តម្លៃគិតពន្ធលើអចលនទ្រព្យដែលកម្ពុជាកំពុងអនុវត្តន៍

June 15, 2017

ពន្ធលើអចលនទ្រព្យ គោលបំណងវិចារណភាវូបនីយកម្មក្នុងការប្រើប្រាស់ដី និងដើម្បីជាប្រយោជន៍ដល់ថវិការដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រូវបង្កើតពន្ធលើអចលនទ្រព្យស្ថិតនៅក្នុងភូមិសាស្រ្តរដ្ឋបាលរាជធានី និងខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ពន្ធដែល ត្រូវប្រមូលពីអចលនទ្រព្យនេះតម្រូវតែលើអចលនទ្រព្យដែលមានតម្លៃលើសពី ១០០,០០០,០០០(មួយរយលាន) រៀល។

គោលដៅនៃការកំណត់ពន្ធនេះ សំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នឹង ដីនោះ។ ពន្ធនេះត្រូវប្រមូលប្រចាំឆ្នាំតាមអត្រា ០,១% (សូន្យក្បៀសមួយភាគរយ) លើតម្លៃអចលនទ្រព្យ។ មូលដ្ឋានគិតពន្ធ គឺជាតម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសង់ភ្ជាប់នឹងដីនោះ ដោយកាត់បន្ថយនូវទឹកប្រាក់ចំនួន ១០០,០០០,០០០ (មួយរយលាន) រៀល។

សម្រាប់តម្លៃ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភ្ជាប់នឹងដីនោះ ត្រូវកំណត់តាមតម្លៃទីផ្សារដោយ គណកម្មាការវាយតម្លៃអចលនទ្រព្យដែរបង្កើតដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ពន្ធលើដីធ្លីដែលមិនទាន់ប្រើប្រាស់ ពន្ធនេះកំណត់លើដីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំង ឡាយដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់។ ពន្ធដីធ្លីលើដីមិនបានប្រើប្រាស់ត្រូវបង់ដោយកម្មសិទ្ធិករ។

ម្យ៉ាងវិញ​ទៀត មូលដ្ឋានកំណត់ពន្ធគឺជាថ្លៃដីគិតតាមថ្លៃទីផ្សារតាមទីក្រុង និងតាមតំបន់នីមួយៗដែលវាយតម្លៃទៅតាមតម្លៃគិត ក្នុងមួយម៉ែត្រក្រឡាកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់យ៉ាងយឺតបំផុត នៅថ្ងៃទី៣០ ខែមិថុនា នៃឆ្នាំប្រមូលពន្ធ។ ពន្ធនេះត្រូវកំណត់តាមអត្រា ២% លើមូលដ្ឋានកំណត់ពន្ធដែលបានចែងក្នុងមាត្រា ៣០។ កម្មសិទ្ធិករនៃដីធ្លីជាប់ពន្ធមានភារកិច្ចត្រូវគណនាប្រាក់ពន្ធតាមគំរូលិខិតប្រកាសផ្តល់ដោយអង្គការពន្ធ និងត្រូវបង់ យ៉ាងយឺតបំផុតនៅថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំនីមួយៗជូនទៅផ្នែកពន្ធនៅកន្លែងដែលដីធ្លីជាប់ពន្ធស្ថិតនៅ។ ដីធ្លីជាប់ពន្ធ នីមួយៗត្រូវធ្វើលិខិតប្រកាស ០១ច្បាប់៕

អត្ថបទដោយ៖ រដ្ឋា

Facebook Comment