ហ៊ឹម សារុំ៖ បង្កើតគ្រឹះស្ថានហិរញ្ញវត្ថុ ដោយគ្មានដើមទុន តែពឹងលើជំនាញនិងផែនលើក្រដាសប៉ុណ្ណោះ

June 15, 2017

លោក ហ៊ឹម សារុំ បច្ចុប្បន្នជានាយកប្រតិបត្តិគ្រឹះស្ថានហិរញ្ញវត្ថុ V.PDEC Plc. ធ្លាប់ត្រូវបានគេបដិសេធគម្រោងអាជីវកម្មជាច្រើនលើកច្រើនសារ ទំរាំលោកអាចស្វែងរកបានវិនិយោគិន យល់ព្រមបោះទុន ដើម្បីបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថនេះឡើងបានដូចសព្វថ្ងៃ។

សហគ្រិនឆ្នើមរូបនេះ ធ្លាប់មានបទពិសោធន៍ធ្វើការខាងផ្នែកមីក្រូហិរញ្ញវត្ថុរយៈពេល១០ឆ្នាំ មុនពេលលោកសម្រេចចិត្តលាឈប់ពីការងារ ដើម្បីចាប់ផ្តើមប្រឡូកក្នុងមុខរបរជាអ្នករកស៊ី។

លោកលើកឡើងថា៖ លោកបង្កើតគ្រឹះស្ថានហិរញ្ញវត្ថុ V.PDEC Plc. នេះឡើង ដោយគ្មានដើមទុននោះឡើយ គឺមានតែចំណេះដឹង និងជំនាញក្នុងផ្នែកវិស័យនេះប៉ុណ្ណោះ។ សហគ្រិនរូបនេះ បានព្យាយាមយកគម្រោងអាជីវកម្មដែលលោករៀបចំឡើង ជាមួយនិង បទពិសោធន៍ និងចំណេះដឹងក្នុងវិស័យនេះកន្លងមក ទៅបង្ហាញមនុស្សដែលលោកស្គាល់ តែជាអកុសល គម្រោងអាជីវកម្មរបស់លោកត្រូវបានគេ បដិសេធជាច្រើនកន្លែង រហូតលោកបានជួប និងសហគ្រិនម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុននាំពលករស្របច្បាប់ទៅធ្វើការនៅប្រទេសថៃ។

ក្នុងជំនួបពិភាក្សារយៈពេល៣០នាទីប៉ុណ្ណោះ លោកបានបង្ហាញពីគម្រោងអាជីវកម្មដល់ដៃគូរពាណិជ្ជកម្មរបស់លោក ដោយសារគម្រោងអាជីវកម្ម មានភាពច្បាស់លាស់ និងល្អិតល្អន់ ធ្វើឲ្យសហគ្រិនរូបនោះ យល់ព្រមបោះទុនទាំងស្រុង ឲ្យបើកដំណើរក្រុមហ៊ុននេះឡើង។ លោកបានបញ្ជាក់ថា៖ វាមិនមែនជារឿងងាយនោះទេ ដែលអ្នកអាចបញ្ចុះបញ្ចូលនរណាម្នាក់ ឲ្យគេជឿជាក់យើង ហើយយល់ព្រមបណ្តាក់ទុនរកស៊ី ទាំងគេមិនដែលស្គាល់រូបយើងផងនោះ។

ខណៈពេលបើកអាជីវកម្មដំបូង ក្រុមហ៊ុនរបស់លោកមានតែបុគ្គលិក៩នាក់ ដោយលោកត្រូវបានតែងតាំងជានាយកគ្រប់គ្រងប៉ុណ្ណោះ មិនតែប៉ុណ្ណោះ លោកមិនមានភាគហ៊ុនក្នុងក្រុមហ៊ុន ឬទទួលបានប្រាក់ខែនោះឡើយ ពោលគឺលោកដូចជាអ្នកធ្វើការស័គ្រ្មចិត្តដូច្នោះដែរ។ មានមនុស្សភាគច្រើនជុំវិញលោក ស្តីបន្ទោសរូបលោកថា លោកត្រូវគេបោកប្រើ ក៏ប៉ុន្តែលោកមិនខ្វល់និងសម្តីរបស់គេឡើយ លោកជឿជាក់នូវអ្វីដែលខ្លួនកំពុងតែធ្វើ។

លោក ហ៊ឹម សារុំ មានប្រសាសន៏ផងដែរថា ដោយចង់ប្រែក្លាយក្រុមហ៊ុនឲ្យកាន់តែធំ និងមានប្រតិបត្តិការកាន់តែទូលំទូលាយ លោកបានទាក់ទាញបានភាគហ៊ុននិកបានចំនួនបីនាក់បន្ថែមទៀត ដែលធ្វើឲ្យដើមទុនគ្រឹះស្ថានហិរញ្ញវត្ថុនេះ កើនទុនរហូតដល់ជាង១០ម៉ឺនដុល្លារ។ ក្រោយពីទទួលបានភាពជោគជ័យ ធ្វើឲ្យលោកកាន់តែមានការតាំងចិត្តខ្ពស់ និងជឿជាក់កាន់តែខ្លាំង ក្នុងការបង្កើនដើមទុន ធ្វើឲ្យគ្រឹះស្ថានហិរញ្ញវត្ថុរបស់លោក មានដំណើរការកាន់តែរលូនទៅមុខយ៉ាងឆាប់រហ័ស។

ជាសំណាងល្អ បន្ទាប់ពីលោកអាចទាក់ទាញភាគហ៊ុននិកបន្ថែម និងធ្វើឲ្យទុន V.PDEC Plc. កើនឡើង ហើយរចនាសម្ព័នក៏ត្រូវបានរៀបចំសារជាថ្មី ហើយលោកក៏ត្រូវភាគហ៊ុននិកសម្រេចបោះឆ្នោតសម្រេចជ្រើសរើស លោកជានាយកប្រតិបត្តិ។ មិនតែប៉ុណ្ណោះ លោកត្រូវបានភាគហ៊ុននិក សម្រេច ផ្តល់ជូនលោកជាភាគហ៊ុនលុយសុទ្ធ ឲ្យលោកក្លាយជាភាគហ៊ុននិកនៅក្នុងក្រុមហ៊ុន។

លោកបានផ្តល់ជាបទពិសោធន៍ថា៖ “អាជីវកម្មអាចដំណើរទៅមុខបានល្អ ចាំបាច់ណាស់ត្រូវមានគម្រោងអាជីវកម្មដែលល្អិតល្អន់ និងច្បាស់៕

 

 

Facebook Comment