សាលា IT ពីរបង្ហើបជំនាញ ៤ ដែលចំណាយពេលរៀនតិច តែរកចំណូលមកវិញខ្ពស់ ធ្វើការបានគ្រប់កន្លែង

សព្វថ្ងៃនេះ ក្រៅពីការងារពេញម៉ោងនៅការិយាល័យ អ្នកធ្វើការអាជីពមួយចំនួនចាប់ផ្តើមងាកមកធ្វើការឯករាជ្យ ឬការងារ Freelance ក្នុងនោះដែរសិស្សភាគច្រើនបានជ្រើសរើសរៀនជំនាញខ្លី ដើម្បីឆាប់ចេញធ្វើការ Freelance រកចំណូលបន្ថែម សម្រាប់ផ្គត់ផ្គង់ការសិក្សា ក៏ដូចជាជីវភាពរស់នៅប្រចាំថ្ងៃ ។

អ្នកស្រី Nataly Rodionova នាយកសាលា IT Academy STEP Cambodia ប្រាប់ Business Cambodia ថា បើតាមរបាយការណ៍ពី Digital Cambodia បញ្ជាក់ថា កម្ពុជាត្រូវការអ្នក IT យ៉ាងហោចណាស់ ៥% នៃប្រជាជនសរុប ដូចនេះឱកាសការងារ IT នៅកម្ពុជាមានប្រមាណ ៥០០ ០០០ ទៅ ៨០០ ០០០ នាក់ឯណោះ ។ ដូចនេះអ្នកគួរតែចាប់ផ្តើមរៀនជំនាញសរសេរកូដ ឬ Coding ដើម្បីធ្វើការលើគម្រោងតូចៗមួយចំនួនៗដូចជា Web និង App Development ។

ជាមួយគ្នានេះលោក ភួង ភារៈ អ្នកចាត់ការទូទៅនៅវិទ្យាស្ថាន Instinct Institute បានលើកឡើងដែរថា សិស្សភាគច្រើនអាចចំណាយពេលធ្វើការឯករាជ្យលើការបង្កើតវេបសាយ និង App នេះខ្ទង់ ១ ខែ ដោយទទួលបានប្រាក់ចំណូលជាមធ្យម ៧០០ ទៅ ៨០០ ដុល្លារ ។

ក្រៅពី Coding លោកភារៈឲ្យដឹងថា ការងារឌីហ្សាញជាអាជីពមួយដែលពេញនិយម ស្រួលរៀន ចំណាយពេលរៀនខ្ទង់ ៣ ទៅ ៦ ខែ តែអាចរកចំណូលខ្ទង់ ៥០០ ដុល្លារឯណោះ ដោយចំណាយពេលធ្វើប្រហែល ១ សប្តាហ៍ប៉ុណ្ណោះក្នុងមួយគម្រោង ។

ស្រដៀងគ្នានេះជំនាញថតរូប​ឬ Photograph បានក្លាយជាអាជីពថ្មីដែលរកចំណូលក្រៅម៉ោងបានច្រើនគួរសម និងចំណាយពេលរៀនតិចដូចគ្នា បើតាមស្ថាបនិក Rean Thort លោក ឆេង សុភក្រ លើកឡើងថា មិនខ្វល់ថាអ្នកកាន់ម៉ាស៊ីនថតថោកឬថ្លៃ រៀនខ្លួនឯងឬរៀននៅសាលាទេ សំខាន់បើចង់ថតឲ្យឡើងទឹកដៃ ត្រូវតែអនុវត្តន៍រាល់ថ្ងៃ និងស្រាវជ្រាវតិចនិកថ្មីៗ ។

ជាមួយគ្នានេះសាលា IT Academy STEP Cambodia បន្ថែមថា ជំនាញកាត់តវីដេអូក៏កំពុងមានតម្រូវការទីផ្សារខ្ពស់ដែរនៅពេលបច្ចុប្បន្ន ដោយសារក្រុមហ៊ុនភាគច្រើនបានផ្តោតលើការផ្សាយពាណិជ្ជកម្មតាមវីដេអូច្រើនជាងមុន ។

ក្នុងនោះជំនាញទាក់ទងនឹង Video Graphic អាចបើកឱកាសឲ្យអ្នករកលុយពីគ្រប់ច្រក ទាំងធ្វើការឲ្យគេ ធ្វើការឯករាជ្យ ឬរកចំណូលពីអនឡាញ ។

អត្ថបទដោយ ៖ ហ៊ួត សុធារ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES