លោក គង់ ផារិទ្ធ៖ ការគិតរបស់អ្នកយ៉ាងណា ផ្លែផ្ការបស់អ្នកគឺយ៉ាងនោះ

June 18, 2017

លោក គង់ ផារិទ្ធ គឺជាសហគ្រិនមួយរូបដែលមានភាពល្បីល្បាញតាមរយៈស្នាដៃសំខាន់ៗរបស់លោកដូចជា ការបង្កើតកង់ និងរថយន្តដើរដោយពន្លឺព្រះអាទិត្យមុនគេនៅកម្ពុជា។ ហើយអ្នកខ្លះទៀតក៏បានស្គាល់ និងហៅគាត់ថាជាអ្នកវិទ្យាសាស្រ្តខ្មែរ ដែលផ្តោតលើវិស័យបច្ចេកវិទ្យា និងប្រព័ន្ធសូឡា។ លោកបានប្រាប់ Business Cambodia ថាធ្វើអ្វីក៏ដោយ បើការគិតរបស់អ្នកយ៉ាងណា នោះផ្លែផ្ការបស់អ្នកគឺយ៉ាងនោះហើយ។

សព្វថ្ងៃនេះ លោក គង់ ផារិទ្ធ គឺជានាយកប្រតិបត្តិនៃក្រុមហ៊ុន IMB Cambodia Group និងជាប្រធានអង្គការ Smart ផងដែរ។ ក្រៅពីការងារសំខាន់ទាំងពីរនេះ លោកក៏ធ្លាប់បានបង្រៀនវគ្គ វិទ្យាសាស្ត្រសម្រាប់ជោគជ័យបុគ្គល ដល់កូនខ្មែរជាច្រើនជំនាន់រួចមកហើយ។ នៅក្នុងវគ្គនោះគឺគាត់ផ្តោតសំខាន់លើអំណាចនៃការគិត ដែលបានចែងថា ការគិតយ៉ាងណាផ្លែផ្កាយ៉ាងនោះ

ការគិតយ៉ាងណាផ្លែផ្កាយ៉ាងនោះ បើយោងតាមការ​ស្រាវ​ជ្រាវ និង​ការ​បក​ស្រាយចេញមកបានបង្ហាញឲ្យឃើញថា មានដើមកំណើតដំបូង​ចេញពីព្រះពុទ្ធ ​ដែលបានសម្តែងថា ការគិតជា​ម្ចាស់នៃជីវិត ឬការគិតជាការ​បង្កើត​ពិភពលោក។ លោក គង់ ផារិទ្ធបានពន្យល់បន្តទៀតថា បើអញ្ចឹង​ការ​​​គិត​យើងយ៉ាងណា ផ្លែផ្កាយើងក៏នឹងបានយ៉ាង​នោះដែរ។ គាត់បាន​បញ្ជាក់ថា ​ហេតុ​​​អីការគិតរបស់យើងមាន​សារៈ​សំខាន់ខ្លាំងម្លេះ? ការ​គិតរបស់យើងគឺបែបដូច្នេះ បើយើងគិតថាធ្វើមិនកើត ​ទៅមិន​រួច គិតថាបរាជ័យ នោះ​គំនិត​​យើង​នឹងបិទជិតជាមិនខាន។ តែកាលណាយើងគិតថា អាចធ្វើបាន ទៅរួច ឬជោគ​ជ័យ ​​នោះខួរ​ក្បាល​យើង​នឹងបើកឳកាស ហើយបង្កើតនូវគំនិតថ្មីៗដើម្បីធ្វើវាឲ្យបានជោគជ័យនៅពេលខាងមុខ។

ទាំងនេះជាមូលហេតុ ដែលបញ្ជាក់ថាការគិតរបស់យើង​ពិតជា​​មាន​សារៈ​​សំខាន់​​​​ណាស់ បើយើងគិតថាមិនអាច ទៅមិនរួច នោះខួរក្បាល​នឹង​បិទ​ផ្លូវ​នៃការ​គិត​របស់​យើង ហើយវាធ្វើ​ឲ្យ​យើងលែងចង់ធ្វើ លែងចង់គិត ពេល​នោះយើង​នឹង​មិន​អាច​​​ស្វែង​រកជោគជ័យបានឡើយ។ តើហេតុអ្វីបានជាអ្នកខ្លះជោគជ័យ និងអ្នកខ្លះទៀតបរាជ័យ? ទាំងអស់នេះគឺដោយសារគុណភាពការគិត និងប្រភេទនៃការគិតរបស់ពួកគេ។ ជាទូទៅមនុស្សមានការគិតពីរប្រភេទគឺ ការគិតវិជ្ជមាន និងការគិតអវិជ្ជមាន ដែលវាជាឬសគល់នៃការកំណត់ជោគវាសនារបស់ពួកគេនៅថ្ងៃអនាគត។ ដូច្នេះ អ្នកត្រូវចងចាំថា ការគិតជាម្ចាស់ជីវិត បើអ្នកគិតយ៉ាងណា នោះអ្នកនឹងទទួលបានផលបែបនោះឯង៕

អត្ថបទដោយ៖ សាន​ សំបូរ

Facebook Comment