Suze Orman: តើអ្នកគួរសន្សំលុយប៉ុន្មានសម្រាប់ការទិញផ្ទះនិងពេលចូលនិវត្តន៍?

June 15, 2017

លោកស្រី Suze Ormanគឺជាស្ត្រីជនជាតិអាមេរិកដ៏ល្បីល្បាញមួយរូប។​ លោកស្រីមានអាជីពជាអ្នកនិពន្ធសៀវភៅ, អ្នកផ្តល់ដំបូន្មានផ្នែកហិរញ្ញវត្ថុ, អ្នកនិយាយលើកទឹកចិត្ត, អ្នកជំនួញ និងជាពិធីការិនីស្ថានីយ៍ទូរទស្សន៍ដ៏ឆ្នើមម្នាក់ផងដែរ។

លោកស្រីបានមានប្រសាសន៍ថា ប្រសិនបើអ្នកចង់បានផ្ទះបង់រំលស់ដែលមានតម្លៃទាបមួយ អ្នកជំនាញផ្នែកហិរញ្ញវត្ថុមួយចំនួននឹងនិយាយប្រាប់អ្នកនូវរឿងដដែលៗថា “អ្នកត្រូវ សន្សំប្រាក់យ៉ាងហោចណាស់​ 3 ទៅ 6 ខែមុន នៃថ្លៃជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នក“។

ផ្ទុយទៅវិញ លោកស្រី Suze Orman ដែលជាអ្នកជំនាញហិរញ្ញវត្ថុ បានធ្វើការជំទាស់នឹងមតិយោបល់មួយនេះ។​ លោកស្រីបែរមានគំនិតថា វាជារឿងល្ងង់ខ្លៅណាស់ ដោយលោកស្រីបានពន្យល់ថា ការសន្សំប្រាក់ 3 ទៅ 6 ខែមុនគឺមិនមានសុវត្ថិភាពនោះទេ។​

ឧទាហរណ៍ បើសិនជាអ្នកបាត់បង់ការងារ ហើយមិនអាចរកការងារណាដែលល្អបានក្នុងរយៈពេលពេញមួយឆ្នាំ ដូច្នេះតើនឹងមានអ្វីកើតឡើង? លោកស្រីបានចង្អុលបង្ហាញបន្ថែមទៀតថា ចូរគិតត្រលប់ទៅឆ្នាំ2007ដែលជាពេលវេលាដែលសេដ្ឋកិច្ចប្រទេសមួយចំនួនធំនៅលើពិភពលោកបានធ្លាក់ចុះយ៉ាងដុនដាប មនុស្សជាច្រើនបាត់បង់ការងារ ដោយសារអ្នកវិនិយោគគ្មានប្រាក់ធ្វើអាជីវកម្មបន្ត ពីព្រោះតែទីផ្សារធ្លាក់ចុះ ដែលជាហេតុធ្វើឲ្យមនុស្សមួយភាគធំប្រឈមមុខនឹងបញ្ហាគ្មានការងារ។

អ្នកគ្រាន់តែគិតស្រម៉ៃថា​ តើអ្នកត្រូវប្រើពេលវេលាយូរប៉ុណ្ណា ដើម្បីរកការងារមួយដែលល្អ? តើអ្នកចាំបាច់ត្រូវចំណាយពេលវេលា 3 ខែ រឺក៏ 6ខែ មែនទេ? ម៉្យាងវិញទៀត បើសិនជាអ្នកឈឺថ្កាត់ធ្ងន់ធ្ងរ តើអ្នកគិតថាអ្នកអាចសល់ប្រាក់សន្សំប៉ុន្មាន? ដូចនេះហើយ វាជារឿងប្រសើរបើសិនជាអ្នកសន្សំប្រាក់ឲ្យបានយ៉ាងហោចណាស់ 8 ទៅ 12ខែមុននៃថ្លៃជីវភាពរបស់អ្នក ដើម្បីធានាថាអ្នកមានសុវត្ថិភាពសាច់ប្រាក់។

ជាឧទាហរណ៍បើនៅកម្ពុជាយើង ត្រូវការចំណាយ ២០០ដុល្លារក្នុង១ខែសម្រាប់ ចាយវាយប្រចាំថ្ងៃ ដូចនេះ អ្នកត្រូវមានលុយយ៉ាងហោចណាស់ ១៦០០ដុល្លារដែរ ជាប្រាក់សន្សំដែលមានសម្រាប់ចាយពេលមានបញ្ហា។ ពោលពេលទិញផ្ទះបង់រំលោះ ពេលខ្លះ អ្នកជួលមិនបាន ឬសេដ្ឋកិច្ចមានបញ្ហា ធ្វើឲ្យអ្នកបាត់បង់ប្រាក់ខែ នោះប្រាក់ សន្សំនោះនឹងអាចជួយអ្នកបាន។

បន្ថែមលើនេះទៅទៀត អ្នកក៏គប្បីទុកដាក់ប្រាក់សន្សំរបស់អ្នកនៅក្នុងធនាគារឲ្យបានត្រឹមត្រូវ ធ្វើដូច្នេះអ្នកនឹងអាចទទួលបានការប្រាក់ដែលជាអត្ថប្រយោជន៍បន្ថែម។ នេះជាការវិនិយោគឆ្លាតវៃដែលចាប់ផ្តើមពីចំណុចតូច បន្ទាប់មកនៅពេលអ្នកមានប្រាក់ច្រើនគួរសម​ សឹមអ្នកធ្វើការវិនិយោគជំនួញផ្សេងៗ។ ការធ្វើដូច្នេះ ទីបំផុតអ្នកនឹងអាចទទួលបានផ្ទះនិងប្រាក់សន្សំចូលនិវត្តន៍ដែលមានលក្ខណៈសុវត្ថិភាព។

អត្ថបទដោយ៖ Chhoyyi

Facebook Comment

Related Articles