Yang HuiYan៖ មហាសេដ្ឋីនីអចលនទ្រព្យវ័យក្មេងរបស់អាស៊ី

June 14, 2017

ពីមួយថ្ងៃទៅមួយថ្ងៃ ចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ កើនឡើងជារៀងរាល់ថ្ងៃ បើគិតមកដល់ឆ្នាំ២០១៧នេះ ចំនួនមហាសេដ្ឋីប្រាក់ពាន់លានដុល្លារមានចំនួន ២,០៤៣នាក់ គឺមានចំនួនកើនឡើងជាង២០០នាក់បើប្រៀបធៀបនិងឆ្នាំ២០១៦។

ពាណិជ្ជកម្មកម្ពុជាសូមធ្វើការណែនាំសេដ្ឋីនីផ្នែកអចលនទ្រព្យវ័យក្មេងរបស់អាស៊ីម្នាក់មកពីប្រទេសចិន៖

លោកស្រី Yang HuiYan សញ្ជាតិចិន មានវ័យ៣៦ឆ្នាំ ចាប់ផ្តើមស្រលាញ់ និងចាប់អារម្មណ៍ការរកស៊ីលើវិស័យអចលនទ្រព្យតាំងតែពីលោកស្រីនៅក្មេងមកម៉្លេះ។ លោកស្រីត្រូវបានចាត់ទុកជាមហាសេដ្ឋីអចលនទ្រព្យវ័យក្មេងម្នាក់ និងជាមហាសេដ្ឋីនីមានជាងគេបំផុតម្នាក់នៅអាស៊ី។ មិនតែប៉ុណ្ណោះ លោកស្រីក៏ត្រូវបានគេចាត់ទុកក្នុងបញ្ជីមហាសេដ្ឋីនីរបស់ពិភពលោកអាយុក្រោម៤០ឆ្នាំផងដែរ។

បច្ចុប្បន្ននេះ លោកស្រីជាម្ចាស់ភាគហ៊ុនធំនៃក្រុមហ៊ុនអចលទ្រព្យ Country Garden នៅប្រទេសចិន ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ធំលំដាប់កំពូលមួយនៅតំបន់អាស៊ី។ គិតមកត្រឹមឆ្នាំ២០១៧នេះ លោកស្រីមានទ្រព្យប្រមាណ ៦.៩ពាន់លានដុល្លាអាមេរិក ដែលរកបានពីការវិនិយោគលើអចលនទ្រព្យ។

តើលោកស្រីក្លាយជាមហាសេដ្ឋីនីអចលនទ្រព្យដោយរបៀបណា?

តាមពិតទៅ លោកស្រី Yang HuiYan ជាកូនស្រីសំណព្វចិត្តរបស់លោក Yang GuoQiang ជាមហាសេដ្ឋីអចលនទ្រព្យម្នាក់នៅប្រទេសចិន ដែលបានបង្កើតក្រុមហ៊ុនអចលនទ្រព្យ Country Garden Group នៅក្នុងឆ្នាំ១៩៩៦ ក្នុងខេត្ត GuangDong ប្រទេសចិន។ កាលពីឆ្នាំ២០០៧ លោកសម្រេចចិត្តចូលនិវត្តន៍ ហើយដោយឃើញកូនស្រីរបស់លោកមានចំណង់ចំណូលចិត្ត និងសមត្ថភាពក្នុងវិស័យអចលនទ្រព្យដូចរូបលោក ដូច្នេះលោកក៏ផ្ទេរក្រុមហ៊ុន Country Garden Group ទៅឲ្យ លោកស្រី Yang HuiYan ដែលជាកូនស្រីរបស់លោកឲ្យកាន់តំណែងជំនួស។

អំឡុងការកាន់កាប់ក្រុមហ៊ុនបន្តពីឪពុក លោកស្រីបានក្លាយជាម្ចាស់ភាគហ៊ុនធំ ៧០ភាគរយនៃភាគហ៊ុនសរុប។ បន្ទាប់ពីទទួលកិច្ចការដែលឪពុកផ្ទេរឲ្យរួចមក លោកស្រីបានខិតខំធ្វើការងារបានយ៉ាងល្អទៅតាមការផ្តែផ្តាំរបស់ឪពុករបស់ខ្លួន។ មិនតែប៉ុណ្ណោះ លោកស្រីក៏បានពង្រឹកសក្តានុពលនៃក្រុមហ៊ុនដោយបានបោះផ្សាយលក់ភាគហ៊ុននៅលើទីផ្សារហ៊ុន ដើម្បីបង្កើនទុនវិនិយោគបន្ថែមទៀត។

 

អត្ថបទដោយ៖ Vuthea

Facebook Comment