សេដ្ឋីស្ករស Robert Kuok៖ កុំទម្លាប់ឲ្យលុយកូន តែត្រូវចេះឲ្យគំនិត

June 17, 2017

លោកអ្នកប្រហែលជាធ្លាប់បានស្គាល់សេដ្ឋីស្ករសដ៏ល្បីល្បាញម្នាក់រួចមកហើយ គឺលោក Robert Kuok ដែលជាសេដ្ឋីជាប់ចំណាត់ថ្នាក់លេខ១នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកកើតនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ១៩២៣ នៅក្នុងតំបន់ Johor Bahru នៃប្រទេសម៉ាឡេស៊ី។ នៅពេលធំពេញវ័យឡើង លោកក៏បានរៀបការជាមួយ Ho Poh Lin ដែលក្រោយមកពួកគាត់មានកូន៧នាក់ គឺប្រុស៥ និងស្រី២។ នៅពេលនេះ សូមលោកអ្នកស្តាប់នូវដំបូន្មានរបស់គាត់ក្នុងការអប់រំកូន ដែលបានលើងឡើងថា កុំទម្លាប់ឲ្យលុយកូន តែត្រូវចេះឲ្យគំនិត”

គួរបញ្ជាក់ផងដែរថា រហូតមកដល់ឆ្នាំនេះ លោក Robert Kuok គឺមានអាយុ៩៣ឆ្នាំហើយ ដែលគាត់មានទាំងកូន និងចៅៗក៏ច្រើនណាស់ដែរ។ ដូច្នេះ លោកក៏បានផ្តោតសំខាន់លើការចិញ្ចឹមថែទាំកូន និងចៅៗដោយយកចិត្តទុកដាក់ដើម្បីកុំឲ្យពួកគេដើរផ្លូវខុសនៅក្នុងសង្គម។ គាត់ពិតជាឲ្យតម្លៃខ្លាំងលើការអប់រំទូន្មានកូនៗតាំងពីតូចរហូតដល់ធំអំពីបែបបទនៃការរស់នៅឲ្យបានល្អ និងមានសេចក្តីថ្លៃថ្នូរសម្រាប់ជីវិតពួកគេ។ គាត់បានលើកឡើងថា អ្វីៗនៅលើផែនដីនេះគឺមានផលប៉ះពាល់ដល់មនុស្សខ្លាំងណាស់ បើមិនប្រយ័ត្នទេ វានឹងអូសទាញពួកគេឲ្យដើរក្នុងផ្លូវអាក្រក់ជាមិនខាន។

ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត គឺគាត់បានបង្រៀនកូនៗឲ្យចេះប្រើប្រាស់លុយដែលមាន មិនមែនអាងតែគាត់ជាអ្នកមានស្តុកស្តម មានលុយច្រើន ចេះតែឲ្យកូនតាមការចង់បាននោះទេ។ រាល់ពេលឲ្យលុយកូនម្តងៗ គឺគាត់តែងតែគិតថា តើវាត្រឹមត្រូវដែរឬទេ? តើវាមានផលល្អ ឬអាក្រក់ដែលគាត់ចេះតែឲ្យពួកគេបែបនេះ? គាត់បានរកឃើញថា បើឲ្យលុយកូនគឺចាយបានតែ១ថ្ងៃ តែបើឲ្យគំនិតនឹងអាចចាយបានបីបួនជំនាន់។ ត្រង់ចំនុចនេះ គឺពិតជាល្អខ្លាំងណាស់ ដែលគាត់បានគិតគូរវែងឆ្ងាយសម្រាប់អ្នកជំនាន់ក្រោយដោយប្រុងប្រយ័ត្នបំផុត។ ពេលខ្លះលុយងាយរក តែក៏ងាយបាត់បង់ទៅវិញផងដែរ ដោយសារការគ្រប់គ្រងមិនបានល្អ និងគ្មានគំនិតធ្វើឲ្យវាបានចម្រើនឡើង។

សរុបសេចក្តីមក ការអប់រំកូនឲ្យដើរផ្លូវត្រូវ និងបង្រៀនកូនពីរបៀបចាយវាយគឺពិតជាសំខាន់ខ្លាំងណាស់។ ដូច្នេះ គតិបណ្ឌិតរបស់សេដ្ឋីស្ករសប្រាក់ពាន់លាននេះ គឺមានន័យធំធេងក្នុងការដឹកនាំកូនៗរបស់លោកអ្នកឲ្យជោគជ័យនៅពេលខាងមុខបាន៕

អត្ថបទដោយ៖ សាន សំបូរ

 

Facebook Comment