៤ ចំណុច ដែលធ្វើឱ្យការរាក់ទាក់គ្នាមានភាពស្និទ្ធស្នាលបំផុត

ជាទូទៅការរាក់ទាក់ គឺជាភាសាដែលមនុស្សប្រើនៅពេលជួបគ្នា ហើយមើលទៅហាក់បីដូចជាមិនសូវចាំបាច់អ្វីទេ ប៉ុន្តែបើយើងពិចារណាឱ្យបានដិតដល់បន្តិចទៅវាពិតជាមានសារៈសំខាន់បំផុតក្នុងការទំនាក់ទំនងរវាងមនុស្ស នឹងមនុស្ស។ លើសពីនេះការរាក់ទាក់ នឹងជួយបង្កឱ្យមានបរិយាកាសល្អៗក្នុងការសេពគប់ជាមួយគ្នា បង្កើនភាពស្និទ្ធស្នាលក្នុងការស្វែងយល់ពីគ្នាទៅវិញទៅមក។  
ហេតុនេះដើម្បីរកសាច់រឿងមកនិយាយឱ្យបានច្រើន លោកអ្នកអាចសាកល្បងពិចារណាតាម ៤ចំណុចនេះ ដែលធ្វើឱ្យការរាក់ទាក់គ្នាមានភាពស្និទ្ធស្នាលបំផុតមានដូចខាងក្រោម៖


១. យកបរិយាកាសឬស្ថានភាពមនុស្សជុំវិញមកធ្វើជាប្រធានបទ 

ពាក្យថា ថ្ងៃនេះមេឃស្រឡះល្អណាស់ ពាក្យតែមួយឃ្លានេះក៏ធ្វើឱ្យមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាអាចសន្ទនាជាមួយគ្នាបានដែរ។ ហើយនៅក្នុងជីវិតប្រចាំថ្ងៃយើងអាចជ្រើសរើសយកអ្វីដែលជួបប្រទះផ្ទាល់នៅនឹងមុខ មកធ្វើជាប្រធានបទក្នុងការនិយាយលេងរាក់ទាក់គ្នាទាំងឡាយមានដូចជានៅក្នុងពិធីជប់លៀង អាចនិយាយបានថា៖ ម្ហូបនេះឆ្ងាញ់ណាស់, ម្ហូបអាហារក្នុងពិធីនេះសម្បូរពោរពាស, និងផ្ទះនេះរៀបចំបានល្អណាស់គួរឱ្យចង់រស់នៅជាដើម។ 

បើនៅផ្ទះគេមានមនុស្សចាស់ឬក្មេងៗ យើងក៏អាចយកមកធ្វើជារឿងក្នុងការនិយាយលេងបានយ៉ាងល្អប្រសើរបំផុត។ ក្នុងនោះដែរ ការនិយាយលេងរាក់ទាក់ក្រៅអំពីការបង្កចំណាប់អារម្មណ៍របស់ភាគីម្ខាងទៀត វាថែមទាំងធ្វើឱ្យគេទទួលបានអារម្មណ៍ថា យើងជាមនុស្សមានសន្តានចិត្តល្អ ងាយសេពគប់ និងធ្វើឱ្យគេមានចិត្តសប្បាយរីករាយនៅក្នុងការរួមសន្ទនាជាមួយគ្នា។ 

២. យករឿងដែលភាគីម្ខាងទៀតគេចូលចិត្តមកធ្វើការប្រធានបទ

 បើសិនជាយើងមានរឿងដែលត្រូវពឹងពាក់អ្នកណា យើងត្រូវតែដឹងថាគេនោះចូលចិត្តអ្វី និងមិនចូលចិត្តអ្វីជាមុនសិន។ បន្ទាប់មកយើងយករឿងណាដែលគេចូលចិត្ត មកធ្វើជាប្រធានបទក្នុងការនិយាយដូចជា បើគេចូលចិត្តតន្ត្រី យើងគួរនិយាយអំពីបទចម្រៀងដែលកំពុងពេញនិយម ពីអ្នកចម្រៀងណាម្នាក់ដែលល្បីៗជាដើម។ ប្រសិនបើយើងមានការយល់ដឹងក្នុងរឿងនេះខ្លះៗថែមទៀត នោះវានឹងជួយឱ្យការសន្ទនាកាន់តែមានឱជារសទ្វេឡើង ហើយភាគីម្ខាងទៀតគេនឹងគិតថា យើងនិយាយត្រូវចិត្តរបស់គេ តែបើសិនជាយើងមិនសូវដឹងពីសាច់រឿងនេះទេក៏មិនជាអ្វីដែរ តែយើងអាចសុំការណែនាំពីគេវិញក៏បាន។ ធ្វើដូច្នេះជាការបង្ហាញឱ្យឃើញថា យើងជាមនុស្សដាក់ខ្លួនដាក់កាយ មានសុជីវធម៌ ហើយម៉្យាងទៀត យើងទទួលបានការយល់ដឹងពីផ្នែកតន្ត្រីបន្ថែមទៀតផល។

