Jack Ma៖ ក្រុមហ៊ុនអាលីបាបានឹងធំជាងសេដ្ឋីអង់គ្លេស និងបារាំងបូករួមគ្នានៅត្រឹមឆ្នាំ ២០៣៦

June 19, 2017

ពិតជាមិនធម្មតាមែន ដែលមហាសេដ្ឋីចិន មានមាឌល្អិត តែចិត្តធំ គឺលោក Jack Ma ជាស្ថាបនិកដ៏ឆ្នើមរបស់ក្រុមហ៊ុនយក្ស អាលីបាបា បានបង្ហាញនូវមហិច្ឆតាថ្មីមួយទៀតរបស់គាត់ដែលទើបចុះផ្សាយនៅក្នុងគេហទំព័រ www.rt.com ថាក្រុមហ៊ុនអាលីបាបានឹងធំជាងសេដ្ឋីអង់គ្លេស និងបារាំងបូករួមគ្នានៅត្រឹមឆ្នាំ ២០៣៦។ តើមានកត្តាអ្វីខ្លះ ដែលធ្វើឲ្យគាត់ហ៊ានព្យាករណ៍លទ្ធផលបែបនេះនៅពេលខាងមុខ? ដើម្បីឲ្យដឹងកាន់តែច្បាស់ Business Cambodia សូមធ្វើការលើកយកនូវអំណះអំណាងរបស់គាត់មកបង្ហាញដូចខាងក្រោមនេះ។

លោក Jack Ma ធ្លាប់បានលើកឡើងថា ប្រសិនបើក្រុមហ៊ុនមួយអាចបម្រើអតិថិជនបានដល់២ពាន់លាននាក់ នោះនឹងក្លាយជាក្រុមហ៊ុនយក្ស ដែលនេះជាចំនួន១ភាគ៣នៃប្រជាជនសរុបនៅលើពិភពលោក។ បើក្រុមហ៊ុនមួយអាចបង្កើតការងារដល់ ១០០លានការងារសម្រាប់មនុស្ស គឺមានសមត្ថភាពខ្លាំងជាងរដ្ឋាភិបាលរបស់ប្រទេសមួយទៅទៀត។ ហើយប្រសិនបើក្រុមហ៊ុនមួយអាចជួយទ្រទ្រង់ឲ្យ១០លានអាជីវកម្ម បានរស់ និងទទួលបានប្រាក់ចំនេញ នោះអាចហៅថាជាមហាអំណាចសេដ្ឋកិច្ចមួយហើយ។

តាមរយៈការលើកឡើងនេះ គឺលោក Jack Ma ចង់បញ្ជាក់ប្រាប់ថាមានតែក្រុមហ៊ុនអាលីបាបារបស់លោកទេ ដែលអាចធ្វើបាន ពីព្រោះនៅក្នុងវែបសាយអាលីបាបាមានក្រុមហ៊ុនទាំងតូច ទាំងធំរាប់លានក្រុមហ៊ុន ដែលមានប្រភពមកពីច្រើនប្រទេស បានដាក់លក់ផលិតផលរបស់ពួកគេនៅទីនោះរាល់ថ្ងៃ បើគិតទៅមានទំនិញរហូតដល់រាប់ពាន់លានមុខឯងណោះ។

ក្រុមហ៊ុនអាលីបាបានឹងក្លាយទៅជាក្រុមហ៊ុនធំជាងគេ ដែលឈរនៅលេខរៀងទី១៦ ឬ១៧ នៅត្រឹមឆ្នាំ២០២០។ ដើម្បីអាចសម្រេចបានតាមគោលដៅនេះ លោក Jack Ma បានប្រើយុទ្ធសាស្រ្តបង្កើនការដាក់លក់ផលិតផលនៅក្នុងវែបសាយអាលីបាបាឲ្យបានកាន់តែច្រើន ដែលជាហេតុធ្វើឲ្យចំណូលរបស់ក្រុមហ៊ុននឹងកើនឡើងយ៉ាងលឿនផងដែរ។

ហើយអំណះអំណាងដ៏សំខាន់មួយទៀតនោះ គឺអាលីបាបានឹងក្លាយជាក្រុមហ៊ុនធំជាងគេ ដែលស្ថិតនៅលំដាប់លេខរៀងទី៥ នៅត្រឹមឆ្នាំ២០៣៦។ លោក Jack Ma បានព្យាករណ៍ថា អាលីបាបានឹងរីកចម្រើនខ្លាំង ហើយនឹងក្លាយទៅជាក្រុមហ៊ុនធំ ដែលមានសេដ្ឋកិច្ចធំទី៥ ដែលឈរលេខរៀងបន្ទាប់ពីអាមេរិក ចិន អឺរ៉ុប និងជប៉ុន។ ត្រង់ចំនុចនេះហើយ ដែលគាត់ហ៊ានអះអាងថាក្រុមហ៊ុនអាលីបាបានឹងធំជាងសេដ្ឋីអង់គ្លេស និងបារាំងបូករួមគ្នានៅត្រឹមឆ្នាំ ២០៣៦ ពីព្រោះគាត់នឹងទៅទម្លាក់តំណែងរបស់អង់គ្លេង និងបារាំងឲ្យបាន។ ហើយគាត់បានសន្និដ្ឋានផងដែរថា នៅពេលនោះ ក្រុមហ៊ុនអាលីបាបានឹងអាចបង្កើតការងាររហូតដល់១០០លានការងារសម្រាប់មនុស្ស។

នៅសល់យុទ្ធសាស្រ្តមួយទៀត ដែលលោក Jack Ma នឹងប្រើដើម្បីធ្វើឲ្យក្រុមហ៊ុនអាលីបាបាអាចឈានដល់កំពូល និងយកឈ្នះក្រុមហ៊ុនធំៗផ្សេងទៀតបាន គឺអាលីបាបានឹងខំប្រឹងរកអតិថិជនឲ្យបានកាន់តែច្រើនថែមទៀត ព្រោះរបាយការណ៍កន្លងមកបានបង្ហាញថាមានអតិថិជនប្រហែល ៤៥០លាននាក់ ដែលបានមកទិញផលិតផលនៅក្នុងវែបសាយអាលីបាបាជារៀងរាល់ឆ្នាំ។

ជាចុងក្រោយ Business Cambodia ក៏បានរកឃើញថាការដែលលោក Jack Ma មានមហិច្ឆតាធំបែបនេះ និងហ៊ានគិតដោយសុទិដ្ឋិនិយមទៀតនោះ គឺដោយសារគាត់គិតថាការដាក់លក់ទំនិញតាមប្រព័ន្ធអនឡាញគឺបានផ្តល់ភាពងាយស្រួលដល់អ្នកទិញ និងអ្នកលក់នៅគ្រប់ទីកន្លែងទាំងអស់នៅលើពិភពលោក ហើយការទូទាត់ប្រាក់ក៏ងាយស្រួលដែរ និងអាចជឿទុកចិត្តបានទៀតផង៕

អត្ថបទដោយ៖ សាន​​ សំបូរ

 

Facebook Comment