កាហ្វេ Starbucks នឹងពង្រីកបន្ថែមហាងខ្លួនឲ្យបាន 12,000 ហាងនៅត្រឹមឆ្នាំ 2021

June 18, 2017

បច្ចុប្បន្ន លោកអ្នកមិនថាស្ថិតនៅក្នុងវ័យណាក៏ដោយ ភាគច្រើនសុទ្ធតែចូលចិត្តទទួលទានកាហ្វេ ពីព្រោះតែកាហ្វេមានក្លិនឈ្ងុយ រសជាតិឆ្ងាញ់ និងផ្តល់នូវថាមពលដល់អ្នកពេញមួយថ្ងៃក្នុងការបំពេញការងារ​ ជាពិសេសកាហ្វេត្រូវបានគេសង្កេតឃើញថា មានការពេញនិយមច្រើន នៅពេលមានកិច្ចពិភាក្សាមុខជំនួញផ្សេងៗ។

ចំពោះលោកអ្នកដែលជាអ្នកចូលចិត្តទទួលទានកាហ្វេដែរនោះ មានដឹងដែររឺទេថា Starbucks ត្រូវបានបង្កើតនៅឆ្នាំណា ហើយមានសាខាប៉ុន្មាន នៅបណ្តាប្រទេសណាខ្លះ?

ជាក់ស្តែង ក្រុមហ៊ុន Starbucks ដែលមានឈ្មោះបោះសំឡេងនេះ ត្រូវបានស្ថាបនិកឡើងក្នុងឆ្នាំ 1971 នៅរដ្ឋ វ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដោយស្ថាបនិក 3 រូប គឺលោក Jerry Baldwin, Zev Siegl និង លោក Gordon Bowker។​ គិតត្រឹមចុងឆ្នាំ 2016 Starbucks មានសាខាជាង 24,464 ​កន្លែង នៅក្នុងបណ្តាប្រទេសមួយចំនួននៅលើពិភពលោក រួមមាន អាមេរិក ចិន កាណាដា ជប៉ុន កូរ៉េខាងត្បូង -ល-។

បើយោងតាមប្រភពសារពត៌មានគេហទំព័រ Chicago Tribune បានឲ្យដឹងថា Starbucks គ្រោងនឹងបើកទីតាំងថ្មីចំនួន 12,000 កន្លែង នៅត្រឹមឆ្នាំ 2021 ខាងមុខនេះ ដើម្បីពង្រីកហាងកាហ្វេរបស់ខ្លួនឲ្យកាន់តែធំទូលាយ គ្រប់ទីកន្លែងនៅជុំវិញពិភពលោក។ ក្នុងចំណោមហាងចំនួន 12,000 កន្លែង Starbucks មានគម្រោងនឹងដំណើរការហាងចំនួន 5,000 កន្លែងនៅក្នុងប្រទេសចិនតែម្តង ដោយសម្លឹងឃើញសេដ្ឋកិច្ចរីកចម្រើនរបស់ចិន និងរំពឹងទុកថា នឹងបើកដំណើរការឲ្យដើរទាន់ទីផ្សារដ៏ធំរបស់ខ្លួននៅអាមេរិក។ បច្ចុប្បន្ន ហាងកាហ្វេនេះបានបោះទីតាំងនៅប្រទេសចិនប្រមាណ 2,500 កន្លែងរួចមកហើយ និង ប្រមាណជាង 13,000 នៅអាមេរិក។

ដើម្បីងាយស្រួលដល់អតិថិជនធ្វើការកុម៉្មង់ មិនថាជាកាហ្វេ អាហារ រឺ ភេសជ្ជៈ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2017 នេះ Starbucks កំពុងនឹង update កម្មវិធី app របស់ខ្លួនក្នុងទូរស័ព្ទដៃដោយប្រើបច្ចេកវិទ្យាឆ្លាតវៃ ផ្តល់ភាពងាយស្រួលដល់អតិថិជន ធ្វើការកុម៉្មង់ដោយអាចនិយាយឆ្លើយឆ្លងទៅកាន់បុគ្គលិក Starbucks ដោយផ្ទាល់តាមរយៈទូរស័ព្ទដៃស្មាតហ្វូនរបស់លោកអ្នក ជំនួសឲ្យការចុចនៅលើអេក្រង់ទូរស័ព្ទដៃ។

សូមបញ្ជាក់ផងដែរថា Starbucks បានចូលមកក្នុងប្រទេសកម្ពុជានាចុងឆ្នាំ 2016 កន្លងនេះ ដែលបានបោះទីតាំងដំបូងរបស់ខ្លួន សាខាទីមួយ នៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ សាខាទីពីរនៅជាន់ផ្ទាល់ដី ផ្សារទំនើបអ៊ីអនម៉ល​ សាខាទីបី នៅម្តុំបឹងកេងកង1 សាខាទីបួន នៅផ្សារទំនើប ធីខេអាវេនញូម៉ល និងចុងក្រោយសាខាទីប្រាំ គឺនៅជាន់ផ្ទាល់ដី អគារ Exchange Square។

ថ្មីៗនេះ Starbucks បានធ្វើការណែនាំភេសជ្ជៈថ្មីរបស់ខ្លួនពីរប្រភេទ គឺ ហ្វ្រាបពូឈីណូ​រសជាតិគ្រីម និង ចាហួយកាហ្វេ និង ហ្វ្រាបពូឈីណូ​ រសជាតិតែបៃតង និង ចាហួយរសជាតិតែ។ ជាពិសេសទៅទៀត ចាប់ពីថ្ងៃទី 16 ដល់ថ្ងៃទី 19 ខែមិថុនា រាល់ការជាវភេសជ្ជៈហ្វ្រាបពូឈីណូគ្រប់ប្រភេទ លោកអ្នកនឹងទទួលបានការផ្តល់ជូននូវ បំពង់បឺតនំដ៏ឈ្ងុយឆ្ងាញ់ដោយឥតគិតថ្លៃពី Starbucks ដែលមានលក្ខណៈប្លែកពិសេស។

Business Cambodia នឹងលើកយកនូវចំណុចខ្លាំងៗរបស់យីហោមួយនេះ មកបកស្រាយ ដើម្បីជាគំនិត ដែលសហគ្រិនកម្ពុជាមួយចំនួនដែលកំពុងតែរកសីុក្នុងវិស័យនេះ ដូចនេះសូមរង់ចាំតាមដានអាន ទាំងអស់គ្នា៕

 

Chhoyyi

Facebook Comment