ការលក់រថយន្តរបស់ក្រុមហ៊ុន Mazda នៅក្នុងប្រទេសថៃមានការកើនឡើងរហូតដល់២២%

June 17, 2017

Mazda ជាក្រុមហ៊ុនផលិតរថយន្តដ៏ល្បីមួយរបស់ប្រទេសជប៉ុន ដែលបានបង្កើតឡើងនៅឆ្នាំ១៩២០ ដោយលោក Jujiro Matsuda។ សព្វថ្ងៃក្រុមហ៊ុននេះកំពុងមានវត្តមាននៅបណ្តាប្រទេសក្នុងតំបន់អាស៊ានជាច្រើនដូចជា ម៉ាឡេស៊ី ថៃ វៀតណាម និងកម្ពុជាយើងជាដើម ព្រមទាំងប្រទេសផ្សេងៗជាច្រើនទៀត តែប្រទេសក្នុងតំបន់អាស៊ានដែលមានសន្ធុះនៃប្រើប្រាស់រថយន្ត Mazda ខ្លាំងជាងគេនោះគឺ ប្រទេសថៃ។

ក្រុមហ៊ុន Mazda បាននិយាយថាខ្លួនបានលក់រថយន្តអស់ចំនួន ៤ ២០៣គ្រឿងក្នុងខែមេសាឆ្នាំ២០១៧នេះ ដែលវាមានការកើនឡើង ២២%បើធៀបទៅនឹងខែមេសាកាលពីឆ្នាំ២០១៦។ ចំណែកទីផ្សារក្នុងប្រទេសថៃមានជាង៦% ហើយការលក់រថយន្តម៉ូឌែល Mazda2 និង Mazda3 ទាំងពីម៉ូឌែលនេះមានការកើនឡើងប្រមាណជា៤១% នេះបើយោងតាមសេចក្តីថ្លែងការរបស់អ្នកចែកចាយរថយន្ត Mazdaក្នុងប្រទេសថៃ (MST Co)។

ការលក់រថយន្តម៉ូឌែល Mazda2 គឺមានចំនួន ២៦០៩គ្រឿង ដែលបានដាក់នៅលេខរៀងទី២ ក្នុងផ្នែកB និងក្នុងទីផ្សាររថយន្តផងដែរ។ លោក Chanchai Trakarnudomsuk ប្រធាន MSTបានអោយដឹងថាសេដ្ឋកិច្ចរបស់ប្រទេសថៃបានចាប់ផ្តើមបង្ហាញសញ្ញានៃភាពប្រសើរឡើងនៅដើមឆ្នាំ២០១៧នេះ។

បើយោងទៅតាមសន្ទស្សន៍នៃការទុកចិត្តរបស់អតិថិជនទៅលើក្រុមហ៊ុន Mazda ក្នុងអំឡុងពេល ៤ខែដំបូងក្នុងឆ្នាំ២០១៧នេះ វាបានបញ្ជាក់អោយឃើញថាការចំណាយទៅលើទំនិញ ដែលមានគុណភាពល្អ (ទំនិញប្រើប្រាស់បានយូរ) គឺមានការកើនឡើងជាងមុន។ លោក Chanchai Trakarnudomsuk ដែលជាប្រធាននៃ MST បានបន្ថែមថា កត្តាដែលនាំអោយមានការគាំទ្រកាន់តែខ្លាំងគឺដោយសារ ការកើនឡើងនូវប្រាក់ចំណូលក្នុងគ្រួសារ ជាពិសេសអ្នកដាំកៅស៊ូ ដំឡូងមី ស្ករអំពៅ និងស្រូវជាដើមគឺសុទ្ធតែមានការកើនឡើងនូវប្រាក់ចំណូល។

មិនតែប៉ុណ្ណោះអតិថិជននៅក្នុងប្រទេសថៃក៏កាន់តែមានភាពងាយស្រួលក្នុងទិញរថយន្ត ដោយសារតែស្ថាប័នហិរញ្ញវត្ថុជាច្រើនបានចាប់ផ្តើមបន្ធូរបន្ថយវិធានការក្នុងការផ្តល់ប្រាក់កម្ចីសម្រាប់ទិញរថយន្តអោយកាន់តែមានភាពងាយស្រួលជាងមុន ហេតុនេះហើយបានជាធ្វើអោយមានកំណើនសេដ្ឋកិច្ច និងមានការកើនឡើងនូវទីផ្សាររថយន្តនៅក្នុងប្រទេសថៃ ដែលធ្វើអោយការលក់រថយន្តរបស់ក្រុមហ៊ុន Mazda នៅក្នុងប្រទេសថៃមានការកើនឡើងរហូតដល់២២%។

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០១៧នេះក្រុមហ៊ុន Mazdaកំពុងមានសន្ទុះនៃការគាំទ្រខ្លាំងក្នុងទីផ្សាររថយន្ត ជាក់ស្តែងក្នុងប្រទេសកម្ពុជាក៏ឃើញមានវត្តមានរបស់រថយន្តនេះដែរ ហើយអ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ ក្រុមហ៊ុន Mazdaបានបញ្ចេញរថយន្តថ្មីជាច្រើន ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ និងមានសុវត្ថភាពខ្ពស់សម្រាប់អ្នកបើកទៀតផង ហើយចំណែកឯតម្លៃវិញមិនខ្ពស់ពេកនោះទេ គឺស្របទៅតាមតម្រូវការរបស់អ្នកប្រើប្រាស់នាពេលបច្ចុប្បន្ននេះផងដែរ។

អត្ថបទដោយ៖ បូនេត

Facebook Comment