៣. យកហេតុការណ៍ប្រទេសជាតិឬព័ត៍មានផ្សេងៗមកធ្វើជាប្រធានបទ 

សភាពការណ៍របស់ប្រទេសជាតិ និងព័ត៍មានផ្សេងៗ សុទ្ធសឹងតែជារឿងរ៉ាវដែលមនុស្សទូទៅបានដឹងលឺគ្រប់ៗគ្នារួចទៅហើយ។ ហើយយើងអាចយករឿងទាំងនេះមកធ្វើជាប្រធានបទក្នុងការសន្ទនាដូចជារឿង ប្រាសាទព្រះវិហារ ឬបញ្ហាព្រំដែនជាដើម ដែលអាចធ្វើឱ្យមនុស្សមានអារម្មណ៍តបស្នងជាមួយគ្នាបាន។

 ចំពោះរឿងព័ត៍មានផ្សេងៗ មិនថាជារឿងក្នុងប្រទេស ឬក្រៅប្រទេស រឿងតូចឬធំយ៉ាងណានោះទេ ក៏យើងអាចជ្រើសរើសយក មកធ្វើជាប្រធានបទបានដែរ ប៉ុន្តែយើងត្រូវប្រយ័ត្នប្រយែងនូវរឿងខ្លះដែរថា ការយកប្រធានបទណាមួយមកនិយាយត្រូវពិនិត្យមើលទៅតាមប្រភេទមនុស្ស តាមការចូលចិត្ត តាមការចាប់អារម្មណ៍របស់គេដូចជា ស្រ្តីមេផ្ទះ យើងទៅជានិយាយរឿងនយោបាយដែលគ្នាមិនសូវដឹងរឿងប៉ុន្មានក៏វាមិនទំនងដែរ ឬបើអ្នកនោះជាមន្ត្រី ឬជាថ្នាក់ដឹកនាំ តែយើងបែរជាលើករឿងរាយមាយពីនេះពីនោះមកនិយាយក៏ប្រហែលជារកចំណុចចុះសម្រុងគ្នាមិនឃើញដែរ។ 

ពេលខ្លះការនិយាយច្រើនពេកក៏អាចធ្វើឱ្យភាគីម្ខាងទៀតមិនសូវសប្បាយចិត្តប៉ុន្មានដែរ។ ហេតុនេះមុននឹងយករឿងអ្វីមកនិយាយដូចជា រឿងនយោបាយ ឬព័ត៍មានផ្សេងៗមកធ្វើជាប្រធានបទ អ្នកត្រូវតែពិនិត្យសង្កេតឱ្យបានច្បាស់លាស់ជាមុនសិនថា គេមានការចាប់អារម្មណ៍នឹងរឿងនេះដែរឬទេ? តើយើងអាចធ្វើឱ្យភាគីម្ខាងទៀតគេចូលរួមសន្ទនាជាមួយគ្នាដោយក្តីរីករាយដែរឬទេ? សូមកុំចេះតែនិយាយច្រើនពេកតែខ្លួនឯង ដោយមិនខ្វល់ពីរឿងនោះគេចង់ស្តាប់ ឬមិនចង់ស្តាប់ឱ្យសោះ។

 ៤. ក្នុងប្រធានបទនីមួយៗ តែងតែមានការរៀននិងការបង្រៀន

ខ្ញុំមិនហ៊ានថាប្រជាជនខ្មែរយើងមានការយល់ដឹងកម្រិតណាក្នុងបណ្តាប្រទេសជាង ២០០ លើពិភពលោកយើងនេះ? ហើយយើងមិនបានតាំងខ្លួនជាអ្នកប្រាជ្ញ ឬបណ្ឌិត និងជាអ្នកដើរប្រោសសត្វលោកអី្វទេ ប៉ុន្តែខ្ញុំគិតថា ការផ្តល់គំនិតល្អៗខ្លះទៅលើការគិត ការប្រព្រឹត្ត ឬផ្នែកសុខភាពអនាម័យ គឺជាអំពើដ៏ល្អមួយដែលគួរនឹងធ្វើវាណាស់។ អញ្ចឹងយើងមិនចាំបាច់ទៅអង្គុយទេសនាប្រាប់គេត្រង់ៗនោះទេ ប៉ុន្តែក្នុងពេលនិយាយលេងយើងអាចបន្ថែមបន្ថយខ្លះៗតាមការយល់ដឹងល្អៗមួយចំនួន ដែលមានប្រយោជន៍ដល់ពួកគេ៕ 

ដកស្រង់ចេញពីសៀវភៅ៖ សិល្ប៍វិធីក្នុងការនិយាយ 

អត្តបទដោយ៖ នុត សុណេត

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES