ម៉ាត 7-Eleven លក់កញ្ចប់ Franchise ក្នុងតម្លៃទាបត្រឹមតែ ៦០០០$/ហាង ប៉ុណ្ណោះនៅហ្វីលីពីន

June 18, 2017

បច្ចុប្បន្នយើងឃើញថា អាជីវកម្មនៃការទិញ franchise ឫការទិញសិទ្ធិក្នុងការបើកអាជីវកម្មបន្តដែលមានរូបមន្ត ឬប្រព័ន្ធប្រតិបត្តិការស្រាប់ គឺមានការកើនឡើងយ៉ាងខ្លាំង។ ជាក់ស្តែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាយើងមានការកើនឡើងខ្លាំងគួរអោយកត់សម្គាល់ផងដែរ ហើយតម្លៃក្នុងការទិញសិទ្ធិ franchise មួយៗវិញគឺមិនក្រោមពី ១០,០០០$នោះទេ ប៉ុន្តែសម្រាប់ម៉ាត 7-Eleven មួយនេះគឺមានតម្លៃត្រឹមតែ ៦០០០$ប៉ុណ្ណោះនៅក្នុងប្រទេសហ្វីលីពីន។

ប្រតិបត្តិកររបស់ហាងយីហោ Seven Elevenនៅហ្វីលីពីនគឺ ក្រុមហ៊ុន Philippine Seven Corp (PSC) បានចេញកញ្ចប់ផ្តល់សិទ្ធិសាមញ្ញបំផុត និងមានតំលៃសមរម្យ ដែលតម្រូវឱ្យមានប្រាក់តែ ៦០០០$ប៉ុណ្ណោះ ក្នុងការចំណាយលើការទិញ franchise ដើម្បីដំណើរការហាង។

ជាមួយនឹងគម្រោងថ្មីនេះផងដែរ PSC បានស្វែងរកដៃគូសហការផ្ទាល់ពីខាងក្រៅ ដើម្បីលក់ franchise របស់ខ្លួនជាមួយនឹងការផ្តល់ជូនធនធានបន្ថែមទៀតដោយមិនគិតថ្លៃ ការធ្វើបែបនេះដើម្បីទទួលបានការបើកហាងបន្ថែមកាន់តែច្រើន និងពង្រឹងជំហរក្នុងការនាំមុខគេលើទីផ្សារអាជីវកម្មលក់រាយនៅក្នុងស្រុក។
ឆ្នាំនេះ PSC មានគម្រោងវិនិយោគទឹកប្រាក់ប្រមាណជា ៧០លានដុល្លារដើម្បីបើកហាងថ្មី 400កន្លែង និងជួសជុលហាងផ្សេងទៀត។ ក្រុមហ៊ុននេះបានបញ្ចប់គម្រោងឆ្នាំ ២០១៦របស់ខ្លួន ដោយមាន 1,995ហាងក្នុងឆ្នាំ២០១៦ ហើយពង្រីកបន្ថែមបាន ៧៦ទៀត ដែលបច្ចុប្បន្នមានដល់ទៅ 2,071ហាងគិតត្រឹមខែឧសភាឆ្នាំ២០១៧ ដោយហេតុនេះធ្វើអោយការលក់របស់ក្រុមហ៊ុនផ្សារនេះមានការកើនឡើង ៧០%។

លោក Jose Victor Paterno ប្រធាន PSC និយាយនៅក្នុងសន្និសីទកាសែតមួយនៅខាងក្រៅកិច្ចប្រជុំភាគហ៊ុនរបស់ក្រុមហ៊ុននៅថ្ងៃសុក្រកន្លងទៅនេះថា ‍‍‍‍‍‍« យើងកំពុងចង់លក់សិទ្ធិអាជីវកម្មបន្តសម្រាប់ហាងដែលយើងមានស្រាប់។ យើងមានកញ្ចប់ Franchise ដែលយើងកំពុងតែតេស្ត ហើយនឹងចេញលក់នៅក្នុងឆ្នាំនេះផងដែលដោយ ត្រូវការដើមទុនតិចបំផុត ដើម្បីបើកហាងថ្មី។”

លោក Paterno បានបន្ថែមថា « ជាទូទៅយើងចង់ឱ្យមនុស្សដែលមានឆន្ទៈក្នុងការងារ ធ្វើការនៅក្នុងហាងនេះ គំនិតនេះគឺដើម្បីទទួលបានបុគ្គលិក និងអ្នកគ្រប់គ្រងដែលមានជំនាញពិតប្រាកដ ប៉ុន្តែមនុស្សបែបនេះមានមិនច្រើននោះទេ »។ កញ្ចប់ franchise ចុងក្រោយបំផុតដែលមានតម្លៃទាបត្រឹមតែ ៦០០០$ បានបន្ថយឧបសគ្គក្នុងការចូលទៅក្នុងបណ្តាញ 7-Eleven របស់ប្រទេសហ្វីលីពីន ហើយនេះគឺជាតំលៃដែលមានភាពសមរម្យជាងកញ្ចប់ផ្តល់សិទ្ធិ ដែលបានប្រកាសដោយក្រុមហ៊ុននេះកាលពីឆ្នាំមុន គឺមានតម្លៃដល់ទៅ ២០,០០០$។

PSC បានបម្លែងហាងចំនួន 50 ដែលជាដៃគូសហការរបស់ខ្លួនដែលមានស្រាប់ ចូលទៅក្នុងសាខាទិញសិទ្ធិក្រោមកញ្ចប់ថ្មីបំផុតចុងក្រោយនេះ។ លោកក៏បានបន្ថែមថា PSC នឹងរីកចម្រើនទៅមុខបន្តទៀត ខណៈពេលដែលបណ្តាញហាងរបស់ខ្លួនបន្តការកើនឡើង នឹងផ្តោតលើការបង្កើនការលក់ហាងបន្ថែមទៀត ដោយការកែលម្អផលិតផលនិងសេវាកម្មរបស់ខ្លួនអោយកាន់តែពិសេសថែមទៀត។

គួរបញ្ជាក់ថា យីហោម៉ាត ដ៏ធំមួយនេះ មិនទាន់មានវត្តមាននៅកម្ពុជានៅទ្បើយ។ មានដំណឹងមិនផ្លូវការថា យីហោមួយនឹងមកកម្ពុជា ជាច្រើនលើក តែរហូតមកដល់ សព្វថ្ងៃនេះមិនទាន់ដឹងថាមកនៅថ្ងៃណានោះទេ។ Business Cambodia នឹងតាមពត៌មាន នេះ បន្ថែមទាក់ទងនឹងការចូលទីផ្សាររបស់ Seven Eleven៕

អត្ថបទដោយ៖ បូនេត

Facebook Comment