បើមានតែគំនិត ហើយខ្វះលុយ តើត្រូវធ្វើយ៉ាងណា?

June 17, 2017

នៅក្នុងប្រទេសកម្ពុជាប៉ុន្មានឆ្នាំចុងក្រោយនេះ គេហាក់សង្កេតឃើញថាមានយុវជនមួយចំនួនហាក់មានទំនោរចង់រកស៊ី ជាងធ្វើការឲ្យគេ ខុសពីពេលមុន ខណៈពួកគាត់មួយចំនួនទើបតែងបញ្ចប់ការសិក្សា មានតែគំនិតរកស៊ី តែគ្មានលុយ។ បញ្ហានេះប្រហែលជា បញ្ហាចម្បងមួយសម្រាប់សហគ្រិនថ្មីថ្មើងសម័យថ្មីនេះ ក្នុងការប្រលូកក្នុងវិថីជំនួញ។ ថ្ងៃនេះពាណិជ្ជកម្មកម្ពុជា និងលើកយកបទពិសោធន៍សហគ្រិនជោគជ័យ៣រូប ដែលលោកលើកឡើងទាក់ទងនិងការរកស៊ី មិនអាស្រ័យលើលុយ តែអាស្រ័យលើគំនិត ទើបធ្វើឲ្យអាជីវកម្មជោគជ័យ។

លោកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់មានប្រសាសន៍ថា ត្រូវចេះយកខ្លួនធ្វើជាទុន បើអ្នកខ្វះទុនរកស៊ី នេះគឺជាពាក្យសម្តីដ៏មានខ្លឹមសាររបស់លោកឧកញ៉ាម៉ុង ឫទ្ធី ធ្លាប់មានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាកន្លងមក។ ពិតណាស់ វិធីសាស្ត្រមួយចំនួនដែលអាចជាមធ្យោបាយសម្រាប់ស្វែងរកដើមទុនអាជីវកម្ម ដែលក្នុងនោះមានដូចជា ការសន្សំប្រាក់ផ្ទាល់ខ្លួន ឬការចូលហ៊ុនពីដៃគូរកស៊ីជាដើម។

ស្របនិងគំនិតនេះផងដែរ លោក ឌិន សុមេធារិទ្ធ មានសុទិដ្ឋិនិយមថា ការមានគំនិតជំនួញ គឺជារឿងសំខាន់ដែលមិនអាចខ្វះបាន ហើយជាចំណុចចាប់ផ្តើមដែលជំរុញឲ្យអ្នកខិតខំស្វែងរកវិធីសាស្ត្រ ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន ដូចនេះ ប្រសិនអ្នកណាបើអ្នកខ្វះទុន ជាបឋមអ្នកត្រូវខិតខំធ្វើការ ដើម្បីឲ្យមានប្រាក់ខែច្រើន ដើម្បីសន្សំទុកធ្វើជាដើមទុន ពោលគឺត្រូវចាប់ផ្តើមពីខ្លួនឯងជាំមុនតែម្តង។ លោកបានមានប្រសាសន៍ថា ប្រសិនបើអ្នកមិនទាន់អាចធ្វើការឲ្យអ្នកដទៃបានល្អនៅឡើយទេ នោះអ្នកក៏ប្រហែលជាមិនអាចធ្វើថៅកែខ្លួនឯងបានដែរ។

ដោយឡែក លោកឧកញ៉ាលី​ ហួរ វិញ ក៏ធ្លាប់មានប្រសាសន៍ថា ភាពជោគជ័យធំបំផុតរបស់អាជីវកម្មរបស់លោក វាគឺផ្តើមចេញពីគំនិតដែលយើងមាន មិនមែនដោយសារចំនួនហិរញ្ញវ​ត្ថុដែលយើងមានឡើយ។ លោកឧកញ៉ាផ្តើមរកស៊ីត្រឹមមាស់២ជីប៉ុណ្ណោះ តែអ្វីដែលលោកមានគឺលោកមានគំនិតក្នុងការពង្រីកលុយបន្ថែមទៀត ទើបលោកទទួលបានជោគជ័យដូចថ្ងៃនេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

vuthea.businesscambodia@gmail.com

អ្នកសរសេរព័ត៌មានសេដ្ឋកិច្ចជំនាញភាពជាអ្នកដឹកនាំ

Facebook Comment