ឯកឧត្តម ស៊ុន ចាន់ថុល៖ ឲ្យតែមានផ្លូវ គឺមានសង្ឃឹម

June 19, 2017

លោកអ្នកពិតជាបានស្គាល់ឯកឧត្តម ស៊ុន ចាន់ រួចមកហើយ ដែលបច្ចុប្បន្ន លោកគឺជាទេសរដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន។ កន្លងទៅថ្មីៗនេះ ឯកឧត្តមបានចូលរួមជាវាគ្មិនកិតិ្តយសនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានរៀបចំឡើងកាលពីថ្ងៃទី១០ ដល់១២ ខែឧសភា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ។ នៅក្នុងវេទិកានោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល បានផ្តោតសំខាន់ទៅលើប្រយោគដ៏មានខ្លឹមសារមួយថា “ឲ្យតែមានផ្លូវ គឺមានសង្ឍឹម”។ បើលោកអ្នកចង់ដឹងថា ពាក្យនេះមានន័យយ៉ាងណា និងមានប្រយោជន៍អ្វីខ្លះ សូមតាមដានអានបន្តនៅខាងក្រោមនេះ។

បើយោងតាមការផុសវីដេអូថ្មីៗរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន គឺបានបង្ហាញអំពីទិដ្ឋភាពនៃការរៀបចំវេទិកាសេដ្ឋកិច្ចពិភពលោក ដែលធ្វើឡើងនៅទីក្រុងភ្នំពេញ គឺមានវាគ្មិនកិត្តិយសសំខាន់ៗចូលរួមមកពីប្រទេសថៃ ក្រុមហ៊ុនឯកជន ធនាគារចិន អ្នកសម្របសម្រួល និងអ្នកចូលរួមជាច្រើននាក់ផងដែរ។ នៅពេលកិច្ចពិភាក្សាបានចាប់ផ្តើមភ្លាម អ្នកសម្របសម្រួលបានចោទជាសំណួរទៅកាន់ឯកឧត្តម ស៊ុន ចាន់ថុន មុនគេអំពីការកើនឡើងនៃសេដ្ឋកិច្ចកម្ពុជា៧%បើធៀបទៅនឹងឆ្នាំ២០០៨ តើវាមានអ្វីពាក់ព័ន្ធទៅនឹងបណ្តាញផ្លូវ និងការដឹកជញ្ជូលដែរទេ?

Business Cambodia បានដកស្រង់នូវការឆ្លើយតមរបស់ឯកឧត្តមចំពោះការចោទសួរនេះ ដោយលោកបានលើកឡើងថាវាពិតជាមានការពាក់ព័ន្ធគ្នាយ៉ាងខ្លាំងមែនទែន  ដូចពាក្យខ្មែរមួយឃ្លាបានពោលថាឲ្យតែមានផ្លូវ គឺមានសង្ឍឹម ហើយសុភាសិតចិនវិញក៏បាននិយាយថា បើចង់រកស៊ីមានបាន គឺត្រូវមានផ្លូវជាមុនសិន។ ហើយទាំងអស់នេះក៏ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលផងដែរ ដែលផ្តល់អាទិភាពខ្ពស់លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះវាជាសរសៃឈាមនៃការអភិវឌ្ឍន៍ប្រទេសជាតិ ដោយផ្តល់ភាពងាយស្រួលដល់ការរស់នៅរបស់ប្រជាជន ហើយជាឳកាសល្អសម្រាប់វិនិយោគិនក្នុងស្រុក និងក្រៅស្រុកផងដែរ។

