ស្ថាបនិកផ្សារទំនើប WholeFoods ចាប់ផ្តើមរកសីុពីទុន $45,000 រហូតលក់ក្រុមហ៊ុនឲ្យគេក្នុងតម្លៃជិត 14 ពាន់លានដុល្លារ

June 19, 2017

លោក John Mackey ជាបុរសអ្នកជំនួញជនជាតិអាមេរិកដ៏គួរឲ្យស្ញប់ស្ញែង និង ជាអ្នកគាំទ្រសេដ្ឋកិច្ចទីផ្សារសេរីយ៉ាងមុតមាំមួយរូប។ ​លោកជាស្ថាបនិក និងជា CEO នៃផ្សារទំនើប Whole Foods ដែលថ្មីៗនេះ ត្រូវបានក្រុមហ៊ុន Amazon ប្រកាសថានឹងធ្វើការទិញយកក្នុងតម្លៃ 13.7 ពាន់លានដុល្លាអាមេរិក។

ទាក់ទិននឹងហាងផ្សារបន្លែធម្មជាតិ Whole Foods លោកថាពីមុនមក លោកមិនដែលគិតខ្វល់ខ្វាយពីសុខភាព ចំណីអាហារដែលលោកទទួលទាននោះទេ ព្រោះលោកនៅមិនទាន់យល់ពីតម្លៃក្នុងការបរិភោគអាហារសុខភាពនៅឡើយ រហូតដល់លោកមានអាយុ 23 ឆ្នាំ ជាពេលដែលរូបលោកបានផ្លាស់ប្តូរទីលំនៅចូលទៅក្នុងភូមិសហករណ៍អ្នកដាំបន្លែមួយកន្លែង ស្របពេលនោះ លោកបានគិតឃើញពីកិច្ចជំនួញមួយនេះ។

កំឡុងពេលរស់នៅក្នុងភូមិសហករណ៍អ្នកដាំបន្លែនោះ លោក Mackey បានចាប់ផ្តើមក្លាយខ្លួនជាអ្នកប្រមូលទិញកសិផល។ លោកពេញចិត្ត និងស្រឡាញ់សក្តានុពលនៃការបរិភោគអាហារសុខភាពជាខ្លាំង។ ដោយមានការជម្រុញទឹកចិត្តពីការស្រឡាញ់អាហារសរីរាង្គ លោក Mackey ក៏សម្រេចចិត្តចេញរកស៊ីដោយបើកហាងលក់គ្រឿងទេសធម្មជាតិមួយកន្លែងចំណាយអស់ដើមទុនជាង $45,000 ដុល្លាអាមេរិក។ លោកបានខិតខំពង្រីកសាខាអាជីវកម្ម ហាងលក់គ្រឿងទេសធម្មជាតិ របស់លោកជាច្រើនកន្លែងយ៉ាងយកចិត្តទុកដាក់ រហូតដល់អាចចូលទុនជាមួយមិត្តភក្តិរបស់លោកដទៃទៀតបាន ហើយបើកដំណើរការបានផ្សារទំនើប Whole Foods​ មួយជាលើកដំបូង ដែលសាងសង់ឡើងក្នុងឆ្នាំ 1980។

នៅថ្ងៃដំបូងនៃការបើកដំណើរការផ្សារទំនើប Whole Foods នេះ លោកនិងមិត្តភក្តិទទួលបានជោគជ័យយ៉ាងខ្លាំងទៅហើយយ៉ាងមិនគួរឲ្យជឿ ដោយសារប្រជាជននៅទីនោះ មានអារម្មណ៍ត្រេកអរជាខ្លាំង នឹងផ្សារបន្លែគ្មានសារធាតុគីមីដំបូងគេបង្អស់របស់លោក។ លោកនិងមិត្តភក្តិមិនចាំបាច់ធ្វើការផ្សព្វផ្សាយអ្វីទាំងអស់ គឺគ្រាន់តែផ្អែកទៅលើពីមាត់មួយទៅមាត់មួយរបស់ប្រជាជនតែប៉ុណ្ណោះ។ ការរីកចម្រើនលូតលាស់របស់ផ្សារបន្លែសុខភាព Whole Foods នេះ មានការវិវឌ្ឍទៅមុខជាលំដាប់។

លោកបានមានប្រសាសន៍ថា ប្រសិនជាអ្នកធ្វើឲ្យជោគជ័យខុសប្លែកពីគេ នោះអ្នកដទៃនឹងប្រឹងប្រែងធ្វើតាមអ្នក។ លោកបានបន្ថែមទៀតថា ការធ្វើមុខជំនួញ គឺប្រៀបបានដូចជា​ ការមើលថែទាំកូនរបស់ខ្លួន លោកអ្នកសង្ឃឹមថា កូនរបស់លោកអ្នកធំឡើងមានសុខភាពល្អ សុភមង្គល សុចរិត និង ធ្វើតែរឿងល្អៗនៅក្នុងជីវិត ដូច្នេះការធ្វើអាជីវកម្មក៏មិនខុសគ្នាដែរ។​

Business Cambodia សង្ឃឹមថា លោកអ្នកដែលកំពុងអាន នឹងអាចប្រកាន់យកគំនិតមួយនេះទៅអភិវឌ្ឍន៍អាជីវកម្មរបស់លោកអ្នកឲ្យទទួលបានជោគជ័យដូចជាលោក John Mackey ផងដែរ។ ហើយសង្ឃឹមថា អនាគត ផ្សារបន្លែធម្មជាតិ ធំបែបនេះ ក៏នឹងមានដំណើរការល្អដែរនៅស្រុកខ្មែរ៕

 

អត្ថបទដោយ: Chhoyyi

Facebook Comment