសូវខ្វាយខ្វល់ពីលុយខ្លាំងហួសហេតុពេកនោះទេ។ បើទោះបីជាពេលដែលជួបបញ្ហាក៏ដោយក៏ពួកគេមិនសូវជារួញរាក្នុងការដោះស្រាយនោះដែរ ប្រសិនបើការងារនោះជាការងារដែលពួកគេស្រលាញ់ ហើយប្រសិទ្ធភាពការងាររបស់ពួកគេក៏ទទួលបានខ្ពស់ផងដែរ។ 

បង្ហាញផែនទីដែលគេនឹងទៅដល់៖ បុគ្គលិកនឹងលែងមានកម្លាំងចិត្តធ្វើការងារបន្តិចម្ដងៗ នៅពេលណាដែលពួកគេមិនដឹងច្បាស់ពីទិសដៅដែលពួកគេនឹងទៅដល់នាពេលអនាគត។ ពួកគេធ្វើការងារពីមួយថ្ងៃទៅមួយថ្ងៃប្រៀបបីដូចជាមនុស្សយន្ត ដែលធ្វើការងារដដែលៗ ទាំងដែលមិនដឹងថាពួកគេនឹងទៅដល់កន្លែងណាមួយ។ នៅពេលដែលយើងបង្ហាញផែនទីដែលពួកគេនឹងទៅដល់ឲ្យបានច្បាស់លាស់ ដូច្នេះពួកគេនឹងដឹងថា ប្រសិនបើគេអាចសម្រេចការងារបានប៉ុននេះ គេនឹងទទួលបានផលតបស្នងប៉ុននេះ ហើយបើគេខិតខំធ្វើការសម្រេចបានប៉ុននោះ គេនឹងទទួលបានការឡើងតំណែងឬផលតបស្នងអ្វីខ្លះជាដើម។ ចូរបង្ហាញឲ្យច្បាស់ថាប្រសិនបើគេខំធ្វើការកាន់តែខ្លាំង គេក៏ទទួលបានផលតបស្នងកាន់តែច្រើនដូចគ្នា។ 

ផ្ដល់សិទ្ធ៖ ប្រសិនបើយើងបិទសិទ្ធដល់បុគ្គលិកខ្លាំងពេក នោះពួកគេនឹងមានអារម្មណ៍ថាគេហាក់បីដូចជាកូនចៅដែលចាំតែទទួលបញ្ជាពីគេ។ ប៉ុន្តែប្រសិនបើយើងអាចផ្ដល់សិទ្ធឲ្យពួកគេមានសិទ្ធសម្រេចចិត្ត ហ៊ានធ្វើសកម្មភាពនៅក្នុងកម្រិតព្រំដែនណាមួយនោះ វានឹងធ្វើឲ្យពួកគេមានអារម្មណ៍ថាយើងកំពុងតែផ្ដល់តម្លៃឲ្យពួកគេ ដែលវានឹងក្លាយជាកត្តាមួយដែលជម្រុញលើកទឹកចិត្តពួកគេឲ្យកាន់តែខិតខំប្រឹងប្រែងធ្វើការ។

 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)

USNews Logo
Online

RELATED ARTICLES