ប្រសិនបើមានបណ្តាញផ្លូវល្អនឹងផ្តល់ភាពងាយស្រួលសម្រាប់ការដឹកជញ្ជូន ការធ្វើដំណើរ ដែលអាចបម្រើឲ្យវិស័យកសិកម្ម ឧស្សាហ៍កម្ម និងវិស័យផ្សេងទៀតដែលពាក់ព័ន្ធឲ្យកាន់តែលឿន ហើយវាអាចជួយសន្សំសំចៃខ្ពស់ក្នុងការចំណាយលើការដឹកជញ្ជូន។ ជាងនេះទៅទៀត វាក៏ជាកត្តាល្អក្នុងការប្រគួតប្រជែងនៅលើទីផ្សារ ដោយអាចផ្គត់ផ្គង់ទំនិញបានទាន់ពេលវេលា និងមិនខូចគុណភាពដោយសារចំណាយពេលយូរពេក។

វាក៏សំខាន់ណាស់ដែរសម្រាប់វិស័យសុខាភិបាល នៅពេលមានអ្នកជំងឺ​ត្រូវទៅព្យាបាលនៅមន្ទីពេទ្យ គឺអាចទៅទាន់ពេល និងជៀសផុសគ្រោះថ្នាក់បានមួយចំនួនធំផងដែរ។ រីឯវិស័យទេសចរណ៍ក៏នឹងមានការរីកចម្រើនខ្លាំងដែរ នៅពេលមានផ្លូវល្អ ផ្លូវស្អាតគឺអាចទាក់ទាញភ្លៀវទេសចរណ៍បានកាន់តែច្រើន ដែលផ្តល់ភាពងាយស្រួលដល់ភ្លៀវក្នុងការធ្វើដំណើរទៅកាន់តំបន់ឆ្ងាយៗ និងតំបន់ទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

ប្រទេសកម្ពុជាមិនមែនបានចំណាយថវិកាតែលើការកសាងផ្លូវក្នុងស្រុកនោះទេ តែក៏មានកញ្ចប់ថវិកាសម្រាប់ស្ថាបនាបណ្តាញផ្លូវអន្តរជាតិផងដែរ ដែលត្រូវតភ្ជាប់ពីកម្ពុជាទៅប្រទេសថៃ វៀតណាម និងឡាវ ដើម្បីពង្រឹងទំនាក់ទំនងជាមួយប្រទេសជិតខាង​ និងផ្តល់ភាពងាយស្រួលសម្រាប់ប្រជាជនក្នុងការចេញចូលក្រៅស្រុក ជាពិសេសសម្រាប់សហប្រតិបត្តិការល្អនៅក្នុងតំបន់អាស៊ាននៅពេលខាងមុខ។ ឯកឧត្តមក៏បានបន្ថែមថា ប្រទេសកម្ពុជាជាចំនុចកណ្តាលនៃប្រទេសថៃ និងវៀតណាម ដូច្នេះកម្ពុជាត្រូវធ្វើផ្លូវឲ្យបានល្អដើម្បីទាក់ទាញវិនិយោគិនបរទេសឲ្យមករកស៊ីនៅស្រុកខ្មែរ ហើយដឹកជញ្ជូនទៅកាន់ថៃ និងវៀតណាមវិញ។

ដោយសារ រាជរដ្ឋាភិបាលនៃកម្ពុជាបានមើលឃើញពីគុណតម្លៃនៃការកសាងហេដ្ឋារចនាសម្ព័ន្ធបែបនេះ ទើបបានជម្រុញឲ្យមានការចំណាយថវិកាយ៉ាងច្រើនដើម្បីកសាងផ្លូវ និងស្ពានឲ្យកាន់តែច្រើន និងកាន់តែល្អជាងមុនដែរ។ បើតាមប្រសាសន៍របស់ឯកឧត្តម គឺបានចំណាយថវិកាប្រមាណជាង៥ពាន់លានដុល្លាដើម្បីកសាងក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ ដែលថវិកាទាំងអស់នេះបានមកពីកម្ចីបរទេសរួមមានដូចជា៖ ថៃ វៀតណាម ចិន កូរ៉េ ជប៉ុន ធនាគារពិភពលោក និង ធនាគារ ADB៕

អត្ថបទដោយ៖ សាន សំបូរ

Facebook Comment