អាកាសចរណ៍ Vietjet នឹងធ្វើការបង់ភាគលាភជាសាច់ប្រាក់ និងជាភាគហ៊ុនក្នុងអត្រា ៦០%

June 13, 2017

ទីក្រុងហូជីមិញ៖​ ថ្ងៃទី​ ១២ ខែ​មិថុនា​ ឆ្នាំ​ ២០១៧ ដោយ​ផ្អែក​លើ​លទ្ធផល​អាជីវកម្ម​នៅ​ក្នុង​របាយការណ៍​ហិរញ្ញវត្ថុ​សម្រាប់​ត្រីមាសទី​មួយ​នៃ​ឆ្នាំ​ ២០១៧​ ក្រុម​ប្រឹក្សា​ភិបាលរបស់ក្រុ​ម​ហ៊ុន​អាកាសចរណ៍​ Vietjet (HOSE Code: VJC) បាន​ប្រកាស​ជំរុញ​ភាគ​លាភ​សម្រាប់​ឆ្នាំ​ ២០១៧ នៅ​ដំណាក់​កាល​ដំបូង​ក្នុង​អត្រា​ ២០%​ ក្នុង​ទម្រង់​ជា​សាច់​ប្រាក់។​ កាល​បរិច្ឆេទកំណត់​​​បញ្ជី​ម្ចាស់​ភាគហ៊ុន​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ខែ​កក្កដា​ ឆ្នាំ​២០១៧។​

ជាមួយ​គ្នា​នេះដែរ ​បើ​យោង​តាម​ផែនការ​ចេញ​ប្រកាស​ដែល​បាន​អនុម័ត​នៅ​ឯកិច្ច​ប្រជុំ​ភាគ​ហ៊ុន​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​នៅ​ឆ្នាំ​ ២០១៦​ និង​ផ្អែក​តាម​របាយ​ការណ៍​សវនកម្មរបស់​ KPMG សម្រាប់​​ត្រីមាស​​ដំបូង​នៃ​ឆ្នាំ​ ២០១៧ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet បាន​យល់​ព្រម​ផ្តល់ភាគ​ហ៊ុន​បន្ថែម​ទៅ​កាន់​ម្ចាស់​ភាគ​ហ៊ុន​ក្នុង​អត្រា​​ ១០០:៤០ (ជា​ការ​ផ្តល់​ភាគ​ហ៊ុន​​ ៤០ ហ៊ុនបន្ថែម​ពីលើ​ភាគ​ហ៊ុន​កម្មសិទ្ធ​ ១០០ ហ៊ុន​របស់​ម្ចាស់​ភាគ​ហ៊ុន​ម្នាក់​ៗ)។ ​​កាល​បរិច្ឆេទ​បញ្ជាក់​បញ្ជី​ឈ្មោះ​ភាគហ៊ុនិក​នឹង​ធ្វើ​ឡើង​ក្នុង​អំឡុង​ពេល​ខែ​កក្កដា​ ឆ្នាំ​ ២០១៧ បន្ទាប់​ពី​មានការ​អនុម័ត​ពីគណៈកម្មការ​មូលបត្រជាតិ​ប្រទេសវៀតណាម​ គឺក្នុង​ថ្ងៃតែមួយ​នៃកាល​បរិច្ឆេទចែក​ភាគ​លាភ​ជា​សាច់​ប្រាក់​។​

ដូច្នេះហើយ​ ភាគហ៊ុនិក​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ VietJet នឹង​ទទួល​បាន​ភាគ​លាភ​ជា​សាច់​ប្រាក់​ចំនួន​ ២០% និង​ភាគ​ហ៊ុន​បន្ថែម​ចំនួន​ ៤០% សរុប​ចំនួន​ ៦០%។​

កាល​ពី​ថ្ងៃទី​ ១០ ខែ​ឧសភា​ ក្រុម​ហ៊ុន​អាកាសចរណ៍​ Vietjet បានធ្វើ​ការ​បញ្ចប់​បញ្ជី​ឈ្មោះ​ម្ចាស់​ភាគ​ហ៊ុនដែល​ទទួល​បានភាគ​លាភ​ជា​សាច់​ប្រាក់​សម្រាប់​ឆ្នាំ​ ២០១៦។ ដូច្នេះ​បន្ទាប់​ពី​ធ្វើ​ការ​បែង​ចែក​ភាគ​លាភ​ជា​ភាគ​ហ៊ុន​បន្ថែម​ ៤០% ម្ចាស់​ភាគហ៊ុន​ដែល​ទទួល​បាន​ភាគលាភជាភាគ​​ហ៊ុន​ និងជា​សាច់​ប្រាក់​រួច​រាល់ក្នុង​អត្រា​ ១១៩%​ សម្រាប់​ឆ្នាំ ២០១៦ នឹង​បន្តទទួល​បាន​ភាគ​លាភ​ជាមុន​សម្រាប់​ឆ្នាំ​ ២០១៧៕

 

Facebook Comment